គណៈកម្មការជំនាញរដ្ឋសភា ប្រជុំពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលើសេចក្តី​ព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុឆ្នាំ២០២០ និងច្បាប់ទូទាត់ថវិការដ្ឋឆ្នាំ២០១៨


ភ្នំពេញ៖ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ គណៈកម្មការជំនាញរដ្ឋសភាបានបានបើកិច្ចប្រជុំពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញ​វត្ថុលើ​សេចក្តីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០២០ និងសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់​ថវិកា​ទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨។

កិច្ចប្រជុំនេះបានធ្វើឡើង នៅវិមានរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម​បណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋ​សភា រួមជាមួយតំណាងគណៈកម្មការនានា និងអាជ្ញាធរសវនកម្មជាតិ ជាមួយតំណាង​រាជរដ្ឋាភិបាល ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយឯកឧត្ដមអគ្គបណ្ឌិត​សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យពិភាក្សា​លើ​សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ និងសេចក្តីព្រាងច្បាប់ស្តី ពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨។ កិច្ចប្រជុំបានពិភាក្សានេះ​ផ្តោតទៅលើចំណុចសំខាន់ៗ ដូចជា សេចក្តីត្រូវការ សំណូមពរ និងការរំពឹងទុករ បស់ប្រជា​ជន​កម្ពុជាជាម្ចាស់ឆ្នោតក្នុងដំណាក់កាលថ្មីនៃការអភិវឌ្ឍ នៅលើ មាគ៌ាឈានឆ្ពោះ​ទៅរក​អនាគតដ៏រុងរឿង ភ្លឺស្វាង និងត្រចះត្រចង់។ ជាមួយគ្នានេះ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុង​រយៈពេលមធ្យមខាងមុខគឺចាប់ពីពេលនេះ រហូតដល់ឆ្នាំ២០២៥ ហើយត្រៀមខ្លួន និង​ពង្រឹងសមត្ថភាពទាំងខាងក្នុង និងខាងក្រៅដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង។ ទន្ទឹមនេះ ជំរុញឱ្យបានខ្លាំងក្លានូវការកែទម្រង់ស៊ីជម្រៅ និងមុតស្រួចដើម្បីធានាសុខសន្តិភាព ស្ថិរភាព និងចិរភាពនៃកំណើនសេដ្ឋកិច្ចសំដៅលើកកម្ពស់សុខុមាលភាពជូនប្រជាជន។ លើសពី​នេះ​ទៀត រដ្ឋបាន​យកចិត្តទុកដាក់ដល់ការរស់នៅរបស់ប្រជាជនដោយមិនយកពន្ធលើដីស្រែ កសិ​កម្ម និងមិនយកពន្ធលើបៀវត្សរ៍ដែល មានកម្រិតអប្បបរមា។

ក្រៅពីនេះ ចំពោះវិសោធនកម្មច្បាប់ពន្ធដារនៅក្នុងច្បាប់ស្ដីពីការគ្រប់គ្រងថវិកា​ប្រចាំ​ឆ្នាំ។ ចំណែកសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់​ការគ្រប់គ្រងឆ្នាំ​២០១៨​គឺផ្អែកលើការបូកសរុបទិន្នន័យចំណូល-ចំណាយដែលត្រូវបានកត់ត្រាដោយ គណ​នេយ្យករសាធារណៈ និងផ្ទៀងផ្ទាត់អំពីភាពត្រឹមត្រូវនៃទិន្នន័យទាំងនេះជាមួយ អាណាប័ក​ពាក់ព័ន្ធ​ទាំងថវិកាថ្នាក់ជាតិ និងថវិកាថ្នាក់ក្រោមជាតិ៕