ឯកឧត្តម ងួន រតនៈ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ប័ណ្ណសរសើរជូនដល់និស្សិតឆ្នើមចំនួន ២០០ អង្គ-នាក់ នៅសាខាសាកលវិទ្យាបៀលប្រាយ ខេត្តបាត់ដំបង


ថ្ងៃសៅរ៍ ៦កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ប័ណ្ណសរសើរជូននិស្សិតឆ្នើម ប្រចាំជំនាន់ និងប្រចាំឆមាសចំនួន ២០០អង្គ-នាក់ នៅសាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួម ពីលោកអភិបាលក្រុងបាត់ដំង មន្ទីរ អង្គភាព លោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យ និងសមណនិស្សិត និសិ្សតនៃសាកលវិទ្យាល័យបៀលប្រាយសាខាខេត្តបាត់ដំបង ។

ឯកឧត្តម ងួន រតនៈ បានធ្វើការកោតសរសើរចំពោះព្រះតេជគុណជាសមណនិស្សិត និងក្មួយៗនិស្សិត ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ រហូតដល់ទទួលបានប័ណ្ណសរសើរចាប់ពីលេខ ១ ដល់លេខ៥ នាឱកាសនេះ ។

ឯកឧត្តម បានបន្តទៀតថា ចំពោះប័ណ្ណសរសើរនេះ មិនមែនបានយកដោយស្រួលៗនោះទេ គឺបានមកពីការខិតខំប្រឹងប្រែងរបស់ព្រះតេជគុណ និងក្មួយៗ ដែលខិតខំប្រឹងប្រែងតស៊ូរៀនសូត្ររហូតបានទទួលប័ណ្ណសរសើរ ហើយបានទទួលចំណេះដឹងមួយ និងជាធនធានមនុស្សដ៏សំខាន់សម្រាប់ជួយអភិវឌ្ឍន៍ប្រទេសជាតិនាពេលបច្ចប្បន្ន និងនាថ្ងៃអនាគត ។

នៅឱកាសនោះដែល ឯកឧត្តម បានបញ្ជាក់អំពីសក្តានុពលរបស់ខេត្តបាត់ដំបង ដែលមានវិស័យកសិកម្ម ជាជង្រុកស្រូវធំ ហើយប្រជាពលរដ្ឋក្នុងខេត្តក៏មានជីវភាពប្រសើរឡើង ពីមួយកំរិត ទៅមួយកំរិត ទាំងអស់នេះដោយសារតែប្រទេសជាតិមានសុខសន្តិភាពផងដែរ៕