ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយខ្លឹមសារនៃសន្និបាតគណៈកម្នាធិការកណ្តាលលើកទី៤០ អាណត្តិទី៥


នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ នាទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារនៃសន្និបាតគណៈកម្នាធិការកណ្តាលគណបក្សលើកទី៤០ អាណត្តិទី៥ ជូនដល់សមាជិក សមាជិកាបក្សក្នុងខេត្តប៉ៃលិន ក្រោមអធិបតីភាព​ឯកឧត្តម អ៊ី ឈាន ប្រធាន​ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តប៉ៃលិន ដោយអង្គពិធីមានការអញ្ជើញចូលរួមពីគណបក្សខេត្ត ក្រុមការងារគ្រប់ថ្នាក់ចុះពង្រឹងមូលដ្ឋាន គណបក្សក្រុង ស្រុក ឃុំ សង្កាត់ សាខាបក្សភូមិ និងសកម្មជនយុវជនសរុបប្រមាណ៣៥៩នាក់ ។

ថ្លែងក្នុងឱកាសនោះឯកឧត្តម អ៊ី ឈាន បានធ្វើការគូសបញ្ជាក់បន្ថែម ជូនសមាជិក សមាជិកាអង្គពិធីទាំងមូលថា គណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ភូមិ ឃុំ សង្កាត់ឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ដោយធ្វើយ៉ាងណាបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅជនបទ ក៏ដូចទីប្រជុំជន ទទួលបានភាពសមរម្យគ្រប់ក្រុមគ្រួសារ ហើយគណបក្សប្រជាជនកម្ពុជាបន្តការពារថែរក្សាស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឲ្យកាន់តែរឹងមាំ ខ្លាំងក្លា​ និងកាន់តែមានប្រសិទ្ធិភាពឡើង ដើម្បីធានាការរស់នៅដ៏សុខសានរបស់ប្រជាជននៅគ្រប់មូលដ្ឋាន។

ឯកឧត្តម ក៏បានអំពាវនាវផងដែរដល់សមាជិក សមាជិកាគណបក្សទាំងអស់ សូមអញ្ជើញទៅពិនិត្យបញ្ជីបោះឆ្នោតដំបូងឲ្យបានទាន់ពេលគ្រប់ៗគ្នា ដោយការបិទផ្សាយមានរយៈពេល១០ថ្ងៃ គឺពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ នៅតាមសាលាឃុំ សង្កាត់របស់ខ្លួន ឬនិងនៅលើគេហទំព័ររបស់គ.ជ.ប www.voterlist.org.kh ដើម្បីពិនិត្យឈ្មោះ និងទិន្នន័យរបស់ខ្លួនដោយផ្ទៀងផ្ទាត់តាមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬនិងឯកសារបោះឆ្នោតណាមួយដែលបានយកទៅចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦កន្លងមក ចៀសវាងមានខុសទិន្នន័យ និងបាត់ឈ្មោះបោះឆ្នោត ដែលអាចបាត់សិទ្ធិបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧​ នាពេលខាងមុខ ។