ឯកឧត្តម វេង សាខុន បើកកិច្ចប្រជុំពិគ្រោះយោបល់ជាមួយតំណាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ស្ដីពី គម្រោងខ្សែសង្វាក់តម្លៃ នៃកសិធុរកិច្ចប្រកបដោយភាតរបរិស្ថាន


រដ្ឋមន្ដ្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន បានលើកឡើងថា វិស័យកសិកម្មរបស់ប្រទេសកម្ពុជា នៅមានសក្ដានុពលច្រើន ដែលសព្វថ្ងៃនេះ មិនទាន់បានប្រើប្រាស់ឲ្យអស់ពីលទ្ធភាពនៅឡើយទេ។

ឯកឧត្តមរដ្ឋមន្ដ្រីថា កត្កាទាំងនេះហើយ ទើបធ្វើឲ្យរាជរដ្ឋាភិបាលកម្ពុជា បានកំណត់នូវសូចនាករយ៉ាងជាក់លាក់ ច្បាស់លាស់ ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ និងគិតគូរខ្ពស់ទៅលើកត្កាជាច្រើនរួមមាន កិច្ចសហការ និងការផ្ដល់នូវធាតុចូលដ៏ល្អនានាពីបណ្ដាវិស័យ ឬអនុវិស័យពាក់ព័ន្ធផ្សេងៗទៀត ដូចជា កិច្ចសហការពីវិស័យធនធានទឹក គមនាគមន៍ ថាមពល និងដីធ្លីជាដើម។

ការថ្លែងបែបនេះរបស់ាំ ឯកឧត្តម វេង សាខុន ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ ក្នុងឱកាសបើកកិច្ចប្រជុំពិគ្រោះយោបល់ជាមួយតំណាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ស្ដីពី «គម្រោងខ្សែសង្វាក់តម្លៃ នៃកសិធុរកិច្ចប្រកបដោយភាតរបរិស្ថាន» នៅសណ្ឋាគារកាំបូឌីយ៉ាណា ដែលមានគោលបំណង ធ្វើឲ្យប្រសើរឡើងនូវប្រាក់ចំណូលរបស់គ្រួសារកសិករ។

លោករដ្ឋមន្ដ្រីកសិកម្មថា ក្នុងការជំរុញផលិតកម្មកសិកម្ម ឬខ្សែសង្វាក់តម្លៃផលិតផលកម្មប្រកបដោយការទទួលខុសត្រូវ និងភាតរបរិស្ថាន ជាពិសេសខ្សែសង្វាក់តម្លៃផលិតកម្មស្រូវ ពោត ដំឡូង និងស្វាយ ក្នុងចំណោមមុខទំនិញកសិកម្មសំខាន់ៗ ដែលគម្រោងបានជ្រើសរើស និងផ្ដោតការយកចិត្តដាក់ទៅលើផលិតផលទាំងអស់នេះ គឺជាកាតព្វកិច្ចដែលត្រូវចូលរួមគិតគូរទាំងអស់គ្នាក្រោមទស្សនៈ និងចក្ខុវិស័យប្រាកដប្រជា។

បើតាមឯកឧត្តមរដ្ឋមន្ដ្រី កត្តាទាំងនេះ សំដៅប្រែក្លាយកម្ពុជា ឲ្យទៅជាប្រទេសនាំផលិតផលកសិកម្ម ក៏ដូចជាទំនិញកសិកម្មកែច្នៃផ្សេងៗទៀត នៅលើទីផ្សារពិភពលោក ដើម្បីកំណើនសេដ្ឋកិច្ចសង្គម ពិសេសផលប្រយោជន៍របស់ប្រជាកសិករ និងការមិនមើលរំលងអំពីការផ្សារភ្ជាប់ ក្នុងការថែរក្សាក្សេត្របរិស្ថាន និងភាតរបរិស្ថាន ដែលជាគោលដៅចម្បងនៃកិច្ចប្រជុំនាពេលនេះផងដែរ៕