ឯកឧត្តម អ៊ាង សុផល្លែត បានជួបប្រជុំទ្វេរភាគី ជាមួយលោក Mr. Javier Manzanares អនុប្រធានមូលនិធិអាកាសធាតុបៃតង( GCF)


នៅថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែសីហាឆ្នាំ ២០១៩ នេះ ក្នុងឱកាសចូលរួមសន្និសិទ ស្តីពីកម្មវិធីសកល នៃមូលនិធិអាកាសធាតុបៃតង នៅ សាធារណរដ្ឋកូរ៉េ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន និងសហការី បានជួបប្រជុំទ្វេរភាគី ជាមួយលោក Mr. Javier Manzanares អនុប្រធានមូលនិធិអាកាសធាតុបៃតង( GCF) ដើម្បីពិភាក្សាលើគម្រោងអាទិភាព និងកម្មវិធីសម្រាប់ GCF។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់អំពីគម្រោងអាទិភាពសម្រាប់កម្ពុជា រួមមាន៖ រួមមាន (១) គម្រោងត្រៀម ស្តីពីការរៀបចំផែនការជាតិបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ (២) គម្រោងត្រៀម ស្តីពីការលើកកំពស់ការទទួលបានហិរញ្ញវត្ថុបៃតងនៅកម្ពុជា (៣) គម្រោងត្រៀម ស្តីពីការលើកកំពស់ចរាចរបៃតង តាមរយៈការប្រើប្រាស់ម៉ូតូអគ្គិសនីនៅកម្ពុជា (៤) គម្រោងភាពជាដៃគូរ ជាមួយវិស័យឯកជន សម្រាប់វិស័យកសិកម្មបរិស្ថាន និងជីវភាពធន់នឹងអាកាសធាតុ នៅតំបន់ខាងជើងបឹងទន្លេសាប (៥) គម្រោងប្រែប្រួលអាកាសធាតុ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ជាមួយនេះដែរ ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងនូវគំនិតផ្តួចផ្តើមចំនួន០២ សម្រាប់ការគ្រប់គ្រងកាកសំណល់ និង ការកាត់បន្ថយការប្រើប្រាស់បំពង់បឺតផ្លាស្ទិច ដោយជំនួសរុក្ខជាតិក្នុងស្រុក។

លោក Mr. Javier Manzanares អនុប្រធានមូលនិធិអាកាសធាតុបៃតង លើកទឹកចិត្តដល់កម្ពុជា ក្នុងការរៀបចំកម្មវិធីជាតិសម្រាប់ GCF និងទទួលបានមូលនិធិផ្ទាល់ តាមរយៈស្ថាប័នទទួលសិទ្ធអនុវត្តគម្រោង។