ឯកឧត្តម រ័ត្ន សុវណ្ណនរៈ អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយពីការអនុវត្តគោលការណ៍ណែនាំស្តីពី ការគ្រប់គ្រងហានិភ័យព័ត៌មានវិទ្យា


នាព្រឹកថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយពីការអនុវត្តគោលការណ៍ណែនាំស្តីពី “ការគ្រប់គ្រងហានិភ័យព័ត៌មានវិទ្យា” ដែលមានការចូលរួមពីមន្ត្រី-បុគ្គលិកធនាគារជាតិនៃកម្ពុជា គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ សរុបប្រមាណជាង ៤០០នាក់។ សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយនូវខ្លឹមសារនៃគោលការណ៍ណែនាំអំពីការគ្រប់គ្រងហានិភ័យព័ត៌មានវិទ្យាដែលជាផ្នែកមួយដ៏មានសារៈសំខាន់ក្នុងសកម្មភាពអាជីវកម្មរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បីការពារនិងរក្សាសុវត្ថិភាពទិន្នន័យក្នុងប្រព័ន្ធធនាគារទាំងមូល។