ឈរលើចក្ខុវិស័យលើការលើកកម្ពស់សមភាពយេនឌ័រក្នុងភាពជាអ្នកដឹកនាំ ការអភិវឌ្ឍស្ថាប័ន និងការពង្រីកភាពជាដៃគូជាមួយវិស័យឯកជន និងដៃគូពាក់ព័ន្ធ នេះជាឆ្នាំទី៤ ដែលក្រសួងកិច្ចការនារី បានសហការជាមួយរដ្ឋាលីដឌីង រួមជាមួយក្រុមទូតសុច្ឆន្ទៈភាពជាអ្នកដឹកនាំ សមាគមសហគ្រិនស្រ្តីកម្ពុជា សហព័ន្ធស្រ្តីអ្នកជំនួញកម្ពុជា មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន និងសមាគមធនធានមនុស្សកម្ពុជា បានរៀបចំទិវាភាពជាអ្នកដឹកនាំ ដែលមានវាគ្មិន ប្រមាណ៥០រូបពីវិស័យសាធារណៈ និងវិស័យឯកជន មកចែករំលែកចំណេះដឹង និងមេរៀនបទពិសោធន៍ ក្នុងភាពជាអ្នកដឹកនាំ ស្របជាមួយប្រធានបទតាមឆ្នាំនីមួយៗ។
ទិវាភាពជាអ្នកដឹកនាំប្រចាំឆ្នាំ២០១៩នេះ បានប្រព្រឹត្តណ៍ទៅកាលពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ក្រោមប្រធានបទ «ការកសាងមូលធនមនុស្ស សម្រាប់ជាតិយើងនៅកម្ពុជា» ក្នុងការពង្រីកបរិយាកាស ដើម្បីចូលរួមកសាង និងអនុញ្ញាតឱ្យមនុស្សគ្រប់គ្នា អាចក្លាយជាមូលធនមនុស្សដ៏ល្អ អស្ចារ្យរបស់ជាតិ រួមទាំងនៅក្នុងគ្រួសារ ស្ថាប័នរដ្ឋ និងឯកជន។ កម្មវិធីរយៈពេល៣ថ្ងៃនេះ ដំណើរការទៅក្រោមអធិបតីភាព លោកជំទាវ ហ៊ូ សាមិត្ត រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ វេជ្ជ. អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តី ក្រសួងកិច្ចការនារី។