ឯកឧត្តម ពេជ្រ វាសនា បានដឹកនាំកិច្ចប្រជុំលើកដំបូងស្តីពីគម្រោងសិក្សាស្រាវជ្រាវរួមគ្នារវាងក្រសួងធនធានទឹក និងឧតុនិយម ជាមួយនឹងសាកលវិទ្យាល័យ Okayama ប្រទេសជប៉ុន


នៅព្រឹកថ្ងៃព្រហស្បត៍ ៧រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័កព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ ២០១៩ ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចប្រជុំលើកដំបូងស្តីពីគម្រោងសិក្សាស្រាវជ្រាវរួមគ្នារវាងក្រសួងធនធានទឹក និងឧតុនិយម ជាមួយនឹងសាកលវិទ្យាល័យ Okayama ប្រទេសជប៉ុន លើប្រធានបទ “ការព្យាករណ៍លើបរិមាណទឹកភ្លៀង និងធារទឹកទន្លេតាមរយៈកម្មវិធី Land-data Assimilation” (Prediction of Precipitation and streamflow by land-data Assimilation)។

នៅក្នុងកិច្ចប្រជុំភាគីទាំងពីរបានពិភាក្សាលើទំហំការងារលម្អិត រយៈពេលសិក្សាស្រាវជ្រាវ និងយន្តការសម្រាប់អនុវត្តការសិក្សាស្រាវជ្រាវរួមគ្នា។ តំណាងសាកលវិទ្យាល័យ Okayama បានសំណូមពរដល់ក្រសួងធនធានទឹក និងឧតុនិយមអោយជួយជ្រើសរើសស្ទឹងមួយចំនួនសម្រាប់ការសិក្សាស្រាវជ្រាវ។

ឯកឧត្តម ពេជ្រ វាសនា បានទទួលយកនូវសំណូមពររបស់ សាកលវិទ្យាល័យ Okayama និងបានស្នើសុំទៅសាកលវិទ្យាល័យ Okayama អោយរៀបចំទំហំការងារ និងប្រតិទិនការងារសម្រាប់ការសិក្សាស្រាវជ្រាវ ដើម្បីក្រសួងរៀបចំក្រុមការងារបច្ចេកទេសត្រៀមសហការនាពេលខាងមុខ។

តំណាងសាកលវិទ្យាល័យ OKAYAMA បានទទួលយកសំណូមពររបស់ ឯកឧត្តមអនុរដ្ឋលេខាធិការ នឹងរៀបចំជូនក្រោយ ពេលត្រលប់ទៅប្រទេសជប៉ុនវិញ។