ឯកឧត្តម នេត្រ ភក្ត្រា វាយតម្លៃថា ប្រជាពលរដ្ឋមានការយល់ដឹងពីការទុកដាក់សំរាម


ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន វាយតម្លៃថា ប្រជាពលរដ្ឋមានការយល់ដឹងពីការទុកដាក់សំរាមកាន់តែច្រើនឡើងនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលបានធ្វើឡើងយ៉ាងអធិកអធម រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមបណ្តោយដងទន្លេសាប មុខព្រះបរមរាជវាំង នារាជធានីភ្នំពេញ។

ឯកឧត្តម នេត្រ ភក្ត្រា មានប្រសាសន៍ថា ប្រជាពលរដ្ឋដែលមកដើរកម្សាន្ត និងចូលរួមសប្បាយរីករាយក្នុងព្រះរាជពិធីបុណ្យ ប្រពៃណីជាតិនេះ មានការចូលរួមលើការសំអាតអនាម័យបរិស្ថានបានល្អ។ក្រសួងបរិស្ថាន សហការជាមួយដៃគូ រៀបចំការប្រគំតន្រ្តីអប់រំផ្សព្វផ្សាយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងន័យធ្វើយុទ្ធនាការដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដែលតែងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ទាំងមនុស្សសត្វ។
ឯកឧត្តម នេត្រ ភក្ត្រា បានឲ្យដឹងថា ក្នុងយុទ្ធនាការនេះ មានការផ្សព្វផ្សាយអប់រំនិងជំរុញពលរដ្ឋខ្មែរឲ្យចេះទុកដាក់សំរាម និងរួមគ្នាជួយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក អំឡុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០១៩នេះ។ ឯកឧត្តមមានប្រសាសន៍ថា ក្រសួងបានរៀបចំការប្រគំតន្រ្តីនេះ ក្រោមប្រធានបទ«តូរ្យតន្ត្រីដើម្បីកិច្ចគាំពារបរិស្ថានសូមនិយាយថាទេចំពោះប្លាស្ទិក» ដើម្បីបញ្ជ្រាបចំណេះដឹងបរិស្ថាន ជាពិសេសការលើកទឹកចិត្តដល់ប្រជាជនកម្ពុជា ចូលរួមកាត់បន្ថយ និងឈានទៅបញ្ឈប់ការប្រើប្រាស់ប្លាស្ទិកតែម្តង។
អ្នកស្រី ឈន់ ធីតា អាជីវករផ្នែកអាហារដ្ឋាននៅតំបន់កម្សាន្តកោះពេជ្រ កត់សម្គាល់ថា ប្រជាពលរដ្ឋដែលមកដើរកម្សាន្ត មានយល់ដឹងខ្ពស់ពីការទុកដាក់សំរាមបានយ៉ាងត្រឹមត្រូវ ខណៈរូបអ្នកស្រីផ្ទះក៏បានធ្វើជាគំរូ ព្រមទាំងចូលរួមផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋពីការទុកដាក់សំរាមនៅ ក្នុងធុងឲ្យបានត្រឹមត្រឹម។

លោក ហូ ឆៃងន់ ប្រធានគម្រោងក្រៀលកម្ពុជាដែលចូលរួមធ្វើការងារផ្នែកបរិស្ថាននេះ បានឲ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក៏ក្រុមយុវជនប្រមាណ១ពាន់នាក់ បានស្ម័គ្រចិត្តចូលរួមសម្អាតអនាម័យក្នុងបរិវេណដែលប្រារព្ធពិធីបុណ្យ ដើម្បីចូលរួមថែរក្សាបរិស្ថានស្អាត ទីលានបៃតង និងផ្តល់នូវផាសុកភាពជូនដល់ប្រជាពលរដ្ឋ និងជាផ្នែកមួយនៃការទាក់ទាញភ្ញៀវទេសចរផងដែរ។
សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ពង្រាយធុងសំរាមចំនួន១.៥៥៦ធុង ចាប់តាំងតែពីតំបន់វត្តភ្នំ រហូតដល់មុខវិមានឯករាជ្យ តំបន់កោះពេជ្រ តំបន់មុខព្រះបរមវាំង តំបន់កម្សាន្តនៅត្រើយខាងកើតដងទន្លេសាប ដើម្បីចូលរួមពង្រឹងការសំអាតអនាម័យបរិស្ថាន ជាមួយប្រជាពលរដ្ឋដែលចូលមកកម្សាន្តក្នុងពិធីបុណ្យអុំទូកទុកដាក់សំរាមបានត្រឹមត្រូវ ចៀសវាងចោលពាសវាលកាល៕