ទីស្នាក់ការភូមិកណ្តាល និងភូមិកណ្តាលទី១ ក្នុងសង្កាត់ច្បារអំពៅទី២ សម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ


ទីស្នាក់ការភូមិកណ្តាល និងភូមិកណ្តាលទី១ ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ដែលទើបកសាងរួច ត្រូវបានសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៩ ខែសីហានេះ ក្រោមវត្តមានឯកឧត្តម ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ។

ឯកឧត្តម ចេង មុនីរ៉ា បានឲ្យដឹងថា កន្លងមកនេះ ទីស្នាក់ការភូមិស្ទើរតែបាត់អស់ពីទៅមូលដ្ឋានទៅហើយ។ កន្លងមកនេះដែរ ប្រជាពលរដ្ឋបើចង់ទៅរកមេភូមិ ត្រូវតែទៅរកនៅផ្ទះរបស់គាត់។

ឯកឧត្តមបន្តថា រាល់ឯកសារផ្សេងៗ ត្រូវបានលោកមេភូមិរក្សាទុកនៅផ្ទះរបស់គាត់។ និយាយជារួម ផ្ទះរបស់គាត់ គឺជាការិយាល័យ សម្រាប់ធ្វើជាកន្លែងធ្វើការរបស់គាត់។

ឯកឧត្តមអភិបាលខណ្ឌ បានឲ្យដឹងទៀតថា ការបង្កើតឲ្យមានទីស្នាក់ការភូមិ មានសារៈសំខាន់ខ្លាំងណាស់ ព្រោះថាបើមានទីស្នាក់ការភូមិ ទីស្នាក់ការនគរបាលមណ្ឌល គឺលោកមេភូមិ និងមន្រ្តីនគរបាល បានទៅអង្គុយធ្វើការ ប្រចាំការគ្រប់ពេលវេលា ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយរាល់ឯកសារផ្សេងៗ មានកន្លែងរក្សាទុកបានត្រឹមត្រូវ។

ឯកឧត្តម ចេង មុនីរ៉ា ក៏បានណែនាំដល់លោកមេភូមិ និងមន្រ្តីនគរបាលមណ្ឌល ត្រូវមកបំពេញការងារ ជូនប្រជាពលរដ្ឋឲ្យបានជាប់ជាប្រចាំ ចៀសវាងពេលប្រជាពលរដ្ឋមានការងារបន្ទាន់ផ្សេងៗមកឲ្យជួយ រកមិនឃើញ។

រដ្ឋបាលខណ្ឌច្បារអំពៅ នឹងបន្តជំរុញតាមបណ្តាសង្កាត់នានារបស់ខណ្ឌ បង្កើតឲ្យមានទីស្នាក់ការភូមិ ឲ្យបានគ្រប់ភូមិ ដើម្បីងាយស្រួលដល់ការបម្រើសេវាជូនប្រជាពលរដ្ឋបានលឿន។

ក្នុងឱកាសនោះដែរឯកឧត្តម ចេង មុនីរ៉ា បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាបរិស្ថានតាមដងផ្លូវ, ត្រូវចេះវេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ ដោយដាក់មុខផ្ទះរបស់ខ្លួន ងាយស្រួលដល់ការប្រមូលយកចេញ និងតាមផ្ទះនីមួយៗ កុំតយ៉ាកឬ សំយាបមកគ្របលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវ ធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ៕