ក្រុមអ្នកសារព័ត៌មានវ័យក្មេងនិងយុវជនកម្ពុជា-វៀតណាមបង្ហាញជំហររួមគ្នាពូនជ្រុំទំនាក់ទំនងមិត្តភាកម្ពុជា វៀតណាមអោយកាន់តែស្អិតល្មួត


ក្រុមអ្នកសារព័ត៌មានវ័យក្មេងនិងយុវជនកម្ពុជា-វៀតណាមបង្ហាញជំហររួមគ្នាជំរុញទំនាក់ទំនងមិត្តភាកម្ពុជា វៀតណាមអោយកាន់តែស្អិតល្មួតដើម្បីបម្រើផលប្រយោជន៍ប្រជាជាតិទាំងសងខាង។

ក្នុងដំណើរទស្សនកិច្ចក្រុមប្រតិភូអ្នកសារព័ត៌មានជាមន្រ្តីព័ត៌មាននៃក្រសួងព័ត៌មាននិងក្រុមយុវជន និស្សិតផ្សេងទៀតមកពីក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជាទៅកាន់ប្រទេសវៀតណាមបានបញ្ចប់ទៅដោយភាពជោគជ័យជាច្រើនតាមរយៈជួយជំរុញការ រឹតចំណងមិត្តភាពទ្វេភាគីរវាងកម្ពុជានិងវៀតណាមដែលមានភូមិផងរបងជាមួយគ្នា។

ឯកឧត្តមឆាយ សុផល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលបានដឹកនាំក្រុមគណៈ ប្រតិភូអ្នកសារព័ត៌មានវ័យក្មេងនៃក្រសួងព័ត៌មានកម្ពុជាបានឲ្យដឹងថា ក្នុងដំណើរទស្សកិច្ចនេះ ក្រុមយុវជន និស្សិតផ្សេងទៀតមកពីក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា

បានជួបពិភាក្សាផ្លាស់ប្ដូរបទពិសោធន៍ជាមួយក្រុមអ្នកសារព័ត៌មាននិងយុវជនវៀតណាម ដើម្បីស្វែងរកគន្លឹះសំខាន់ៗដ៏មានប្រសិទ្ធភាពនៃការជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការកាន់តែល្អជាប្រពៃរវាងកម្ពុជានិងវៀតណាម។ឯកឧត្តមបញ្ជាក់ថា ការរៀបចំជំនួបអ្នកកាសែតវ័យក្មេងនៅពេលនេះជាសកម្មភាពដ៏ល្អប្រសើរនិងសមស្រប ដើម្បីឲ្យអ្នកកាសែតវ័យក្មេងនិងយុវជនជំនាន់ក្រោយបានរៀនសូត្របន្តនូវទំនាក់ទំនងល្អកិច្ចសហប្រតិបត្តិការល្អជាប្រពៃណីរវាងប្រទេសភូមិផងរបងជាមួយកម្ពុជា-វៀតណាម។ បន្ថែមពីនេះទៀត ប្រសិនបើប្រទេសជិតខាងមានទំនាក់ទំនងល្អក្នុងវិស័យព័ត៌មាននេះគឺអាចចែករំលែកព័ត៌មានឲ្យគ្នាទៅវិញទៅមក កាន់មានភាពងាយស្រួយ និងលឿនរហ័ស។ ឯកឧត្តមថា ក្រុមយុវជន និស្សិតផ្សេងទៀតមកពីក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជានិងវៀតណាម បានរួមគ្នាដាំកូនឈើចំនួន៥២ដើមនៅតំបន់ប្រវត្តិសាស្រ្តតៃនិញដើម្បីបង្ហាញពីការពូនជ្រុំចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំង២កម្ពុជា វៀតណាមដែលមានភូមិផងរបងជាមួយគ្នា។ បន្ថែមពីនេះទៀតក្រុមគណៈប្រតិភូចូលរួមក្នុងដំណើរទស្សនៈកិច្ចសិក្សាស្វែងយល់ពីតំបន់ទេសចរណ៍ភ្នំប៉ាឌែង ឬស្ថិតក្នុងខេត្តតៃនិញ ប្រទេសវៀត បន្ទាប់មកទៅ ទស្សនាក្រុមហ៊ុនពាណិជ្ជកម្មគំរូ របស់ខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីស្វែងយល់ពីសក្តានុពលវិនិយោគសំខាន់ៗ ដែលជួយជំរុញកំណើនសេដ្ឋកិច្ច។

 លោកជំទាវ ស្រូយ សុជាតិ អគ្គនាយិការនៃអគ្គនាយកដ្ឋានយុវជននៃក្រសួងអប់រំយុវជន និងកីឡា ដែលដឹកនាំក្រុមគណៈប្រតិភូយុវជននិងនិស្សិតនៃក្រសួងអប់រំយុវជននិងកីឡាបាន ចាត់ទុកដំណើរទស្សនៈកិច្ចទៅកាន់ប្រទេសវៀតណាមនេះបានផ្តល់ផលប្រយោជន៍យ៉ាងច្រើន

ដល់ក្រុមយុវជនកម្ពុជា-និងវៀតណាមបានស្វែងយល់ពីគ្នាយ៉ាងស៊ីជំរុញក្នុងបំណងពូនជ្រុំទំនាក់ ទំនងដ៏ល្អជាប្រពៃណីរវាងកម្ពុជានិងវៀតណាម។

សូមបញ្ជាក់ថា កម្មវិធីជួបជុំជាមិត្តភាព និងផ្លាស់ប្ដូរបទពិសោធន៍ នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អក្នុងវិស័យព័ត៌មាន វប្បធម៌ អប់រំ រវាងភាគីទាំងពីរកម្ពុជា-វៀតណាម នេះ ស្របពេលដែលប្រទេសយើងទាំង២កំពុងអបអរសាទរខួបលើកទី ៥២ ឆ្នាំនៃការបង្កើតចំណងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កម្ពុជា- វៀតណាម៕