កិច្ចពិភាក្សាពីលទ្ធភាព បន្ថែមជម្រើសបង់សេវាដេញថ្លៃ លេខពិសេសផ្ទាល់ខ្លួន និងការបង់កម្រៃសេវាក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុជាបេក្ខជន ចំនួន៩


ថ្ងៃចន្ទ ០១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្តគ្រួសារ និងរថយន្តធុនស្រាល បានជួបពិភាក្សាការងារជាមួយ ថ្នាក់ដឹកនាំ នៃគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាបេក្ខជន ដែលនឹងក្លាយជាដៃគូ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីសមាជិក សមាជិកាគណៈកម្មការអន្តរក្រសួង ដើម្បីគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្តគ្រួសារ និងរថយន្តធុនស្រាល។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងផ្ដល់មធ្យោបាយទូទាត់ប្រាក់តាមប្រព័ន្ធ Digital ថ្មីមួយទៀត ក្នុងការដេញថ្លៃ និងបង់តម្លៃលេខពិសេសផ្ទាល់ខ្លួន ព្រមទាំងបង់កម្រៃសេវាផ្សេងៗទៀត ក្នុងវិស័យដឹកជញ្ជូនផ្លូវគោក សំដៅរួមចំណែកក្នុងការធ្វើកំណែទម្រង់សេវាសាធារណៈ ឱ្យមានប្រសិទ្ធភាព តម្លាភាព ឆាប់រហ័ស និងផ្ដល់ភាពងាយស្រួល ក៏ដូចជាសុវត្ថិភាពជូនប្រជាពលរដ្ឋ។

គ្រឹះស្ថានទាំង៩នោះរួមមាន៖
1. ធនាគារ ABA
2. ធនាគារ វឌ្ឍនៈ
3. ធនាគារ កាណាឌីយ៉ា ក.អ
4. ធនាគារ ព្រីនស៍
5. ធនាគារ ហុង លីអុង
6. ធនាគារ កម្ពុជាអាស៊ី
7. ធនាគារ ស្ថាបនា
8. ធនាគារ អាយស៊ីប៊ីស៊ី
9. ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី

លោកជំទាវ រដ្ឋលេខាធិការ បានមានមតិស្វាគមន៍ ចំពោះវត្តរបស់គ្រឹះស្ថានទាំង៩ ដែលមានបំណងចង់ចូលរួម ជំរុញការផ្តល់សេវាសាធារណៈ របស់ក្រសួងសាធារណការ និងដឹកជញ្ជូនឱ្យកាន់តែមានជម្រើសសំបូរបែបបន្ថែមទៀត។

លោកជំទាវ បានជម្រាបអង្គប្រជុំអំពី ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តមទេសរដ្ឋមន្ត្រី បានបង្កើតប្រព័ន្ធបច្ចេកវិទ្យាក្នុងការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ដើម្បីសម្រួលដល់ការកាត់បន្ថយពេលវេលាផ្តល់សេវា កាត់បន្ថយចំណាយក្រៅផ្លូវការ ក៏ដូចជាបង្ខិតសេវាកាន់តែជិតប្រជាពលរដ្ឋ។

លោកជំទាវប្រធានអង្គប្រជុំបានជម្រាបជូន ដល់គ្រឹះស្ថានអំពីវឌ្ឍនភាពការងារផ្តល់សេវា រយៈពេល ៩ខែ ឆ្នាំ២០១៩ មានប្រមាណជា ១លានប្រតិបត្តការ និងប្រមូលចំណូលដុលបានសរុប ប្រមាណជាង ១១៤ពាន់លានរៀល ខណៈបច្ចុប្បន្នមានគ្រឹះស្ថានដៃគូរចំនួន៦ បានចាប់ដៃគូរជាមួយក្រសួង។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកជំទាវរដ្ឋលេខាធិការ បានជម្រាបជូនទៅគ្រឹះស្ថានហិរញ្ញវត្ថុ អំពីគំនិតផ្តួចផ្តើមថ្មីរបស់ក្រសួងក្នុងការផ្តល់សេវាលេខពិសេសផ្ទាល់ខ្លួន ដែលជាបង្គំ អក្សរ និងលេខឡាតាំងមិនលើសពី៨ខ្ទង់ ដើម្បីបំពេញតម្រូវការប្រជាពលរដ្ឋ ក្នុងនោះផងដែលក្រសួងក៏មានបំណងផ្ដល់ជម្រើសក្នុងការបង់ប្រាក់បញ្ជាទិញ និងការចូលរួមដេញថ្លៃ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប។ គំនិតផ្តួចផ្តើមទាំងនេះអាចដំណើរការទៅបាន លុះត្រាតែមានការសហការពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលកំពុងប្រើប្រាស់បច្ចេកវិទ្យា ក្នុងការចរាចរណ៍សាច់ប្រាក់នៅកម្ពុជា។

លោកជំទាវសង្ឃឹមយ៉ាងមុតមាំផងដែរថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំង៩ នឹងចូលជាដៃគូរជាមួយក្រសួងក្នុងការទូទាត់ និងប្រមូលចំណូលសម្រាប់សេវាសាធារណៈរបស់ក្រសួង ជាពិសេសសេវាលេខពិសេសផ្ទាល់ខ្លួន ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែមានជម្រើសច្រើនក្នុងការមកទទួលសេវានេះ៕