សម្ដេចក្រឡាហោម ស ខេង ច្រានចោលចំពោះព័ត៌មានថា អាជ្ញាធរបានរឹតត្បិត និងរារាំងសកម្មភាពអង្គការសង្គមស៊ីវិលចំនួន ៧១ករណី ក្នុងឆមាសទី១ឆ្នាំនេះ


(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងពិធីបើកវេទិកាស្តីពី ភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៣ បានច្រានចោលទាំងស្រុង ចំពោះរបាយការណ៍របស់អង្គការក្នុងស្រុកមួយ ដែលបានលើកឡើងថា ៦ខែ ឆ្នាំ២០១៩ អាជ្ញាធរបានរឹតត្បិត និងរារាំងសកម្មភាពអង្គការសង្គមស៊ីវិល រហូតដល់៧១ករណី។

សម្ដេចក្រឡាហោម ស ខេង ក្នុងពិធីនៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩នេះ បានអះអាងថា រយៈពេល៦ខែ ឆ្នាំ២០១៩នេះ ក្រុមការងារអន្ដរក្រសួង បានទទួលរបាយការណ៍ ពាក់ព័ន្ធការរារាំងសកម្មភាពរបស់សមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានានៅតាមមូលដ្ឋាន ប្រមាណចំនួន០៥ ឬ០៦ករណី តែប៉ុណ្ណោះ។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «ក្នុងអំឡុងឆមាសទី១ ឆ្នាំ២០១៩នេះ ក្រសួងមហាផ្ទៃ តាមរយៈយន្តការក្រុមការងារអន្តរក្រសួង ដើម្បីដោះស្រាយសំណើ សំណូមពររបស់ អង្គការសង្គមស៊ីវិល បានទទួលរបាយការណ៍ពាក់ព័ន្ធនឹងការរារាំងសកម្មភាពរបស់សមាគម អង្គការមិនមែន រដ្ឋាភិបាល និងសហគមន៍នានានៅតាមមូលដ្ឋាន ប្រមាណចំនួន០៥ ឬ០៦ករណី តែប៉ុណ្ណោះ។ ប៉ុន្តែបើផ្អែកតាមរបាយការណ៍របស់អង្គការក្នុងស្រុកមួយ បានលើកឡើងថា ក្នុងរយៈពេល០៦ខែ ដើមឆ្នាំ២០១៩នេះ ករណីដែលអាជ្ញាធរបានរឹតត្បិតសិទ្ធិសេរីភាព និងរារាំងការធ្វើសកម្មភាពរបស់អង្គការសង្គមស៊ីវិល មានចំនួន៧១ករណី»។

ត្រង់ចំណុចនេះ ប្រមុខដឹកនាំក្រសួងមហាផ្ទៃ ប្រសិនមានដូចអ្វីដែលបានលើកឡើង ពាក់ព័ន្ធការរារាំងសកម្មភាពរហូតដល់៧១ករណីនេះ ហេតុអ្វីបានជា អង្គការសង្គមស៊ីវិលទាំងនោះមិនរាយការណ៍ ឬស្នើសុំកិច្ចសហការពី ក្រុមការងារអន្តរក្រសួង ឬរដ្ឋបាលរាជធានី ខេត្ត ដើម្បីជួយសម្របសម្រួល ដោះស្រាយបញ្ហាដែលបានកើតឡើង។

សម្ដេចបានបញ្ជាក់បែបនេះថា «ពាក់ព័ន្ធនឹងចំណុចនេះ ខ្ញុំហាក់ពុំយល់ទាល់តែសោះថា ហេតុអ្វីបានជាអង្គការសង្គមស៊ីវិលទាំងនោះមិនរាយការណ៍ ឬស្នើសុំកិច្ចសហការពីក្រុមការងារអន្តរក្រសួង ឬរដ្ឋបាលរាជធានី ខេត្ត ដើម្បីជួយសម្របសម្រួលដោះស្រាយបញ្ហាដែលបានកើតឡើង។ តើករណីបែបនេះបង្ហាញពីភាពជាដៃគូមានលក្ខណៈស្មោះត្រង់ និងពិតប្រាកដដែរឬទេ?»។

បន្ថែមពីនេះ សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងទៀតថា គិតត្រឹមថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលបានតម្កល់សំណុំឯកសារ និងចុះបញ្ជីចំនួនសរុប៥,៤៨៣ ក្នុងនោះសមាគមចំនួន ២,២០៣ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន៣,២៨០។

បន្ទាប់ពីច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវបានប្រកាសឲ្យប្រើមានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក បានសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ស្របតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចំនួនសរុប៨៣៨ ក្នុងនោះសមាគមចំនួន៤០៦ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន៤៣២។ ទន្ទឹមនេះ ក៏មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន៨១ ត្រូវបានលុបឈ្មោះចេញពីបញ្ជីនៅក្រសួងមហាផ្ទៃ តាមសំណើរបស់សាមីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។

ទោះបីជាមានការលុបចេញពីបញ្ជីនៅក្រសួងមហាផ្ទៃយ៉ាងនេះក្តី ក៏ចំនួននៃការបង្កើតសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកថ្មីប្រចាំខែ មិនមានការថយចុះដូចការព្រួយបារម្ភរបស់មជ្ឈដ្ឋាន មួយចំនួន ដែលជាញឹកញាប់តែងតែចោទប្រកាន់មកលើរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ ពីការរឹតត្បិតសិទ្ធិសេរីភាពក្នុងការបង្កើតសមាគម និងអង្គការមិនមែនរដ្ឋាភិបាល រួមទាំងសិទ្ធិសេរីភាពនៃការបញ្ចេញមតិ នោះឡើយ។

ក្នុងចំណោម សមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ៥,៤៨៣ នៅក្នុងឆ្នាំ២០១៨ មានតែសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ១,៦៣៤ ប៉ុណ្ណោះដែលបានបំពេញកាតព្វកិច្ចតាមច្បាប់កំណត់៕