ឯកឧត្តម វេង សាខុន និងលោក ជំទាវ ម៉ក់ ស៊ីថា អមដំណើរដោយសហការី បានអញ្ជើញទៅបំពេញបេសកកម្មរយ:ពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី០៧-០៨ ខែកញ្ញា ទៅកាន់ខេត្តតាកែវ និងខេត្តកំពត


នៅព្រឹកថ្ងៃសៅរ៍ ៩កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ជំទាវ ម៉ក់ ស៊ីថា អមដំណើរដោយសហការី បានអញ្ជើញទៅបំពេញបេសកកម្មរយ:ពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី០៧-០៨ ខែកញ្ញា ទៅកាន់ខេត្តតាកែវ និងខេត្តកំពត ដើម្បីត្រួតពិនិត្យ តាមដាន និងវាយតម្លៃលើការងារបង្កបង្កើនផល ការអនុវត្តការងារបច្ចេកទេស ការងារដឹកនាំ ការគ្រប់គ្រង និងការអនុវត្តគោលនយោបាយយុទ្ធសាស្រ្តចតុកោណតំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនៅតាមមន្ទីរនីមួយៗ ដែលកម្មវិធីនៅថ្ងៃទី១ មានជាបន្តបន្ទាប់ដូចខាងក្រោម÷

ខេត្តតាកែវ÷
-កម្មវិធីទី០១:
ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តម អ៊ួច ភា អភិបាលនៃគណអភិបាលខេត្ត ព្រមជាមួយសហការីបានអញ្ជើញចុះមកពិនិត្យការបង្កបង្កើនផលរបស់ប្រជាកសិករនៅភូមិកណ្តាល ឃុំពត់សរ ស្រុកបាទី។ នៅក្នុងភូមិនេះមានកសិករ ១៥គ្រួសារ កំពុងធ្វើស្រែបង្ហាញពូជស្រូវតាមបច្ចេកទេសលើផ្ទៃដី ១៧ហត ដោយទទួលបានជំនួយបច្ចេកទេសពីអង្គការ IRRI។ លោកពូ ភួន ឈៀង មេឃុំពត់សរបានឲ្យដឹងថាបន្ទាប់ពីអនុវត្តបច្ចេកទេសត្រឹមត្រូវ និងដោយមានលក្ខណអំណោយផលល្អផ្នែកធារាសាស្រ្តប្រឡាយទឹកបេតុង ដែលឧបត្ថម្ភសងសង់ដោយឯកឧត្តម នួន បូផល អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំពត់សរ និងជាពិសេសស្ថានីយបូមទឹកមិត្តភាពកម្ពុជា-ចិន ហ៊ុន សែន ទី៧ ព្រៃស្វាពត់សរ ធ្វើឲ្យប្រជាកសិករប្រមាណជាង៤០០ គ្រួសារក្នុងភូមិ៣ ប្រើប្រាស់ទឹកសម្រាប់ការងារបង្កបង្កើនផល ដាំបន្លែ ចិញ្ចឹម សត្វ លើផ្ទៃដីជាង ៣០០ហត អាចធ្វើស្រែបានពី២-៣/ឆ្នាំ ដោយទទួលបានទិន្នផលពី៥-៦តោន/ហត។

ឯកឧត្ដមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងចូលរួមអបអរចំពោះសមិទ្ធផលដែលប្រជាកសិករយើងទទួលបាននាពេលនេះ គឺផលដំណាំ ប្រាក់ ចំណូល ការជួបជុំ និងសុភមង្គលក្នុងគ្រួសារ ហើយអ្វីទាំងអស់នេះគឺជាឆន្ទ: និងបំណងប្រាថ្នារបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោជានាយករដ្ឋមន្រ្តី ចង់បាន ចង់ឃើញប្រជាពលរដ្ឋយើងរស់នៅដោយភាពស្ងប់ស្ងាត់ សុខក្សេមក្សាន្ត ជីវភាពធូធារ និងមានសុភមង្គល។ លោកបានបញ្ជាក់ជូនបងប្អូនប្រជាកសិករថា ជាក់ស្តែងសមិទ្ធផលទាំងអស់នេះគឺកើតចេញពីការខិតខំប្រឹង ប្រែង យកចិត្តទុកដាក់របស់ឯកឧត្តមប្រធានក្រុមការងារ រួមផ្សំជាមួយការយកចិត្តទុកដាក់អនុវត្តបច្ចេកទេសបានត្រឹមត្រូវ ហើយពិតណាស់គឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ស្ថិរភាពសង្គម សេដ្ឋកិច្ច និងនយោបាយពេញលេញ ដែលបង្កលក្ខណងាយស្រួលឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខដុមរមនា ប្រកបរបរធ្វើស្រែចំការ ចិញ្ចឹមសត្វ ត្រី និងដាំដំណាំតាមលទ្ធភាពរៀងៗខ្លួនដើម្បីនិរន្តរភាពនៃកំណើនសេដ្ឋកិច្ចក្នុងគ្រួសារ។ ដូច្នេះ លោកបានស្នើសុំឲ្យប្រជាពលរដ្ឋខិតខំប្រឹងប្រែងបន្ថែមទៀតលើការងារបង្កបង្កើនផលធ្វើយ៉ាងណាបង្កើនបរិមាណផលិត ធានាគុណភាព លើកកម្ពស់សមត្ថភាពកែច្នៃដើម្បីធ្វើការប្រកួតប្រជែង ឆ្លើយតបតាមសេចក្តីត្រូវការទីផ្សារ និងចំណង់ចំណូលចិត្តអ្នកបរិភោគ និងជាពិសេសដាច់ខាតត្រូវនាំគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាព ទើបអាចឈានទៅធ្វើការអភិវឌ្ឍជាបន្តបន្ទាប់។

ទាក់ទងការងារបច្ចេកទេស លោកបានណែនាំឲ្យកសិករយកចិត្តទុកដាក់បន្ថែមទៀតលើការងារពង្រាបដី មើលថែទាំស្មៅ សត្វល្អិតចង្រៃ ការគ្រប់គ្រង និងប្រើប្រាស់ទឹក ដើម្បីធានាបរិមាណផលកើនឡើង ហើយមន្ទីរគួរជួយរៀបចំសហគមន៍ផលិតស្រូវពូជធានាគុណភាពដើម្បីប្រើប្រាស់ផ្ទាល់ ខ្លួន កាត់បន្ថយការទិញស្រូវពូជគ្មានប្រភពច្បាស់លាស់ និងថ្លៃដើម។