ឯកឧត្តមផៃ ស៊ីផាន បានលើកឡើងថា កម្ពុជាជារដ្ឋឯករាជ្យ ប្រកបដោយអធិបតេយ្យភាពពេញលេញ


ភ្នំពេញ ៖ រាជរដ្ឋាភិបាល បានស្វាគមន៍ ចំពោះការធ្វើមាតុភូមិនិវត្តន៍ របស់លោក សម រង្ស៊ី ដែលមកឆ្លើយតប នឹងកាតព្វកិច្ចយុត្តិធម៌ ចំពោះមុខតុលាការ ដែលប្រជាពលរដ្ឋ ក្នុងសង្គមទំនើប និងស៊ីវិល័យ តែងតែអនុវត្តនូវកាតព្វកិច្ចនេះ ។ នេះជាការលើកឡើង របស់ឯកឧត្តមផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩។

ឯកឧត្តមបានលើកឡើងទៀតថា កម្ពុជាជារដ្ឋឯករាជ្យ ប្រកបដោយអធិបតេយ្យភាព ពេញលេញ ។ ពលរដ្ឋបានជ្រើសរើស នូវការទទួលខុសត្រូវជោគវាសនារបស់ខ្លួនមានចំនួន៦អាណត្តិរួចមកហើយ ប្រកបដោយនីតិរដ្ឋដែលមានស្ថាប័នប្រជាធិបតេយ្យបីគឺ នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងអំណាចតុលាការ កំពុងដំណើរការប្រកប ដោយថាមពល និងទទួលខុសត្រូវ ក្នុងដែនអំណាចរបស់ខ្លួន ដាច់ដោយឡែកពីគ្នា ហើយមិនមានអំណាច ឬឥទ្ធិពល ពីជន ឬក្រុម និងបរទេសណាមួយជ្រៀតជ្រែកក្នុងដែនសមត្ថកិច្ចនេះបានឡើយ ។

ឯកឧត្តមថា បរទេសទាំងអស់នៅលើលោកនេះ គឺជាដៃគូរ នៃកិច្ចសហប្រតិបត្តិការ ក្នុងកិច្ចគោរពផលប្រយោជន៍ស្មើមុខស្មើមាត់គ្នាតែប៉ុណ្ណោះ ។ សន្តិភាព ស្ថិរភាព គឺជាអាទិភាពជាចម្បង នូវមូលដ្ឋានគ្រឹះ នៃកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល ឆ្លើយតបទៅនឹងសំណូមពរ របស់ម្ចាស់ឆ្នោត។

ការលើកឡើងនេះ ស្របពេលដែលលោក ហូរ វ៉ាន់ អតីតមន្រ្តីគណបក្សសង្រ្គោះជាតិ បានលើកឡើថា តើចាំបាច់ចេញដីកាកោះហៅ លោក សម រង្ស៊ីធ្វើអ្វី បើលោកសម រង្ស៊ីនៅប្រទេសបារាំង ហើយថា បើចង់ប្តឹងគួរប្តឹងទៅតុលាការបារាំងល្អជាង។

ឯកឧត្តមបន្តថា “ដីកាអ្វីទៅមិនដឹងសាកសួរពីបទអ្វីទេ ហើយឲ្យចូលខ្លួនយ៉ាងម៉េចទៅ? បើដឹងទាំងអស់គ្នាថា គាត់( សម រង្ស៊ី) នៅស្រុកបារាំង ម៉េចក៏មិនប្ដឹងតុលាការបារាំង? ខ្លាចអី? ឬអាងតែមានតុលាការអាយ៉ង ចាំតែចេញដីកាចាប់បក្សប្រឆាំងយកទៅដាក់គុក?”៕