រដ្ឋបាលខេត្តកំពង់ឆ្នាំង និង ក្រសួងផែនការធ្វើសិក្ខាសាលាផ្សព្វផ្សាយស្តីពីសារៈសំខាន់ នៃការផលិតនិង ប្រើប្រាស់ ទឹកត្រី ទឹកស៊ីអ៉ីវដែលមានជាតិដែក


កំពង់ឆ្នាំងៈសិក្ខាសាលាផ្សព្វផ្សាយស្តីពី សារៈសំខាន់ នៃការផលិតនិង ប្រើប្រាស់ ទឹកត្រី ទឹកស៊ីអ៉ីវដែលមានជាតិដែកដល់មន្រ្តីរាជការ វិស័យឯកជន និង អ្នកពាក់ព័ន្ធ បានសហការរៀបចំធ្វើឡើងរវាងរដ្ឋបាលខេត្តកំពង់ឆ្នាំងនិង ក្រសួងផែនការ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម សុខ សុយ៉ុន អនុរដ្ឋលេខាធិការក្រសួងផែនការ ។
លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង បានអោយដឹងថា ការរីកចម្រើនរបស់ខេត្តបានបង្ហាញថា អត្រាភាពក្រីក្ររបស់ប្រជាពលរដ្ឋខេត្តបានថយចុះបានឆ្លុះបញ្ចាំងតាមរយៈកម្រិតជីវភាព រស់នៅរបស់ប្រជាពលរដ្ឋម្នាក់ៗ តាមរយៈការវាស់ផលិតផលក្នុងស្រុកសរុបជាង១.៣០០ដូល្លានៅឆ្នាំ២០១៨ ដែលនេះជាសូចនាករបង្ហាញថាកម្រិត
ជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងមានកាកើនឡើងគួរអោយកត់សម្គាល់ ។
ឯកឧត្តម សុខ សុយ៉ុន បានមានប្រសាសន៍ថា សិក្ខាសាលាដែលរៀបចំនាពេលនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីរំលឹកនិងពង្រឹងឡើងវិញនូវគោលដៅនិងយុទ្ធសាស្រ្តនៃការអនុវត្តខ្លឹមសារប្រកាស ស្តីពីការផលិត ការប្រើប្រាស់ទឹកត្រី ទឹកស៊ីអ៉ីវ ដែលមានជាតិដែក និង ពង្រឹងការអនុវត្តស្តង់ដាសម្រាប់ទឹកត្រី ទឹកស៊ីអ៉ីវ ជាពិសេសត្រួតពិនិត្យមើលការចរាចរណ៍នាំចូល ទឹកត្រី ទឹកស៊ីអ៊ីវ ដែលគ្មានជាតិដែកចូលមកកម្ពុជា ។
ឯកឧត្តមសុខ សុយ៉ុន បានមានប្រសាសន៍បន្តទៀតថា ដើម្បីធានាថា ទឹកត្រី ទឹកស៊ីអ៉ីវដែលមានជាតិដែកត្រូវតាមស្តង់ដាកំណត់នោះ គឺត្រូវមានការចូលរួមយ៉ាងសកម្មទាំងអស់គ្នា ទាំងផលិតករ ម្ចាស់សិប្បកម្មផលិតទឹកត្រី ទឹកស៊ីអ៉ីវ មន្រ្តីរជំនាញ និង ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ ។
មន្រ្តីជំនាញ ត្រូវតាមដានត្រួតពនិត្យអោយបានជាក់លាក់ រាល់ការផលិតរបស់សិប្បកម្មនីមួយ តើត្រូវតាម ស្តង់ដាក់កំណត់ហើយឬនៅ ។
ឯកឧត្តម បានបញ្ជាក់ថា មានកុមារអាយុក្រោម៥
ឆ្នាំចំនួន២៥ភាគរយនៅលើពិភពលោកដែលបានជួបបញ្ហាកង្វះអាហារូបត្ថម្ភ ដែលធ្វើអោយមានបញ្ហាក្រិសក្រិនដល់កុមារ ។ បញ្ហាកង្វះអាហាររូបត្ថម្ភនិងជាតិដែកគឺជាបញ្ហាចំបង មួយនៅក្នុងបញ្ហាចំបងបីទៀត គឺកង្វះប្រូតេអីន និងថថាមពល និង កង្វះអ៊ីយ៉ូដ ។ចំណែកឯបញ្ហាកង្វះជាតិដែក បណ្តាលអោយការវិវត្តផ្នែករូបរាងកាយ និងការលូតលាស់ប្រាជ្ញាស្មារតី របស់កុមារមានភាពយឺតយ៉ាវ ។
ឯកឧត្តម បានអំពាវនាវអោយសិក្ខាកាមទាំងអស់ចូលរួមផ្តល់មតិ យោបល់ និង ធ្វើការពិភាក្សាអោយបានផុលផុស ដើម្បីរកចំណុចល្អ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកាត់បន្ថយភាពស្លេកស្លាំង តាម រយៈការបញ្ចូលជាតិដែក និង មីក្រូសារជាតិ តាមស្តង់ដាចូលក្នុងទឹកត្រី ទឹកស៊ីវអ៊ីវ សម្រាប់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ ។