ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការីមកកាន់ខេត្ត តាកែវ និងខេត្តកំពតសម្រាប់រយ:ពេល ០២ថ្ងៃចាប់ពីថ្ងៃ០៧-០៨ ខែកញ្ញា


-កម្មវិធីទី០៣៖
នេះជាកម្មវិធីចុងក្រោយនៃដំណើរបេសកកម្មរបស់ឯកឧត្តមរដ្ឋមន្រ្តី និងសហការីមកកាន់ខេត្ត តាកែវ និងខេត្តកំពតសម្រាប់រយ:ពេល ០២ថ្ងៃចាប់ពីថ្ងៃ០៧-០៨ ខែកញ្ញា។ នៅរសៀលថ្ងៃនេះ ឯកឧត្តមរដ្ឋមន្ត្រី និងលោក ប៉ិល កុសល អភិបាលរងខេត្ត និងសហការីបានអញ្ជើញមកពិនិត្យសត្តឃាតដ្ឋានមាន់របស់ក្រុមហ៊ុន 3PLE FARM ដែលមានទីតាំងនៅភូមិឈើទាល ឃុំជំពូវ័ន្ត ស្រុកជុំគីរី។

លោក អ៊ុន ប៊ុនថុល នាយកក្រុមហ៊ុន បានធ្វើបដិសណ្ឋារកិច្ច និងអត្ថាធិប្បាយតាមលំដាប់លំ ដោយនៃខ្សែច្រវាក់ផលិតកម្មរបស់សត្តឃាតដ្ឋានពី A to Z ដោយចាប់ផ្តើមពីការសាងសង់កសិដ្ឋានចិញ្ចឹម បន្តមកបង្កើតសត្តឃាតដ្ឋាននៅឆ្នាំ២០១៨ លើផ្ទៃដី ៨ហត ហើយចាប់ផ្តើមសាកល្បងដំណើរការក្នុងខែមេសាកន្លងមក មានសមត្ថភាពពិឃាតមាន់បានចំនួន១២ពាន់ក្បាល/ថ្ងៃ ប្រើពលកម្ម ៥០នាក់។ សត្តឃាតដ្ឋានបានបំពាក់ទៅដោយឧបករណ៍ និងសម្ភារ: បច្ចេកទេសទំនើប ស្វ័យប្រវត្តិពីសហភាពអឺរ៉ុប អាមេរិក និងអូស្រ្តាលី ដោយសហការវិនិយោគជាមួយក្រុមហ៊ុនម៉ាឡេស៊ី។

បន្ទាប់ពីបានអញ្ជើញពិនិត្យខ្សែច្រវាក់ផលិតកម្មក្នុងសត្តឃាតដ្ឋាន និងស្តាប់ការអត្ថាធិប្បាយអំពី ការអនុវត្តបច្ចេកទេសពិឃាត បោចរោម យកគ្រឿងក្នុងចេញ លាងសំអាត និងបញ្ចូលក្នុងបន្ទប់ ត្រជាក់។ល។ រួចមក លោករដ្ឋមន្រ្តី បានសម្តែងនូវទឹកចិត្តអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការ ចូលរួមវិនិយោគសាងសង់សត្តឃាតដ្ឋានមាន់មួយនេះឡើងក្នុងខេត្តកំពត ដែលបំពាក់ដោយឧបការណ៍បច្ចេកទេសទំនើបទាន់សម័យ ធានាបានអនាម័យ គុណភាព និងសុវត្ថិភាពលើផលិត ផលសាច់ឆ្លើយតបបានយ៉ាងពេញលេញតាមតម្រូវការទីផ្សារ និងតម្រូវចិត្តអ្នកបរិភោគ ដែលតែង តែគិត និងបារម្ភអំពីគុណភាពសាច់ខ្វះអនាម័យនាពេលបច្ចុប្បន្ន។ លោកបានបញ្ជាក់បន្ថែមដោយបង្កប់ន័យជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោជានាយករដ្ឋមន្រ្តី ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ហើយពិតណាស់សមិទ្ធផលដ៏មាន តម្លៃនេះគឺជាកត្តាចំបងក្នុងការលើកទឹកចិត្ត និងចូលរួមយ៉ាងសស្រាក់សស្រាំពីវិស័យឯកជនអភិវឌ្ឍប្រទេសតាមរយ:ការដាក់ទុនវិនិយោគលើគ្រប់វិស័យ និងជាពិសេសវិស័យកសិកម្ម ជាក់ ស្តែងក្រុមហ៊ុន ហ្រ្គេន ហុង យាន អេឃ្វើខលឈ័រ (ខេមបូឌា) ឯ.ក ដាក់ទុនវិនិយោគកសិដ្ឋានចិញ្ចឹមបង្គានៅស្រុកទឹកឈូ និងក្រុមហ៊ុន 3PLE FARM ដាក់ទុនវិនិយោគបង្កើតសត្តឃាតដ្ឋានមាន់ នៅស្រុកជុំគីរី ដែលកសិដ្ឋានទាំងពីរកើតលើទឹកដីខេត្តកំពត។ ជាងនេះទៅទៀត លោកបានបញ្ជាក់ថា ការចូលរួមពីវិស័យឯកជន ពិតជាបានចូលរួមចំណែកបង្កើតការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋាន បង្កើនចំណូលក្នុងគ្រួសារ និងកាត់បន្ថយភាពក្រីក្រ ជាពិសេសចូលរួមអភិវឌ្ឍវិស័យផលិតកម្មសាច់មាន់ដែលក្រសួងទាមទារចង់បាន។

ឆ្លៀតយកឱកាសនេះ លោករដ្ឋមន្រ្តីបានអំពាវនាវឲ្យវិស័យឯកជនចូលរួមអភិវឌ្ឍវិស័យកសិកម្ម បន្ថែមទៀបដើម្បីបង្កើនផលិតភាពផលិត ធានាគុណភាព ធ្វើការប្រកួតប្រជែង និងនាំចេញ ទាំងអស់នេះវានឹងចូលរួមថែរក្សាកំណើនសេដ្ឋកិច្ចជាតិ កាត់បន្ថយភាពក្រីក្រ និងជាពិសេសសម្រេចឲ្យបានចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ និងឆ្នាំ២០៥០។