មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​អប់រំ​ថាការ​បង្រៀន​ថ្នាក់អក្ខរកម្មនៅមូលដ្ឋានគឺជាកត្តាដ៏សំខាន់សម្រាប់​ជំរុញឱ្យប្រជាពលរដ្ឋកម្ពុជាមានការអភិវឌ្ឍ


ឯកឧត្តម ពិត ចំណាន រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍នៅក្នុងទិវាអក្ខរ កម្មជាតិ០៨កញ្ញាលើកទី១៩នៅខេត្តសៀមរាបនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩នេះថា ទិវាអក្ខរកម្មជាតិឆ្នាំនេះ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់យកប្រធានបទ “អក្ខរកម្មផ្សារភ្ជាប់នឹងជំនាញមុខរបរ” ដើម្បីបង្ហាញថា ការរៀនអក្ខរកម្មមិនត្រឹមតែចេះអក្សរនិងលេខប៉ុណ្ណោះទេ គឺបានផ្តល់ឱកាសឱ្យអ្នករៀនអក្ខរកម្ម បានរៀនទាំងអក្សរជំនាញក្នុងកម្មវិធីសមមូល កម្មវិធីបំណិនជីវិតសំដៅអភិវឌ្ឍសមត្ថភាពខ្លួនឯង ពីមួយឆ្នាំទៅមួយឆ្នាំ ហើយបានជួយឱ្យអក្ខរជនចេះជំនាញមុខរបរស្ទាត់ជំនាញក្នុងការបង្កបង្កើនផល និងការចិញ្ចឹមសត្វ ព្រមទាំងចេះកែច្នៃបង្កើតនូវសម្ភារៈប្រើប្រាស់ក្នុងសហគមន៍ និងលក់ឱ្យភ្ញៀវទេសចរ ថែមទៀតផង។ ដែលកត្តាទាំងនេះបង្ហាញថា អក្ខរកម្មមិនគ្រាន់តែធ្វើឱ្យអ្នកសិក្សា ចេះអាន ចេះសរសេរ ចេះនិយាយបានត្រឹមត្រូវនោះទេ ថែមទាំងចេះប្រើប្រាស់ជំនាញអាជីព ប្រចាំថ្ងៃដើម្បីបង្កើនប្រាក់ចំណូល ចិញ្ចឹមជីវិតខ្លួនឯងផង និងក្រុមគ្រួសារផង ព្រមទាំងធ្វើឱ្យសហគមន៍មានការរីកចម្រើនផងដែរ។ ហើយអក្ខរកម្ម ក៏រួមចំណែកសម្រេចគោលដៅអភិវឌ្ឍន៍សហសវត្សនាឆ្នាំ២០១៦-២០៣០ពិសេសឈានទៅសម្រេចបាននូវគោលដៅក្នុងបរិការថ្មី គឺប្រែក្លាយពលករដែលប្រើកម្លាំងសុទ្ធសាធទៅជាការប្រើប្រាស់ជំនាញវិជ្ជាជីវៈតាម យុទ្ធសាស្ត្រកំណើនថ្មីៗរបស់កម្ពុជាផងដែរ។ដូច្នេះការ​បង្រៀន​ថ្នាក់អក្ខរកម្មនៅមូលដ្ឋាន ក្នុងកម្មវិធីសមមូលគឺជាកត្តាដ៏សំខាន់សម្រាប់ជំរុញឱ្យប្រជាពលរដ្ឋកម្ពុជាមានការអភិវឌ្ឍន៍ ព្រោះប្រជាពលរដ្ឋទទួលបានទាំងចំណេះដឹង និងជំនាញ​មុខរបរ។

ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប​ បានថ្លែងថា បច្ចុប្បន្ននេះ នៅខេត្តសៀមរាបមានប្រជាជនជាអនក្ខរជនអាយុពី១៥ដល់៤៥ឆ្នាំ ចំនួន៤២,៤២២នាក់ ស្រី២០,៩៧៧នាក់ និងបានបើកដំណើរការថ្នាក់អក្ខរកម្មសម្រាប់ប្រជាពលរដ្ឋជាអនក្ខរជន បានចូលរៀនថ្នាក់អក្ខរកម្ម សរុប១,៥៥២នាក់ស្រី១,២១១នាក់ស្មើនឹង៦៤ថ្នាក់។ ចំពោះសិស្សបោះបង់ការសិក្សាថ្នាក់ទី៣ ដល់ទី៦ត្រូវបានប្រមូលឱ្យចូលរៀនក្នុងកម្មវិធីចូលរៀនឡើងវិញដែលមានសិស្សសរុប៩៩៣នាក់ស្រី ៣៩៩នាក់ ស្មើនឹង៤៥ថ្នាក់។  ក្រៅពីនេះនៅខេត្តសៀមរាបក៏មានថ្នាក់សមមូលបឋមសិក្សាអប់រំក្រៅប្រព័ន្ធចំនួន២៥ថ្នាក់ ដែលមានសិស្សចូលរៀនសរុប៥៧៥នាក់ ស្រី២៧៩នាក់ និងថ្នាក់បំពេញវិជ្ជាដែលមានសិស្សចូលរៀនសរុបចំនួន៣៤៩នាក់ស្រី១៣៦នាក់មានមជ្ឈមណ្ឌលសិក្សាសហគមន៍ចំនួន២២កន្លែងសម្រាប់បណ្តុះបណ្តាលវិជ្ជាជីវៈ និងបំណិនជីវិតរួមមាន៖ ចិញ្ចឹមសត្វ  ដំណាំបន្លែ ភ្លេងប្រពៃណី សិប្បកម្មកំប្លោក​ ធនាគារស្រូវ និងមូលនិធិទ្រទ្រង់ មានជំនាញចំនួនសរុប១៥ជំនាញ សិស្សអ្នកសិក្សាសរុប៣៧៧នាក់ ស្រី២៣៤នាក់៕