សិក្ខាសាលា​ស្ដីពី​ការ​ពង្រឹងសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និង​ព័ត៌មាន​ជូន​ដល់​បុគ្គលិក​អប់រំ


រាជធានីភ្នំពេញ៖នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃក្រសួងអប់រំ យុវជន និងកីឡា បាន​រៀបចំ​សិក្ខាសាលា​ការ​ពង្រឹង​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ក្នុង​គោលបំណង បំប៉ន​សមត្ថភាព​មន្ត្រី អប់រំឯកទេសព័ត៌មានវិទ្យា ស្ដីពី​សុវត្ថិភាពក្នុងការការពារប្រព័ន្ធទិន្នន័យ រួមទាំងការត្រួតពិនិត្យមើលរបាយការណ៍ លើប្រព័ន្ធអ៊ីនធឺណិត ដើម្បីធានាបាន ក្នុងការពារសុវត្ថិភាពនៃ ការវាយប្រហារផ្សេងៗពីសំណាក់ចោរព័ត៌មានវិទ្យា(Hacker)។

សិក្ខាសាលានេះមានគោលដៅចែករំលែកពីវិធីសាស្ត្រ ក្នុងការប្រើប្រាស់អ៊ីនធឺណិត ដ៏ត្រឹមត្រូវ និងការការពារសុវត្ថិភាព ដែលជាកត្តាដ៏សំខាន់ នាសម័យកាលឌីជីថលបដិវត្តន៍​ឧស្សាហកម្ម៤.០ ស្វែងយល់ពីការការពារសុវត្ថិភាពខ្ពស់ ក្នុងការពារប្រព័ន្ធទិន្នន័យ សិក្សាស្វែងយល់ពី ប្រព័ន្ធវាយប្រហារ និងការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត ការការពារពីប្រព័ន្ធ​វាយប្រហារផ្សេងៗ ពីសំណាក់ចោរព័ត៌មានវិទ្យា និងការពិនិត្យតាមដានខ្ពស់រួម នឹងវិធីសាស្ត្រ ក្នុងការការពារពីការវាយប្រហារលើប្រព័ន្ធបណ្ដាញអ៊ីនធឺណិត។

លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បាន​អញ្ជើញជាអធិបតីភាពសិក្ខាសាលានេះ។ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមពី សំណាក់វាគ្មិនកិត្តិយស លោកលី វណ្ឌី ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកសន្តិសុខព័ត៌មាន និងសវនកម្ម​ប្រព័ន្ធបច្ចេកវិទ្យា​នៅ​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​អន្តរជាតិ៕

១៤ តុលា ២០១៩ | អគាររដ្ឋបាលចៅពញាហុក