សិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំផែនការសកម្មភាពប្រចាំឆ្នាំទី២ របស់គម្រោង ព្រៃឡង់បៃតង


នៅព្រឹកថ្ងៃអង្គារ ១២រោចខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការ តំណាង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំផែនការសកម្មភាពប្រចាំឆ្នាំទី២ របស់គម្រោង USAID ព្រៃឡង់បៃតង ដែលបានព្រមព្រៀងអនុវត្តគម្រោងរវាងក្រសួងបរិស្ថាន និងTetra Tech ARD សំដៅធានាបាននូវការសម្របសម្រួល និងការបន្ស៊ីគ្នានៃសកម្មភាពរបស់គម្រោង USAID ព្រៃឡង់បៃតង និង សកម្មភាពរបស់ក្រសួងបរិស្ថាន សម្រាប់រយៈពេល៥ឆ្នាំ (ចាប់ពីខែសីហា ឆ្នាំ២០១៨-ខែសីហា ឆ្នាំ២០២៣) ដែលមានថវិកាសរុបចំនួន២១,១២៨,៩៨៦ ដុល្លាអាមេរិក ឧបត្ថម្ភគាំទ្រដោយអង្គការ USAID ហើយផែនការសកម្មភាពប្រចាំឆ្នាំទី២ ដែលនឹងត្រូវចាប់ផ្តើមនៅខែតុលា ឆ្នាំ២០១៩ នេះមានគោលបំណង៣ សំខាន់គឺ៖
១-នឹងធ្វើឱ្យប្រសើរឡើងនូវការអភិរក្សជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី នៅតំបន់ព្រៃឡង់
២-បង្កើនឱកាសផ្នែកសេដ្ឋកិច្ចប្រកបដោយនិរន្តភាព និងសមភាព ជីវភាពសហគមន៍ និងការវិនិយោគទុនឡើងវិញលើធនធានធម្មជាតិ។
៣-ពង្រឹងប្រសិទ្ធភាពលើការងារអភិបាលកិច្ចតំបន់ព្រៃឡង់ និងតំបន់ជុំវិញ

គួរបញ្ជាក់ថា សិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំផែនការសកម្មភាពប្រចាំឆ្នាំទី២ របស់គម្រោង USAID ព្រៃឡង់បៃតងមានការចូលរួមផ្តល់ធាតុចូលពី អភិបាលរងនៃគណៈអភិបាលខេត្តទាំងបួន ស្ទឹងត្រែង ព្រះវិហារ ក្រចេះ និងខេត្តកំពង់ធំ អគ្គនាយកនៃអគ្គនាយកដ្ឋាន សហគមន៍ មូលដ្ឋាន តំណាងអគ្គនាយកដ្ឋានរដ្ឋបាលការពារ និង អភិរក្សធម្មជាតិ តំណាងអគ្គនាយកដ្ឋានចំណេះដឹង និងពត៌មានបរិស្ថាន នាយកដ្ឋានអធិការកិច្ច និង ពង្រឹងការអនុវត្តច្បាប់ នាយកដ្ឋាន ផ្នែកសេវាពត៌មាន ភូមិសាស្រ្ត នាយកដ្ឋាន ជីវភាពសហគមន៍នៃអគ្គនាយកដ្ឋាន សហគមន៍ មូលដ្ឋាន នាយកដ្ឋានទេសចរណ៍ធម្មជាតិនៃអគ្គនាយកដ្ឋាន សហគមន៍ មូលដ្ឋាន មន្ទីរបរិស្ថាន និងប្រធានដែនជម្រក នៃខេត្តកំពង់ធំ ក្រចេះ ស្ទឹងត្រែង និងព្រះវិហារ
– តំណាងអង្គការ CI ,WCS ,តំណាង USAID ក្រុមការងាររបស់គម្រោង USAID ព្រៃឡង់បៃតងផងដែរ។