ពិធីប្រកាសតែងតាំងចូលកាន់តំណែងជាអភិបាល អភិបាលរង និង នាយករដ្ឋបាលស្រុកពួកជាផ្លូវការ


លោក ស៊ិន ចាន់ថុល អភិបាលស្តីទីស្រុកពួក ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលនៃគណៈអភិបាលស្រុកពួក ដើម្បីដឹកនាំបន្តជំនួសលោក ម៉ៅ វិសុទ្ធ ដែលត្រូវបានចូលនិវត្ត និង ប្រកាសអភិបាលរងស្រុក ០២រូប នាយករដ្ឋបាលសាលាស្រុក១រូបផងដែរ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប កាលពីរសៀលថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០១៩ នៅសាលាស្រុកពួក ។

បន្ទាប់ពីគណៈអធិបតីប្រគល់អនុក្រឹត្យ និង ត្រា រួមទាំងប្រការរួចមក លោក ស៊ិន ចាន់ថុល ក៏បានធ្វើការប្តេជ្ញាចិត្តក្នុងអត្ថន័យរក្សាឲ្យបាននូវសមិទ្ធផលដែលបានកសាងកន្លងមក ព្រមទាំងខិតខំធ្វើការអភិវឌ្ឍបន្ថែមទៀតតាមការចង្អុលបង្ហាញរបស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក៏ដូចអាជ្ញាធរខេត្ត ក្នុងការអនុវត្តន៍នូវយុទ្ធសាស្ត្រចតុកោណជំហានទី៤ នីតិកាលទី៦ នៃរដ្ឋសភា ព្រមទាំងខិតខំពង្រឹងនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យខ្ជាប់ខ្ជួន ជូនប្រជាជនផងដែរ ។

ក្នុងនោះដែរឯកឧត្តម ទៀ សីហា ក៏បានធ្វើការកោតសរសើរ និង វាយតម្លៃខ្ពស់ផងដែរ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋទូទាំងស្រុកពួក ដែលបានរួមសាមគ្គីគ្នា ក្នុងការកសាង អភិវឌ្ឍន៍ស្រុក ឲ្យមានការរីកចម្រើនលើគ្រប់វិស័យក្នុងរយៈពេលកន្លងមកនេះ ។ ម៉្យាងទៀតស្រុកពួកទាំងមូល មានសក្តានុពើក្នុងវិស័យកសិកម្ម ទេសចរណ៍ និង សិប្បកម្មតម្បាញទៀតផង ។

ឯកឧត្តមបន្តទៀតថា សមទ្ធិផលដែលស្រុកសម្រេចបានកន្លងមកនេះ ជាគុណប្រយោជន៍ដ៏ឧត្តុង្គឧត្តមនៃប្រជាជាតិ ព្រមជាមួយកម្មវិធីកំណែទម្រង់នានារបស់ រាជរដ្ឋាភិបាល ហើយក្នុងបរិបទនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រាជរដ្ឋាភិបាលសម្រេច បាននូវសមទ្ធិផល ជាច្រើគួរជាទីមោទនភាព ។ ឯកឧត្តមអភិបាលខេត្តក៏លើកឡើងថា កាប្រកាសតែងតាំងចូលកាន់មុខតំណែងនេះ វាជាបែបបទនីតិវិធី ដែលបានកំណត់ក្នុងច្បាប់ ហើយត្រូវបានយកមកអនុវត្តក្នុងប្រព័ន្ធរដ្ឋបាល សំដៅធ្វើយ៉ាងណាឲ្យការគ្រប់គ្រង ដឹកនាំរដ្ឋបាលកាន់តែមានប្រសិទ្ធភាព ក្នុងការឆ្លើយតបនឹងតម្រូវការរបស់មូលដ្ឋាន។

