នៅរសៀលថ្ងៃអង្គារ ៨រោច ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅរដ្ឋបាលខេត្តសៀមរាប មានពិធីជួបពិភាក្សាការងាររវាងថ្នាក់ដឹកនាំខេត្ត និងប្រតិភូពាណិជ្ជករជប៉ុន-ថៃ និងអាឡឺម៉ង់ ដឹកនាំដោយ ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងលោក លី សំរិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងមានការចូលរួមពី លោក លោកស្រីមន្ត្រីរាជការតំណាងមន្ទីរ-អង្គភាព លោក លោកស្រីប្រតិភូអមដំណើរមកពី ០៣ប្រទេស (ថៃ ជប៉ុន អាឡឺម៉ង់) សរុបចំនួន ៤៥នាក់។
ស្របតាមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងការជម្រុញការទូតបែបទំនើបដែលជាការទូតសេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌ ដោយមានការគាំទ្រពីសំណាក់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ រៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់ពាណិជ្ជករថៃ-ពាណិជ្ជករជប៉ុន និងពាណិជ្ជករអាឡឺម៉ង់មកកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។
ក្នុងជំនួបនេះដែរលោកអភិបាលរងខេត្ត និងឯកឧត្ដមឯកអគ្គរាជទូត បានពិភាក្សាលេីកិច្ចការងារមួយចំនួនដូចជា ទេសចរណ៍ វប្បធម៌ សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ វិនិយោគ កសិកម្ម ម្ហូបអាហារ បរិស្ថាន ការទុកដាក់កាកសំណល់ ការកែច្នៃសំរាម ការអភិវឌ្ឍន៍នានា ពិសេសវិស័យទេសចរណ៍សម្រាប់ខេត្តសៀមរាប ព្រោះខេត្តសៀមរាប គឺជាប៉ូលសេដ្ឋកិច្ច និងគោលដៅទេសចរណ៍ដ៏ធំ និងជាទឹកដីប្រវត្តិសាស្ដ្របេតិកភណ្ឌពិភពលោក ប្រជុំដោយប្រាសាទបុុរាណល្អៗ ល្បីរន្ទឺពេញពិភពលោក។
ក្នុងនោះដែរ លោកអភិបាលរងខេត្ត និងឯកឧត្ដមឯកអគ្គរាជទូត ក៏បានលេីកឡេីងពីខួបលេីកទី៧០ នៃចំណងមិត្តភាពកម្ពុជា-ថៃ និងចំណងមិត្តថៃ-ឡាវ និងពិភាក្សាលេីគម្រោងទាក់ទាញភ្ញៀវទេសចរណ៍ចិនដែលបានមកទស្សនាកំសាន្តខេត្តសុរិន្ទ និងខេត្តបុរីរ៉ាំ ប្រទេសថៃឲ្យមកទស្សនាខេត្តសៀមរាប ប្រទេសកម្ពុជាតាមច្រកអន្តរជាតិអូស្មាច់ និងច្រកអន្តរជាតិផ្សេងទៀតរបស់ខេត្តឧត្ដរមានជ័យ នៅពេលអនាគត ហើយប្រតិភូពាណិជ្ជករជប៉ុន-ថៃ និងអាឡឺម៉ង់ ក៏បង្ហាញពីគោលបំណងចង់មកធ្វើការវិនិយោគនៅប្រទេសកម្ពុជាយើងផងដែរ៕