ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យលោក Luke Arnold ទទួលបន្ទុកកិច្ចការទូទៅនៃស្ថានទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីចូលជួប


នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ១០:០០ ព្រឹកថ្ងៃច័ន្ទ ៣រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យលោក Luke Arnold ទទួលបន្ទុកកិច្ចការទូទៅនៃស្ថានទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីចូលជួបដើម្បី៖ ទី១. ពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោងស្តីពី “កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា” ទី២. ស្វែងរកទស្សននិងទិដៅយុទ្ធសាស្រ្ត និងគំតថ្មីៗដើម្បីតម្រង់ទិសក្នុងការអនុវត្តគម្រោងនេះ ទី៣. ស្នើសុំមតិ និងយោបល់ពាក់ព័ននឹង្កិច្ចសន្ទនាត្រីភាគីរវាង កម្ពុជា-អូស្រ្តាលី-ចិន និងទី៤. ធ្វើការពិភាក្សាលើទិសដៅអនាគតសម្រាប់កម្មវិធីជំនួយនៅកម្ពុជា។

ជាកិច្ចស្វាគមន៍ តាមរយ:លោក Luke Arnold ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលីដែលបាន និងបន្តជួយឧបត្ថម្ភ គាំទ្រលើការអភិវឌ្ឍប្រទេសកម្ពុជា។ ចំពោះវិស័យកសិកម្ម រដ្ឋាភិបាលអូស្រ្តាលីក៏បានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងសំខាន់ផងដែរ តាមរយៈការអនុវត្តគម្រោងជាច្រើនជាពិសេសគម្រោងស្តីពី កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា (CAVAC) ដែលគម្រោងនេះបាននិងកំពុងចូលរួមអនុវត្តគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្មរបស់ក្រសួងយ៉ាងមានប្រសិទ្ធភាព។ លោកបានបន្តថា គម្រោងទាំងអស់នេះពិតបានចូលរួមប្រើប្រាស់ធនធាន និងសក្ដានុពលដែលមានស្រាប់សំដៅលើកកម្ពស់ផលិតភាព ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ដើម្បីបង្កើតការងារ ធានាសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ និងបង្កើនការនាំចេញកសិផល ដើម្បីលើកកម្ពស់កម្រិតជីវភាព កាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក ពិសេសជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ស្ថិតក្នុងបរិបទនេះ ក្រសួងបានខិតខំស្វែងរកដៃគូជាតិ និងអន្តរជាតិ ដើម្បីចូលរួមសហការលើការងារពិសោធន៍ស្រាវជ្រាវ ផ្សព្វផ្សាយបច្ចេកទេសដាំដុះ ចិញ្ចឹមសត្វ ត្រី ការជ្រើសរើស បង្កាត់ ផ្លាស់ប្តូរ និងប្រើប្រាស់ពូជសត្វ និងដំណាំ ការប្រើប្រាស់ធាតុចូលឲ្យមានប្រសិទ្ធភាព ឆ្លើយតបទៅតាមតម្រូវការទីផ្សារទាំងបរិមាណ គុណភាព សុវត្ថិភាព និងស្តង់ដារទីផ្សារអន្តរជាតិក្នុងទិសដៅនាំចេញកសិផលកម្ពុជានាពេលអនាគត។

ជាការឆ្លើយតប លោក Luke Arnold បានឯកភាព និងយល់ស្របតាមអ្វីដែលឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនខាងលើ ព្រោះជាក់ស្តែងប្រជាកសិករដែលស្ថិតក្នុងគោលដៅរបស់គម្រោងបាននិងកំពុងមានការកែប្រែយ៉ាងវិជ្ជមានទាំងទម្លាប់ កម្រិតជីវភាព កំណើនចំណូល និងសេដ្ឋកិច្ចគ្រួសារ ស្តែងចេញឲ្យឃើញតាមរយ:ពួកគាត់មានរបររឹងមាំ ក្មេងៗបានទៅសិក្សារៀនសូត្រ និយាយរួម ស្ថានភាពរស់នៅក្នុងសង្គមគ្រួសារត្រូវបានផ្លាស់ប្តូរជាបន្តបន្ទាប់។ ម៉្យាងវិញទៀត អ្វីដែលឯកឧត្តរដ្ឋមន្រ្តីបានលើកឡើងពាក់ព័ន្ធនិងការអភិវឌ្ឍវិស័យកសិកម្ម គឺពិតជាស្របតាមផែនការយុទ្ធស្រាយនៃជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលីថ្មី ដែលផែនការនេះផ្តោតជាសំខាន់លើការបង្កើនភាពប្រកួតប្រជែង និងការធ្វើពិពិធកម្មកសិកម្ម ដោយសំដៅលើការធ្វើពិពិធភាវូបនីយកម្មកសិកម្ម ពាណិជ្ជូបនីយកម្មកសិកម្ម បង្កើនផលិតភាព ការកែច្នៃ ស្តង់ដារគុណភាព ជារួមបង្កើនខ្សែសង្វាក់ផលិតកម្ម និងតម្លៃ។

ឯកឧត្តមរដ្ឋមន្រ្តីបានឆ្លើយតបយ៉ាងមោទនថា នេះគឺអ្វីដែលរូបលោក និងក្រសួងចង់បាន ហើយក៏កំពុងជំរុញ និងអនុវត្តផងដែរតាមរយៈការធ្វើទំនើបកម្មកសិកម្ម ការធ្វើពិពិធកម្មកសិកម្ម និងផលិតកម្មកសិកម្មតាមកិច្ចសន្យា។ ទាំងអស់នេះ ទាមទារឲ្យមានកិច្ចសហការពេញលេញពីគ្រប់ភាគីពាក់ព័ន្ធគឺ រដ្ឋ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ សហគមន៍កសិកម្ម ដោយត្រូវធ្វើយ៉ាងណាបង្កើនផលិតភាព ជាមួយការប្រកួតប្រជែង និងកាត់បន្ថយថ្លៃដើម។ លោកសង្ឃឹម និងជឿជាក់ថា ភាគីអូស្រ្តាលីនឹងបន្តផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរនេះមកភាគីកម្ពុជា ជាប្រយោជន៍ដល់វិស័យកសិកម្មទាំងមូល និងប្រជាកសិករយើង។