អបអរសាទរ! ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា ២០១៩


នៅព្រឹកថ្ងៃសុក្រ ៦កើត ខែអស្សុជ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជួបសំណេះសំណាលនិងសាកសួរសុខប្រជាពលរដ្ឋវ័យចាស់ជរា ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា ២០១៩ ក្រោមប្រធានបទ “គាំទ្រសុខុមាលភាពមនុស្សចាស់ គឺជាកត្តាដ៏សំខាន់ក្នុងការអនុវត្តប្រព័ន្ធគាំពារសុខុមាលភាពមនុស្សគ្រប់វ័យក្នុងសង្គមជាតិនៅកម្ពុជា” ដែលរៀបចំឡើងបរិវេណមណ្ឌលកីឡាដ្ឋាន(ទល់មុខមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តស្ទឹងត្រែង។ ក្នុងទិវានេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋវ័យចាស់ជរាចំនួន១៥០នាក់។
ទន្ទឹមនឹងនោះឯកឧត្តម អភិបាលខេត្ត បានអាននូវសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ តុលា ឆ្នាំ២០១៩ ជូនអង្គពិធី។
នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹក ពីសម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេតែងយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ៗគ្នា ជាពិសេសប្រជាពលរដ្ឋដែលមានវ័យចាស់ជរា។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនប្រជាពលរដ្ឋវ័យចាស់ជរាទាំង១៥០នាក់ ដោយក្នុងម្នាក់ៗទទួលបាន មី១កេស ស្ករស១គីឡូក្រាម ទឹកដោះគោ២កំប៉ុង ទឹកស៊ីអ៊ីវ១យួរ និងភួយ១៕