ក្រុមយុវជនស្ម័គ្រចិត្តជាង៦០០នាក់បានចុះអប់រំណែនាំប្រជាពលរដ្ឋអោយចេះថែរក្សាអនាម័យ ឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដើម្បីធានាឲ្យព្រះរាជពិធីនេះនៅតែស្អាតជាប្រចាំដែលគ្មានសំរាមរាយប៉ាយនៅតាមដងផ្លូវឬសួនច្បារសាធារណៈ។
ថ្លែងប្រាប់វិទ្យុជាតិកម្ពុជាក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអក អំបុកនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម សុខ សប្បាយណា សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាបានមានប្រសាសន៍ថា ក្រុមការងារយុវជនស្ម័គ្រចិត្តជាង ៦០០នាក់នេះ បានបែងចែកជា ៤ទីតាំងនិងជា២វេន ក្នុងនោះវេនទី១ ធ្វើការអប់រំនៅតាមស្តង់ ការដើរចល័តដើម្បីដាស់តឿនអារម្មណ៍របស់ប្រជាពលរដ្ឋអោយចេះអនាម័យ និងទុកដាក់សម្រាមអោយបានត្រឹមត្រូវ
សម្រាប់ក្រុមទី២វិញគឺដើរចែកថង់សម្រាមអ្នកលក់ដូរ ក៏ដូចជាអ្នកចូលរួម ដើម្បីអោយវេចខ្ជប់សំរាមអោយបានត្រឹមត្រូវ ដើម្បីងាយស្រួលដល់បុគ្គលិកអនាម័យក្នុងការចុះទៅប្រមូលសំរាម។ លើសពីនេះទៀតឯកឧត្តមបន្តថា ក្រុមយុវជនក៏បានរៀបចំក្រុមការងារ ចំនួន៣០នាក់ ដែលរាល់ព្រឹកពួកគាត់ទៅកន្លែងកីឡាករកីឡាការិនីស្នាក់នៅដើម្បីអប់រំ និងចែកថង់ លើទូកផង និង កន្លែងស្នាក់នៅផង។
ឯកឧត្តមបានបន្តទៀត នៅក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ មានដាក់កញ្ឆេរចំនួន ១២០០ កញ្ឆេនិង ធុងសម្រាមជាង២០០ធុងនៅជុំវិញបរិវេណ ហើយតាមកញ្ឆេរ ឫ ធុងសម្រាមនីមួយៗមានដាក់នូវនិមិត្តសញ្ញាដ៏ស្រស់ស្អាត ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋស្វែងរកកន្លែងដាក់សម្រាម។ ឯកឧត្តមបានថ្លែងទៀតថា នៅពេលរាត្រីវិញក្រោយព្រះរាជពិធីបុណ្យត្រូវបានបញ្ចប់ក៏មានក្រុមបុគ្គលិកអនាម័យចំនួន៩៤៦នាក់ចុះធ្វើការប្រមូលសំរាម នៅតាមតំបន់គោលដៅសំខាន់ៗរបស់ខ្លួន ដើម្បីធានាបានភាពស្អាតនិងគ្មានគំនរសំរាមរាយប៉ាយនៅជុំវិញកន្លែង ប្រារព្ធពិធី។
សម្លេង«សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលចូលរួមកម្សាន្តសប្បាយនៅក្នុងព្រះរាជពិធី បុណ្យប្រពៃណីជាតិខ្មែរនេះ ចូលរួមសំអាតអនាម័យបរិស្ថាន តាមរយៈទុកដាក់សំរាមក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ បន្ទាប់ពីហូបចុកចំណីអាហាររួចរាល់»។
លោក នី រ៉ាត់ ប្រជាពលរដ្ឋមកពីខេត្តកំពង់ចាម បានប្រាប់វិទ្យុជាតិកម្ពុជាថា ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ គឺរៀបចំបានល្អដោយគ្មានសំរាមរាយប៉ាយនៅតាមទីសាធារណៈ នេះបានសរបញ្ជាក់អោយឃើញថាប្រជាពលរដ្ឋកាន់តែមានការយល់ដឹងក្នុងការទុកដាក់សំរាម។ សម្លេង«ឆ្នាំនិងល្អពីព្រោះយើងឃើញមានក្រុមយុវជនស្មគ្រចិត្តបានដើរប្រាប់បងប្អូនប្រជាពលរដ្ឋដែរមកលេងកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូកឲ្យចេះជួយសម្អាតអនាម័យ និងនាំគ្នាចូលរួមថែរក្សាបរិស្ថានឲ្យបានស្អាតល្អ ។បាទខ្ញុំគិតថាដើម្បីឲ្យទីក្រុងស្អាតចាប់ផ្ដើមពីយើងម្នាក់ៗ យើងចេះសំអាតយើងចេះហូបនំ ចំណី យើងចេះយកសំរាមទៅចោលក្នុងធុងខ្លួនឯង មានការភ្ញាក់រលឹកទាំងអស់គ្នាមិនចាំបាច់ គេប្រាប់ថាយើងយកសំរាមទៅចោល យើងត្រូវចេះដឹងថាសំរាមយើងយកដាក់ធុងសំរាមខ្លួនយើង។
សូមបញ្ជាក់ថាក្នុងរយៈពេល៣ថ្ងៃនេះព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបនិងសំពះព្រះខែ អកអំបុកគឺមានសំរាមកើនឡើងរាប់ពាន់តោន ខណៈដែលក្នុងមួយថ្ងៃៗមានប្រជាពលរដ្ឋនិងភ្ញៀវទេសចរចូលរួមលេងកម្សាន្តសប្បាយនៅក្នុងព្រះរាជពិធីបុណ្យនេះជាច្រើនលាន។