រដ្ឋមន្ត្រីការពារជាតិកម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីកិច្ចសហប្រតិបត្តិការវាងកងទ័ពប្រទេសទាំងពីរ នៅទីក្រុងប៉េកាំង


(ប៉េកាំង-ចិន)៖ នៅក្នុងឱកាសអញ្ជើញចូលរួមពិធីបើកការប្រកួតកីឡាយោធាពិភពលោកលើកទី៧ នៅទីក្រុង អ៊ូហាន រួចមក គណៈប្រតិភូក្រសួងការពារជាតិកម្ពុជាដឹកនាំដោយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ វ៉េ ហ៊្វុងហឺ រដ្ឋមន្ត្រីការពារជាតិចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីកិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំងពីរកម្ពុជា និងចិន។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីកិច្ចសហប្រតិបត្តិការវាងកងទ័ពប្រទេសទាំងពីរ បានធ្វើឡើង នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ នៅក្នុងឱកាសដែលសម្តេចពិជ័យសេនា ទៀ បាញ់ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ អមដំណើរដោយនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស និងជាអគ្គនាយក អគ្គនាយកដ្ឋាន នយោបាយ និងកិច្ចការបរទេស, នាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយក អគ្គនាយកដ្ឋានសំភារៈបច្ចេកទេស និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ បានចូលជួបសំដែងការគួសមនាយឧត្តមសេនីយ៍ វ៉េ ហ៊្វុងហឺ រដ្ឋមន្ត្រី្ហការពារជាតិចិន នៅទីក្រុងប៉េកាំង។

ក្នុងជំនួបនាឱកាសនោះ នាយឧត្តមសេនីយ៍ វ៉េ ហ៊្វុងហឺ បានសម្តែងការស្វាគមន៍ចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលបានដឹកនាំគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា មកចូលរួមក្នុងពិធីបើកការប្រកួតកីឡាយោធាពិភពលោកលើកទី៧ នៅទីក្រុង អ៊ូហាន និងចូលរួមក្នុងវេទិកាសៀនសានលើកទី៩ នៅទីក្រុងប៉េកាំង។

នាយឧត្តមសេនីយ៍ វ៉េ ហ៊្វុងហឺ បានសម្ដែងការកោតសរសើរ ចំពោះសម្តេចពិជ័យសេនា ដែលបានខិតខំជំរុញក្នុងការអភិវឌ្ឍទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា និង ចិន។

រដ្ឋមន្ត្រី្ហការពារជាតិចិន បានបញ្ជាក់ថា ចិន និងកម្ពុជា ជាមិត្តភក្តិដែកថែប។ ក្រោមការដឹកនាំរបស់ប្រធានាធិបតី ស៊ី ជីនពីង ក៏ដូចជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅហើយបច្ចុប្បន្ននេះ គឺស្ថិតនៅក្នុងកម្រិតខ្ពស់ជាងគេ ក្នុងប្រវត្តិសាស្រ្ត។

នាយឧត្តមសេនីយ៍ វ៉េ ហ៊្វុងហឺ បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ ជិតស្និត និងទទួលបាននូវសមិទ្ធផលធំធេងជាច្រើន ហើយកិច្ចសហប្រតិបត្តិកា ររវាងកងទ័ពទាំងពីរ បានក្លាយទៅជាយន្តការមួយដែលបានជួយជំរុញដល់ការអភិវឌ្ឍទំនាក់ទំនង រវាងប្រទេសទាំងពីរកម្ពុជា និងចិន។

រដ្ឋមន្ត្រី្ហការពារជាតិចិន បានបញ្ជាក់ថា ប្រទេសចិននៅតែបន្តផ្តល់ជំនួយ និងការគាំទ្រដល់ការកសាងកងទ័ព និងការអភិវឌ្ឍវិស័យការពារជាតិ របស់ប្រទេសកម្ពុជា។

នៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីនាពេលនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានសម្ដែងការអបអរសាទរក្នុងឱកាសប្រទេសចិន បានប្រារព្ធខួបលើកទី៧០ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដ៏មហោឡារិក កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ និង អបអរសាទរចំពោះជោគជ័យ នៃពិធីបើកការប្រកួតកីឡាយោធាពិភពលោកលើកទី៧ នៅទីក្រុង អ៊ូហាន។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ទំនាក់ទំនងមិត្តភាពរវាងប្រជាជន និងកងទ័ពប្រទេសទាំងពីរកម្ពុជា ចិនដែលបានចាប់ផ្តើម ដោយថ្នាក់ដឹកនាំគ្រប់ជំនាន់ រហូតមកដល់បច្ចុប្បន្ននេះត្រូវបានពង្រឹង និងពង្រីកថែមទៀត យ៉ាងខ្លាំងក្លាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។

សម្តេចពិជ័យសេនា បានវាយតំលៃខ្ពស់ និងមានជំនឿជឿជាក់ ជាមួយតួនាទីដ៏សំខាន់មិនអាចខ្វះបានរបស់ប្រទេសចិន ជាពិសេសតួនាទី របស់កងទ័ពរំដោះប្រជាជនចិន ដែលបានចូលរួមយ៉ាងស្វាហាប់ និងយ៉ាងមោះមុតក្នុងការកសាងនិង អភិវឌ្ឍ ចំពោះសន្តិភាព និងការអភិវឌ្ឍក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោក។

សម្តេចពិជ័យសេនា បានថ្លែងអំណរគុណចំពោះការជួយជ្រោមជ្រែង ផ្តល់ការជួយឧបត្ថម្ភក្នុងការអនុវត្តិកិច្ចសហប្រតិបត្តិការទ្វេរភាគី រវាងកងទ័ពទាំងពីរកម្ពុជា-ចិន ដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូ ការបង្កើនកំរិតនៃការធ្វើលំហាត់ហ្វឹកហ្វឺន បង្កើនប្រសិទ្ធភាព នៃការបណ្តុះបណ្តាលធនធានមនុស្ស រួមទាំងកិច្ចសហប្រតិបត្តិការកំរិតតំបន់ និងអន្តរជាតិផងដែល ដែលបានធ្វើឱ្យទំនាក់ទំនងកងទ័ពទាំងពីរកាន់តែរឹងមាំ៕