សិក្ខាសាលា ស្តីពី សេវាចាំបាច់សម្រាប់ស្ត្រីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ជាពិសេសស្រ្តីពលករទេសន្តរប្រវេសន៍


បញ្ហាអំពើហិង្សាទាក់ទងនឹងយេនឌ័រលើស្រ្តីពលករទេសន្តរប្រវេសន៍ ត្រូវបាន ក្រសួងកិច្ចការនារី ដោយមានកិច្ចសហការជាមួយអង្គការ UN Women ក្រោមគម្រោងកម្មវិធីដែលមានឈ្មោះថា “សុវត្ថិភាព និងយុត្តិធម៌” លើកយកមកពិភាក្សាក្នុងសិក្ខាសាលា ស្តីពី “សេវាចាំបាច់សម្រាប់ស្ត្រីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ជាពិសេសស្រ្តីពលករទេសន្តរប្រវេសន៍” ក្នុងគោលបំណង ស្វែងយល់ពីតម្រូវការសេវាចាំបាច់ដល់ស្រ្តីដែលទទួលរងដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ពិភាក្សាពីគំរូល្អៗនិងបទពិសោធន៍ក្នុងការសម្របសម្រួលសេវា និងការបញ្ជូន ប្រកបដោយប្រសិទ្ធភាព ដោយយោងលើសេចក្តីត្រូវការចាំបាច់ និងសិទ្ធិស្រ្តីជាមូលដ្ឋាន លើកកម្ពស់ការផ្តល់កិច្ចការពារដល់ស្រ្តីពលករទេសន្តរប្រវេសន៍ និងពិភាក្សាពីតួនាទី និងភារកិច្ចរបស់ក្រុមការងារបណ្តាញឆ្លើយតបពហុវិស័យអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ សិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ ហ៊ូ សាមិត្ត​ រដ្ឋលេខាធិការ ក្រសួងកិច្ចការនារីនិងចូលរួមដោយមន្រ្តីអនុវត្តជួរមុខនៅថ្នាក់ក្រោមជាតិដូចជា សុខាភិបាល សង្គមកិច្ច យុត្តិធម៌ មន្រ្តីនគរបាល ការងារ និងរដ្ឋបាលខេត្ត ស្រុកចំនួន៩ រួមមានសៀមរាប កំពុងធំ បន្ទាយមានជ័យ បាត់ដំបង កំពត កំពង់ស្ពឺ កំពុងសោម និងកំពុងចាម សរុបចំនួន ៨៥នាក់។

ការសម្របសម្រួលក្នុងការផ្តល់សេវាចាំបាច់ត្រូវមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ រួមទាំងដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងបណ្តាញផ្សព្វផ្សាយផងដែរ។ ការងារនេះតម្រូវឱ្យអ្នកពាក់ព័ន្ធទាំងអស់ត្រូវធ្វើការប្តេជ្ញាចិត្តខ្ពស់ វិភាជន៍ធនធាន និងផ្តល់មធ្យោបាយគ្រប់គ្រាន់ដើម្បីរួមគ្នាបង្ការទប់ស្កាត់ រួមគ្នាឆ្លើយតប និងធ្វើសកម្មភាពព្រមៗគ្នា ដើម្បីផ្តល់កិច្ចអន្តរាគមន៍ និងកិច្ចការពារជូនជនរងគ្រោះបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។