សម្តេចតេជោ ហ៊ុន សែន អបអរសាទរកីឡាករតៃក្វាន់ដូ ប៉ាល់ ជីវ័ន្ត ដណ្តើមបានមេដាយមាស កម្រិតពិភពលោក


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅរសៀលថ្ងៃនេះ បានសម្តែងការអបអរសាទរ ចំពោះកីឡាករតៃក្វាន់ដូ ប៉ាល់ ជីវ័ន្ត ដែលប្រកួតដណ្តើមបានមេដាយមាសពីការប្រកួតកីឡាតេខ្វាន់ដូ កម្រិតអន្តរជាតិ (ITF) លើកទី២១ នៅប្រទេសប៊ុលហ្គារី។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នេះជាមោទនភាពថ្មីមួយទៀត ដែលកូនខ្មែរបានដណ្តើមយកមេដាយមាសកម្រិតពិភពលោកជូនដល់ជាតិមាតុភូមិ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់លើយ៉ាងដូច្នេះថា «សូមអបអរសាទរដល់កីឡាករតៃក្វាន់ដូកម្ពុជា កីឡាករ ប៉ាល់ ជីវ័ន្ត ដែលបានទទួលបានមេដាយមាសកម្រិតពិភពលោកពីការប្រកួត 21st ITF (Taekwon-Do World Championship)​ 2019 (International Taekwon-Do Federation) នៅទីក្រុង Plovdiv ប្រទេសប៊ុលហ្គារី (Bulgaria) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤ ខែសីហា ដល់ ថ្ងៃទី៣០ ខែ សីហា ឆ្នាំ ២០១៩។ នេះគឺជាមោទនភាពថ្មីមួយទៀតដែលកូនខ្មែរបានដណ្តើមយកមេដាយមាសកម្រិតពិភពលោកជូនដល់ជាតិមាតុភូមិ»

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានស្នើកីឡាករ កីឡាការនីកម្ពុជា ព្យាយាមហ្វឹកហាត់បន្ថែម ដើម្បីឆ្ពោះទៅរកភាពជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម (SEA​ GAME) ក្នុងឆ្នាំ២០២៣។

ឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍ និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ដែលត្រូវបានអង្គសមាជតេក្វាន់ដូនៅប្រទេសប៊ុលហ្គារី ជ្រើសតាំងជាអនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូអន្តរជាតិ (ITF) បានប្រាប់អង្គភាព កាលពីថ្ងៃយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ពីប្រទេសប៊ុលហ្គារីថា លោក ប៉ាល់ ជីវ័ន្ត ដណ្តើមបានមេដាយពីការប្រកួតនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩នេះ។

ឯកឧត្តម កែវ រ៉េមី បានលើកឡើថា នេះជាការដណ្តើមបានមេដាយមាសលើកដំបូងហើយសម្រាប់ កីឡាតេក្វាន់ដូរបស់កម្ពុជា។ ឯកឧត្តមចាត់ទុកការដណ្តើមបានមេដាយមាសកម្រិតពិភពលោកនេះ គឺជាជោគជ័យដ៏មោទនភាពមួយសម្រាប់កីឡាតេក្វាន់ដូកម្ពុជា។

សូមបញ្ជាក់ថា ការប្រកួតកីឡាតេក្វាន់ដូ ITF នៅប្រទេសប៊ុលហ្គារី ជាព្រឹត្តិការណ៍ពិភពលោក (World ITF Taekwon-do Championship)មួយ ដែលចាប់ផ្តើមពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩។ ការប្រកួតនេះ មានកីឡាករ កីឡាការិនី មកពីបណ្ដាប្រទេសចំនួន៧៤ អត្តពលិកតេក្វាន់ដូចូលរួមសរុប ១,៤១២នាក់ ក្នុងអត្តពលិកប្រកួតមានចំនួន ៩៧១នាក់។ ដោយឡែកកីឡាករជម្រើសជាតិចំនួន ១៧នាក់ (ស្រី២នាក់) បានចូលរួមក្នុងព្រឹត្តិការណ៍ពិភពលោកនេះ៕