ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម នាំស្រូវពូជ ៨៣តោន ជូនប្រជាកសិករនៅស្រុកក្រូចឆ្មារ


(ត្បូងឃ្មុំ)៖ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ បាននាំយកពូជស្រូវប្រមាណ ៨៣តោន ចែកជូនប្រជាកសិករជាង ១ពាន់គ្រួសារនៅក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដើម្បីធ្វើការដាំដុះបន្តក្រោយស្រូវរបស់ពួកគាត់រងការខូចខាតដោយទឹកជំនន់នាពេលកន្លងទៅ។

របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា គ្រោះទឹកជំនន់ក្នុងរដូវវស្សាឆ្នាំនេះ បានធ្វើឱ្យប៉ះពាល់ដំណាំស្រូវប្រមាណ ៥៥,៩៤៧ហិកតា។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកាលពីពេលថ្មីៗកន្លងទៅនេះ បានក្រើនរំលឹកដល់គណៈកម្មាធិករជាតិគ្រប់គ្រងគ្រោះមហន្តរាយយកគ្រាប់ពូជស្រូវចែកជូនប្រជាកសិករ ដើម្បីដាំដុះបន្ត។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ដែលជាសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅព្រឹកថ្ងៃនេះរូបឯកឧត្តមចាប់ផ្តើមបេសកកម្មយកពូជស្រូវចែកជូនប្រជាកសិករហើយ ដោយចាប់ផ្តើមពីស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ហើយនៅថ្ងៃស្អែកនឹងបន្តចែកជូនដល់ប្រជាពលរដ្ឋនៅក្នុងស្រុកផ្សេងៗទៀតដែលរងគ្រោះដោយទឹកជំនន់ ក្នុងខេត្តត្បូង និងខេត្តកំពង់ចាម។

ក្នុងឱកាសចែកពូជស្រូវជូនប្រជាពលរដ្ឋជាង ១ពាន់គ្រួសារព្រឹកមិញនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ក៏បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះពីសំណាក់សម្តេចតេជោ ហ៊ុន សែន។ ឯកឧត្តម គន់ គីម ក៏បានជម្រាបប្រជាពលរដ្ឋផងដែរ សម្តេចតេជោ តែងតែងគិតគូរជានិច្ចចំពោះសុខទុក្ខ និងផលលំបាករបស់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។ សម្តេចតេជោ ក៏បានក្រើនរំលឹកជានិច្ចដល់អាជ្ញាធរថ្នាក់ជាតិ និងក្រោមជាតិដោះស្រាយលរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ៕