តាកែវ÷ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត លោក លោកស្រី អភិបាលរងខេត្ត នៅព្រឹកថ្ងៃពុធ ៤ កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩នេះ រួមជាមួយ លោក អ៊ាក ផល្លា ប្រធានសាលាដំបូងខេត្ត លោក ជីវ ចាន់តារា ព្រះរាជាអាជ្ញាអមសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញារង បានអញ្ជើញចូលរួមប្រជុំផ្សព្វផ្សាយខ្លឹមសារសេចក្តីប្រកាសពត៌មាន និងស្មារតីនៃកិច្វប្រជុំរបស់ក្រសួងយុត្តិធម៌ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ ស្តីពីស្ថានការណ៍សន្តិសុខសង្គម និងការដាក់ចេញនូវវិធានការរួមមួយចំនួន ក្នុងការពង្រឹងការអនុវត្តច្បាប់ តាមរយៈការចាត់វិធានការច្បាប់លេីសកម្មភាព ឬទង្វើទាំងទ្បាយ ណាដែលប៉ះពាល់ដល់សន្តិសុខជាតិ ដល់ លោកឧត្តមអាគ្គារនុរក្ស.២ គង់ ស៊ីថា ប្រធានពន្ធនាគារខេត្ត លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកឧត្តមសេនីយ៍ត្រី គង់ សំអូន ស្នងការរងនគរបាលខេត្ត និងលោកអភិបាល ក្រុង ស្រុកទាំងអស់ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅខេត្តតាកែវ។
សូមបញ្ជាក់ដែរ កាលពីនៅរសៀលថ្ងៃព្រហស្បតិ្ត ១៣រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការពង្រឹងសន្តិសុខសង្គម។ កិច្ចប្រជុំ ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងទូទាំងប្រទេស ត្រូវបានរៀបចំទ្បើងដើម្បីពិនិត្យ និងពិភាក្សា លើបញ្ហាស្ថានការណ៍សន្តិសុខសង្គម ដើម្បីរិះរក និងដាក់ចេញនូវវិធានការរួមមួយចំនួន ក្នុងការពង្រឹងការអនុវត្តច្បាប់ តាមរយៈការចាត់វិធានការច្បាប់លេីសកម្មភាព ឬទង្វើទាំងទ្បាយណាដែលប៉ះពាល់ដល់សន្តិសុខជាតិ សំដៅធានាបាននូវសន្តិសុខប្រទេស សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម។
បើយោងតាមច្បាប់ក្រមព្រហ្មទណ្ឌ មាត្រា ៤៥១៖ បទឧបឃាតឧបឃាត គឺជាការប្រព្រឹត្តអំពើហិង្សាមួយ ឬច្រើន ក្នុងគោលបំណងបង្កឲ្យមានគ្រោះថ្នាក់ ដល់ស្ថាប័ននៃព្រះរាជាណាចក្រកម្ពុជា ឬ នាំឲ្យមានការប៉ះពាល់ដល់បូរណភាពនៃដែនដីជាតិ។
ឧបឃាត ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១៥ (ដប់ប្រាំ) ឆ្នាំ ទៅ ៣០ (សាបសិប) ឆ្នាំ។
មាត្រា ៤៥២៖ ស្ថានទម្ងន់ទោសដែលទាក់ទងទៅនឹងជនល្មើសឧបឃាត ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត កាលបើអំពើនេះត្រូវបានប្រព្រឹត្តដោយអ្នករាជការសាធារណោះ។
និងមាត្រា ៤៥៣៖ បទរួមគំនិតក្បត់
អំពើរួមគំនិតក្បត់ គឺជាគម្រោងដែលបង្កើតឡើងដោយមនុស្សច្រើននាក់ ដើម្បីប្រព្រឹត្តឧបឃាត កាលបើគម្រោងនេះត្រូវបានសម្ដែងចេញជារូបរាងច្បាស់លាស់ ដោយអំពើជាក់ស្ដែងមួយ ឬច្រើន ។
ការរួមគំនិតក្បត់ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ។ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១០ (ដប់) ឆ្នាំទៅ ២០ (ម្ភៃ) ឆ្នាំ ប្រសិនបើបទល្មើសនេះ ត្រូវបានប្រព្រឹត្តដោយអ្នករាជការសាធារណៈ ៕