ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន នឹងធ្វើជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ី នៅវិមានសន្តិភាព


(ភ្នំពេញ)៖ បន្ទាប់បំពាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋហើយនោះ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩នេះ លោក មហាធា មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នឹងមានជំនួបទ្វេភាគីជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាព។

តាមការប្រកាសរបស់ក្រសួងការបរទេស បានឱ្យដឹងថា ក្នុងជំនួបនោះ នាយករដ្ឋមន្រ្តីទាំងពីរ ក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិដែលមានផលប្រយោជន៍រួមផងដែរ។ បន្ទាប់មកនាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន និងធ្វើការប្រកាសព័ត៌មានរួមគ្នា។

លោក មហាធា មហាម៉ាត់ និងភរិយា បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩។ ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីមានវ័យចំណាស់ជាងគេ នៅលើពិភពលោករូបនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

តាមការប្រកាសរបស់ក្រសួងការបរទេស បានឱ្យដឹងថា ក្នុងកំឡុងទស្សនកិច្ចនេះនាយករដ្ឋមន្ត្រីម៉ាឡាស៊ី នឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាចំពោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា និង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាផងដែរ។

ដំណើរទស្សនកិច្ចផ្លូវការរបស់ បណ្ឌិតមហាធា មហាម៉ាត់ នៅកម្ពុជានឹងរួមចំណែកកាន់តែប្រសើរក្នុងការពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជិតស្និទ្ធដ៏ល្អរវាងកម្ពុជានិងម៉ាឡេស៊ី ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ។ នេះបើតាមក្រសួងការបរទេស។

លោក មហាធា ម៉ូហាម៉ាដ (Mahathir Mohamad) ជានាយករដ្ឋមន្ត្រីទី០៧ របស់ម៉ាឡេស៊ី បន្ទាប់ពីទទួលបានជោគជ័យនៅក្នុងព្រឹត្តិការណ៍បោះឆ្នោត កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅនេះ ដោយបានផ្តួលគណបក្សរបស់អតីតនាយករដ្ឋមន្ត្រីលោក ណាជីប រ៉ាហ្សាក់៕