អភិបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំស្តីពីសំណង់អគារចំនួន ២ ដែលស្រុត ប្រេះស្រាំ និងទ្រេត នៅក្នុងក្រុងព្រះសីហនុ


រសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំជាមួយម្ចាស់សំណង់អគារ និងម្ចាស់ដី ចំនួន០២ ក្នុងក្រុងព្រះសីហនុ ក្នុងនោះសំណង់របស់លោក ZHU FUBING មានទីតាំងស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ (សំណង់អគារ ស្រុត និងប្រេះស្រាំ) និងសំណង់របស់លោក MA SHUNDI ស្ថិតនៅភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ សំណង់អគារមានសភាពទ្រេត ។

ឯកឧត្តម គួច ចំរើន មានប្រសាសន៍ថា តាមមន្ត្រីបច្ចេកទេស នៃក្រសួងដែនដី នគរូបនីយកម្ម និងសំណង់បានធ្វើការសិក្សា វាយតម្លៃផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ មិនអាចឱ្យដំណើរការសាងសង់ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសំណង់អគារពីរខាងលើ និងបានសំណូមពរឱ្យម្ចាស់អគារទាំងពីរខាងលើអនុវត្តន៍តាមការជូនដំណឹងរបស់មន្ត្រីជំនាញ ព្រោះវាអាចបង្កហានីភ័យដល់ប្រជាពលរដ្ឋ ក៏ដូចជាបុគ្គលិកបម្រើការងារនៅក្នុងអគារនេះផងដែរ  ។

ក្រោយពីបានស្តាប់ការបកស្រាយពីអភិបាលខេត្តរួចមក លោក ZHU FUBING ម្ចាស់សំណង់អគារ មានទីតាំងស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ (សំណង់ផ្នែកអគារខាងឆ្វេងសភាពស្រុតប្រវែង ១១៧មីលីម៉ែត្រ និងផ្នែកខាងស្តាំស្រុតប្រវែង ៩០មីលីម៉ែត្រ ហើយមានសភាពប្រេះស្រាំផងដែរ) ។ ថ្មីៗនេះរដ្ឋបាលខេត្តបានចេញលិខិតឱ្យជម្លៀសមនុស្សចេញ និងធ្វើការរុះរើសំណង់នេះជាបន្ទាន់ ។ លោក ZHU FUBING ម្ចាស់សំណង់បានយល់ព្រមរុះរើ តាមការណែនាំរបស់រដ្ឋបាលខេត្ត ក៏ប៉ុន្តែស្នើសុំរដ្ឋបាលខេត្តជួយសិក្សាផ្នែកបច្ចេកទេស និងលិខិតអនុញ្ញាតសាងសង់ឡើងវិញ និងសុំពន្យាកិច្ចសន្យា តម្លៃនៃការជួលដី ។ ដោយឡែកសំណង់លោក MA SHUNDI ស្ថិតនៅភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ សំណង់អគារមានសភាពទ្រេត រដ្ឋបាលខេត្តបានចេញលិខិតឱ្យជម្លៀសមនុស្សចេញ និងរុះរើសំណង់ជាបន្ទាន់ ។ ព្រោះសំណង់នេះមន្ត្រីផ្នែកបច្ចេកទេស នៃក្រសួងដែនដី បានពិនិត្យឃើញថា សំណង់មានហានិភ័យសភាពទ្រេតជាខ្លាំង ត្រូវធ្វើការរុះរើចេញ ។ ម្ចាស់សំណង់ក៏បានឯកភាព ក៏ប៉ុន្តែស្នើសុំឱ្យរដ្ឋបាលខេត្តជួយសម្របសម្រួលជាមួយម្ចាស់ដី តម្លៃជួលក្នុងការរុះរើ និងសុំជួយសម្រួលច្បាប់សាងសង់ឡើងវិញ ។

កិច្ចប្រជុំបានឯកភាពតាមសំណើររបស់រដ្ឋបាលខេត្ត ដោយម្ចាស់សំណង់អគារទាំងពីរខាងលើបានឯកភាពតាមការស្នើសុំឱ្យរុះរើ របស់រដ្ឋបាលខេត្តព្រះសីហនុ ហើយម្ចាស់ដីទាំងពីរក៏បានឯកភាពបន្ថែមកិច្ចសន្យា មិនគិតថ្លៃឈ្នួលរយះពេលរុះរើ និងធ្វើការសាងសង់ឡើងវិញ តាមការស្នើសុំរបស់ម្ចាស់សំណង់ផងដែរ ៕