ឯកឧត្តម ទៀ សីហា ក៏បានគូសបញ្ជាក់ថា នេះជាប្រពៃណីរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ របស់រាជរដ្ឋាភិបាល ពុំមានអ្វីដែលថ្មី និង ប្លែកនោះទេ តែសំខាន់នោះ គឺ ចរន្តនៃការងាររដ្ឋបាល ពុំមានការប្រែប្រួល ដោយរដ្ឋបាលស្រុកត្រូវតែបន្ត និរន្តរភាពការងារបន្តទៀត ដោយប្រមូលផ្តុំកម្លាំងសរុប សំដៅជម្រុញ បង្កើននូវប្រសិទ្ធភាពការងារដឹកនាំ គ្រប់គ្រងរដ្ឋបាលស្រុកឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងការ បម្រើនូវសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ គឺច្រកចេញចូលតែមួយ ។ ឯកឧត្តម បានក្រើនរំលឹកដល់អភិបាលស្រុកពួក ដែលត្រូវបានតែងតាំងថ្មី ត្រូវខិតខំបំពេញការងារ ដោយស្មារតីយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ ប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីបំពេញការងារជូនតម្រូវការជូនប្រជាពលរដ្ឋឲ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត ដោយត្រូវគោរពរដ្ឋធម្មនុញ្ញ ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តជាធរមាន របស់រាជរដ្ឋាភិបាលកម្ពុជា ។

ឯកឧត្តមអភិបាលខេត្តបន្តថា កិច្ចការអភិវឌ្ឍន៍មូលដ្ឋាន គឺជាភារកិច្ចស្នូល សុខទុក្ខប្រជាពលរដ្ឋជាបញ្ហាចំបង ការងារទប់ស្កាត់រាល់បទល្មើសផ្សេងៗ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន វាជាការងារដ៏សំខាន់ នោះបទល្មើសការកាប់ទន្រ្ទានព្រៃលិចទឹកយកដីធ្វើកម្មសិទ្ធិ បទល្មើសនេសាទ ។ ម៉្យាងទៀតត្រូវធ្វើការពង្រឹងអង្គការវិន័យផ្ទៃក្នុង របស់មន្ត្រីរាជការក្រោម ឱវាទឲ្យបំពេញភារកិច្ចបានល្អ និង ជម្រុញការបណ្តុះបណ្តាលនូវសមត្ថភាពធនធានមនុស្ស នៅថ្នាក់ក្រោមជាតិផងដែរ ។ ម៉្យាងទៀតត្រូវធ្វើការពង្រីកនូវ លើវិស័យទេសចរណ៍នៅក្នុងសហគមន៍ ដោយមានការរួមសហការជា មួយមន្ទីរជំនាញ ស្ថាប័ន ពាក់ព័ន្ធ ដើមី្បជាផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកទាំងមូល និង ត្រូវចេះសាមគ្គីភាពផ្ទៃក្នុងគណៈអភិបាល មន្ត្រីរាជការលើការដឹកនាំ គ្រប់គ្រង ការិយាល័យ និង អង្គភាពក្នុងស្រុកឲ្យបានល្អ និង បង្កើនការពង្រឹងនូវរបៀបរបបការងាររដ្ឋបាល នៅក្នុងសាលាស្រុក ព្រមទាំងមានការទំនាក់ទំនងឲ្យបានល្អជាមួយបណ្តា ស្ថាប័ន អង្គភាព និង បង្កើនលើការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពដល់ភ្ញៀវទេសចរណ៍ និង ប្រជាជនផងដែរ ។

ឯកឧត្តមក៏បានក្រើនរំលឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សំខាន់ប្អូនៗយុវជនដែលជាសសរគ្រឹះក្នុងសង្គម ត្រូវចូលរួមធ្វើការផ្សព្វផ្សាយ អប់រំ ណែនាំដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខ្លួន កុំឲ្យស្តាប់នូវការញុះញុងរបស់ក្រុមឧទាមក្រៅច្បាប់ ដែលមានគំនិតចង់ផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតគាំទ្ររបស់ប្រជាពលរដ្ឋកម្ពុជា សំខាន់ចំពោះកងកម្លាំង រួមសហការ ជាមួយប្រជាការពារភូមិ ព្រមទាំងជម្រុញលើការងារអប់រំទៀតផង ។ ម៉្យាងទៀតត្រូវណែនាំប្រជាកសិករយើងដែររងផលប៉ះពាល់ដោយគ្រោះធម្មជាតិ ជម្រុញក្នុងការធ្វើស្រែបណ្តេញទឹក និង ស្រែប្រាំង ក្នុងការស្តារជីវភាពឡើងវិញ្របស់បងប្អូន និងត្រូវចេះថែរក្សាតំកល់ទឹកសម្រាប់ប្រើប្រាស់បង្កបង្កើនផល នៅពេលខាងមុខនេះផងដែរ ៕