កិច្ចប្រជុំសមាគមកំពង់ផែអាស៊ានលើកទី៤៥ (The 45th ASEAN Ports Association (APA) Meeting)


សៀមរាប៖ ថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំសមាគមកំពង់ផែអាស៊ានលើកទី៤៥ ដោយមានការចូលរួមពីសំណាក់ ឯកឧត្ដមអគ្គលេខាធិការសមាគមកំពង់ផែអាស៊ាន ប្រធានគណៈប្រតិភូមកពីប្រទេសសមាជិកសមាគមកំពង់ផែទាំងអស់ អភិបាលរងខេត្តសៀមរាប ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើននាក់។

កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីបង្កើតជាវេទិកាដោះដូរបទពិសោធន៍ និងមតិយោបល់ទាក់ទងនឹងការអភិវឌ្ឍវិស័យកំពង់ផែ សំដៅឱ្យការអនុវត្តកាន់តែមានភាពប្រសើរឡើង។ លើសពីនេះទៅទៀត វាក៏ជាវេទិកាដើម្បីប្រមូលបញ្ហារួមក្នុងវិស័យនេះ ដែលជះឥទ្ធិពលអាក្រក់លើការធ្វើពាណិជ្ជកម្ម ដើម្បីដោះស្រាយឱ្យបានទាន់ពេលវេលា។

ឯកឧត្ដមទេសរដ្ឋន្ត្រី បានគូសបញ្ជាក់ពីការអភិវឌ្ឍ និងធ្វើទំនើបកម្មប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងកំពង់ផែ ជាបន្តបន្ទាប់ឱ្យស្របតាមការកើនឡើងនៃពាណិជ្ជកម្ម ក៏ដូចឱ្យស្របតាមផែនការយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាឆ្ពោះទៅរកចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០។

ឯកឧត្ដមទេសរដ្ឋមន្ត្រីក៏បានលើកឡើងផងដែរអំពីការធ្វើឱ្យប្រសើរឡើងប្រព័ន្ធដឹកជញ្ជូន ការប្រើប្រាស់ថាមពលនិងការតភ្ជាប់ឌីជីថល សេដ្ឋកិច្ចឌីជីថល និងបដិវត្តឧស្សាហកម្ម ៤.០ ការអភិវឌ្ឍផែនការមេជាតិដឹកជញ្ជូន ការអភិវឌ្ឍផែនការមេជាតិកំពង់ផែ និងផែនការមេជាតិភស្តុភារកម្ម ការពង្រីកនិងធ្វើទំនើបកម្មកំពង់ផែសំខាន់ៗ (កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ) ការស្ថាបនាកំពង់ផែភ្នំពេញថ្មី ដែលមានសមត្ថភាពផ្ទុកទូរកុងតឺន័របានរហូតដល់ ៣០០.០០០ ទូរក្នុងមួយឆ្នាំ។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបន្តថា ក្រោមការគាំទ្រពីរដ្ឋាភិបាលជប៉ុន កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលត្រូវបានតភ្ជាប់ជាមួយផ្លូវហាយវ៉េអាស៊ី ផ្លូវដែក និងអាកាសយានដ្ឋានអន្តរជាតិ ត្រូវបានពង្រីក និងធ្វើទំនើបកម្ម ដែលអាចឱ្យកប៉ាល់ធំៗចូលចតបាន។ កំពង់ផែកុងតឺន័រថ្មីនឹងប្រែក្លាយប្រទេសកម្ពុជាទៅជាឃ្លាំងផ្ទុក និងដឹកជញ្ជូនទំនិញដ៏សំខាន់ក្នុងតំបន់អាស៊ាន ជាពិសេសប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យតាមអឡិចត្រូនិកនៅកំពង់ផែត្រូវបានអភិវឌ្ឍផងដែរ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា៖ កម្ពុជាគឺជាសមាជិកនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ និងក៏ជាស្ថាបនិកមួយរូបនៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដែលធ្វើឱ្យកម្ពុជាទទួលបានអត្ថប្រយោជន៍ជាច្រើន រួមមាន៖ ការសាងសង់តំបន់សេដ្ឋកិច្ចពិសេស ការវិនិយោគដោយមានប្រាក់កម្ចីសម្បទាន ការសាងសង់ផ្លូវល្បឿនលឿនជាដើម។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានសម្តែងនូវជំនឿយ៉ាងមុតមាំថា៖ កិច្ចសហប្រតិបត្តិការទាំងនោះគឺជាឱកាសដើម្បីបង្កើតកំពង់ផែយុទ្ធសាស្ត្រ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលអាចតភ្ជាប់កំពង់ផែធំៗនៅកម្ពុជា និងកំពង់ផែ APA ផ្សេងទៀតទៅកាន់ទីផ្សារដ៏ធំនៅតាមច្រករបៀងផ្លូវសូត្រសមុទ្រ និងទីផ្សារពិភពលោក តាមរយៈការពង្រីកមូលដ្ឋានពាណិជ្ជកម្មយុទ្ធសាស្ត្របន្ថែមទៀត ជាមួយដៃគូពាណិជ្ជកម្មលេចធ្លោរបស់កម្ពុជា។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កម្ពុជាដែលជាសមាជិកសកម្មមួយ នៃសមាគមកំពង់ផែអាស៊ាន នឹងប្ដេជ្ញារួបរួមគ្នាជាមួយរដ្ឋសមាជិកទាំងអស់នៃសមាគមអាស៊ាន ដើម្បីជំរុញសមាគមនេះឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំនៅក្នុងតំបន់ ក្នុងការអភិវឌ្ឍវិស័យកំពង់ផែ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកំម្លាំងកាយចិត្ត និងពេលវេលាប្រកបដោយទំនួលខុសត្រូវក្នុងការបំពេញភារកិច្ចរបស់ខ្លួន និងបានសម្តែងនូវការអបអរសាទរចំពោះកម្ពុជាដែលបានទទួលតំណែងជាប្រធានសមាគមកំពង់ផែអាស៊ាន និងអគ្គលេខាធិការសម្រាប់ឆ្នាំ ២០២០-២០២១៕