នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ នៅសណ្ឋារគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ឯកឧត្តម សំរាំង កំសាន្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួង វប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី កិច្ចសហប្រតិបត្តិការផ្លាស់ប្តូរវប្បធម៌ទៅវិញទៅមក ដើម្បីចូលរួមថែរក្សានិងអភិរក្សប្រពៃណីជាតិនៃបណ្តាប្រទេសជាប់ដងទន្លេមេគង្គ ឱ្យបានគង់វង្ស។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងនូវគាំទ្រ ចំពោះគំនិតផ្តួចផ្តើមក្នុងការចូលរួមថែរក្សាវប្បធម៌នេះដោយចាត់ទុកថានេះជាការបើកឱកាសថ្មីមួយបន្ថែមទៀតដល់មន្ត្រីជំនាញនិងយុវជនក្នុងការចែករំលែកនូវបទពិសោធន៍ចំណេះដឹងថ្មីៗលើការងារអភិរក្សនិងផ្សព្វផ្សាយវិស័យវប្បធម៌ឱ្យទទួលបានជោគជ័យ។
នៅក្នុងឱកាសនោះផងដែរ លោក កែវ កាន់វីរៈ ប្រធាននាយកដ្ឋានសហប្រតិបត្តិការវប្បធម៌អន្តរជាតិ និងកិច្ចការអាស៊ាននៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងសិក្ខាសាលានោះថា សិក្ខា សាលាថ្ងៃនេះ គឺជាផែនការថ្មីមួយទៀតក្នុងគោលបំណងផ្លាស់ប្តូរវប្បធម៌ប្រពៃណីរវាងបណ្តាប្រទេសជាប់ដងទន្លេមេគង្គបន្ថែមលើគោលនយោ បាយវប្បធម៌ របស់កម្ពុជានិងគោលនយោបាយវប្បធម៌ក្នុងតំបន់ដែលមានស្រាប់។ ដើម្បីឱ្យអង្គសិក្ខាសាលាស្តីពីបណ្តាញកិច្ចសហប្រតិបត្តិការក្របខណ្ឌវប្បធម៌មេគង្គ-ឡានឆាងនេះទទួលបានលទ្ធផលស្របតាមការគ្រោងទុក តំណាងនៃប្រទេសនីមួយៗនឹងចូលរួមធ្វើបទបង្ហាញពីវិស័យវប្បធម៌រៀងៗខ្លួនជូនដល់សិក្ខា កាម បន្ទាប់មកពួកគេនឹងចុះស្វែងយល់នៅតាមរមណីយ ដ្ឋានវប្បធម៌នៅរាជធានីភ្នំពេញនិងទស្សនាប្រាសាទភ្នំជីសូនៅខេត្តតាកែវ។
សូមបញ្ជាក់ថា សិក្ខាសាលាស្តីពីបណ្តាញកិច្ចសហប្រតិបត្តិការក្របខណ្ឌវប្បធម៌មេគង្គ- ឡានឆាងដែលរៀបចំឡើងដោយនាយកដ្ឋានសហ ប្រតិបត្តិការវប្បធម៌អន្តរជាតិនិងកិច្ចការអាស៊ាននៃក្រសួង វប្បធម៌និងវិចិត្រសិល្បៈនេះ គឺដើម្បីពិភាក្សាពីកិច្ចសហ ប្រតិបត្តិលើការផ្លាស់ប្តូរវិស័យវប្បធម៌រទៅវិញទៅមករវាងមន្ត្រីជំនាញផ្នែកវប្បធម៌មកពីប្រទេសជាប់ដងទន្លេមេគង្គចំនួន៦មានប្រទេសចិន មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជានិងវៀតណាម៕