ស្នងការនគរបាលខេត្តក្រចេះ៖ កម្លាំងនគរបាលទូទាំងខេត្ត ត្រៀមខ្លួនរួចហើយ ដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការកម្ទេចក្រុមឧទ្ទាមក្រៅច្បាប់


(ក្រចេះ)៖ ស្នងការនគរបាលខេត្តក្រចេះ លោកឧត្តមសេនីយ៍ទោ លន់ សុផាត បានអះអាងថា កម្លាំងនគរបាលទូទាំងខេត្តក្រចេះ បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីអនុវត្តនូវបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្នុងការវាយកម្ទេចក្រុមឧទ្ទាមក្រៅច្បាប់ ដែលចង់បំផ្លាញសន្ដិភាព។

ការប្រកាសរបស់លោកឧត្តមសេនីយ៍ទោ លន់ សុផាត បានធ្វើឡើងនៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ ក្នុងឱកាសបានអញ្ជើញដឹកនាំកិច្ចប្រជុំ ពង្រឹងសន្តិសុខផ្ទៃក្នុង ដោយមានការចូលរួមពីលោក លោកស្រីស្នងការរង អធិការនគរបាលស្រុកក្រុងទូទាំងខេត្ត។

ក្រោយកិច្ចប្រជុំនារសៀលនោះ លោកឧត្តមសេនីយ៍ទោ លន់ សុផាត បានចុះពិនិត្យការហាត់សមរបៀបរបស់កម្លាំងនគរបាលអន្តរាគមន៍ ចំនួនជាង១០០នាក់ ដែលកំពុងតែបំពាក់បំប៉នហ្វឹកហ្វឺន ដើម្បីពង្រឹងកិច្ចការងារសន្តិសុខ និងត្រៀមការអន្តរាគមន៍។

ថ្លែងក្នុងឱកាសសំណេះសំណាល ជាមួយនាយ នាយរងនគរបាល និងកងកម្លាំងនគរបាលអន្តរាគមន៍នារសៀលនោះ លោកឧត្តមសេនីយ៍ទោ លន់ សុផាត បាននាំការសួរសុខទុក្ខពីសំណាក់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជំរុញឲ្យកងកម្លាំងនគរបាលខិតខំ យកចិត្តទុកដាក់ក្នុងបុព្វហេតុការពារជាតិមាតុភូមិ។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ទោ លន់ សុផាត បានជំរុញ និងក្រើនរំលឹកដល់នាយ នាយរងនគរបាល ដឹកនាំកងកម្លាំងនគរបាលត្រៀមអន្តរាគមន៍ រង់ចាំបញ្ជារបស់ អគ្គស្នងការនគរបាលជាតិ បង្រ្កាបបន្ទាន់ក្រុមជនឧទាមក្រៅច្បាប់ ដឹកនាំដោយឧក្រិដ្ឋជន សម រង្សី ក្នុងចេតនាបង្កភាពវឹកវរចលាចលក្នុងប្រទេសកម្ពុជា និងប៉ុនប៉ងធ្វើរដ្ឋប្រហារ។

លោកឧត្តមសេនីយ៍ស្នងការ បានលើកឡើងថា «យើងជាកងកម្លាំងនគរបាលជាតិ ត្រូវការពារដាច់ខាត នូវរាល់ពុព្វហេតុជាតិ និងការពារសុខសន្តិភាព ដែលមានសព្វថ្ងៃ គាំទ្ររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី»៕