អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្ដម លូ ស៊ីនហ័រ ប្រធានក្រុមប្រឹក្សាជំរុញកិច្ចសហប្រតិបត្តិការខាងត្បូង និងជាអតីតអនុរដ្ឋមន្ត្រីការបរទេសចិន


នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នៅសភាពាណិជ្ជកម្មកម្ពុជា ឯកឧត្ដម លូ ស៊ីនហ័រ ប្រធានក្រុមប្រឹក្សាជំរុញកិច្ចសហប្រតិបត្តិការខាងត្បូង និងជាអតីតអនុរដ្ឋមន្ត្រីការបរទេសចិន បានចូលជួបសម្តែងការគួរសម អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ។ ឯកឧត្ដម លូ ស៊ីនហ័រ បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា គិត ម៉េង ដែលបានឆ្លៀតពេលដ៏មមាញឹកទទួលជួបពិភាក្សាកាងារជាមួយឯកឧត្ដម ។ ឯកឧត្ដមបានបញ្ជាក់ថា គណៈប្រតិភូចិន មានសេចក្តីសោមស្សរីករាយជាខ្លាំង ដែលបានមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា និងបានឃើញការរីកចម្រើនខាងផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសបានឃើញសមិទ្ធផលជាច្រើនដែលកើនចេញពីកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជានិងចិន។ ឯកឧត្ដមសង្ឃឹមថា សភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាជំរុញកិច្ចសហប្រតិបត្តិការខាងត្បូង នឹងបន្តការសហការជាច្រើនជាមួយគ្នានាពេលខាងមុខ ដើម្បីចូលរួមចំណែកជំរុញពាណិជ្ជកម្មនិងការវិនិយោគរវាងប្រទេសទាំងពីរ ឲ្យដល់កម្រិតថ្មីមួយថែមទៀត។ ឯកឧត្តមបានបញ្ជាក់ថា ក្រុមប្រឹក្សាជំរុញកិច្ចសហប្រតិបត្តិការខាងត្បូងគឺជាអង្គការមិនសំដៅប្រាក់ចំណេញដែលស្ថិតក្រោមក្រសួងការបទេសចិន និងមានសមាជិក ក៏ដូចជាទីប្រឹក្សា សុទ្ធសឹងតែជាអតីតអគ្គរដ្ឋទូត និតទីប្រឹក្សាពាណិជ្ជកម្មនៅទូទាំងពិភពលោក។ ក្នុងនោះ ក៏មានក្រុមហ៊ុនធំៗ ទាំងរបស់រដ្ឋ និងឯកជន ជាសមាជិកក្រុមប្រឹក្សាផងដែរ។ ក្នុងដំណើរទស្សនកិច្ច មកកម្ពុជា លើកនេះ ឯកឧត្តមបានដឹកនាំក្រុមហ៊ុន ចំនួន ២៤ មកពីចម្រុះវិស័យ មកស្វែងយល់ទីផ្សារកម្ពុជា និងស្វែងរកដៃគូធុរកិច្ច។

អ្នកឧកញ៉ា គិត ម៉េង បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម លូ ស៊ីនហ័រ និងគណៈប្រតិភូចិន ដែលបានធ្វើទស្សនកិច្ចមកប្រទេសកម្ពុជា ហើយសង្ឃឹមថាឯកឧត្តម នឹងជម្រុញទំនាក់ទំនងរវាងកម្ពុជា-ចិន អោយកាន់តែស្អិតរមួត។
អ្នកឧកញ៉ា ក៏បានលើកឡើងអំពីចំណងមិត្តភាពដ៏យូរអង្វែង រវាងកម្ពុជា-ចិន ដែលត្រូវបានបង្កើតរួមគ្នាដោយព្រះបរមរតនកោដ្ឋព្រះបាទសម្តេចព្រះនរោត្តមសីហនុ និងឯកឧត្តមប្រធានម៉ៅសេទុង ហើយបានក្លាយជាគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

អ្នកឧកញ៉ា គូសបញ្ជាក់ថា ប្រទេសកម្ពុជាទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីទំនាក់ទំនងទ្វេភាគីក៏ដូចជាគំនិតផ្តួចផ្តើមដែលបានដាក់ចេញដោយប្រទេសចិន គឺគំនិតផ្តួចផ្តើម“ ខ្សែក្រវ៉ាត់មួយផ្លូវមួយ” ។ ទន្ទឹមនឹងនេះដែរ អ្នកឧកញ៉ា ក៏បានលើកឡើងអំពីយន្តការដែលសភាពាណិជ្ជកម្មកម្ពុជាបានចូលរួមដូចជា ក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN BAC), យុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវាឌី-ចៅប្រាយ៉ា-មេគង្គ (ACEMCS), កម្ពុជា ឡាវ វៀតណាម (CLV) ដែលជាយន្តការដ៏សំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច។ អ្នកឧកញ៉ា ក៏បានជម្រាបជូនឯកឧត្តមថា សភាពាណិជ្ជកម្មកម្ពុជា បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់ជាច្រើនជាមួយភាគីចិន ក្នុងការគាំទ្រ និងពង្រីកកិច្ចសហប្រតិបត្តិការទៅវិញទៅមក​។ ថ្មីៗនេះ សភាពាណិជ្ជកម្មកម្ពុជាបានចុះអនុស្សារណ:យោគយល់ជាមួយមន្ទីរពាណិជ្ជកម្មខេត្តហ៊ូណានប្រទេសចិន នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

សភាពាណិជ្ជកម្មកម្ពុជា តែងតែស្វាគមន៍គណៈប្រតិភូចិន ក្នុងការសហការរៀបចំកម្មវិធីផ្សេងៗ ដើម្បីជម្រុញ និងពង្រីកពាណិជ្ជកម្មកម្ពុជា-ចិន។