អភិបាលរាជធានីភ្នំពេញ បានអញ្ជើញជួបសម្ដែងការគួរសមជាមួយ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា


នារសៀលថ្ងៃពុធ ០៩រោច ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែវិចិ្ឆកា ឆ្នាំ២០១៩នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជួបសម្ដែងការគួរសមជាមួយឯកឧត្ដម មិកាមិ ម៉ាស្សាហិរូ ( H.E. Mr. MIKAMI Masahiro ) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាលំហូរចរាចរណ៍ក្នុងរាជធានីភ្នំពេញ និងស្វែងយល់អំពីការគ្រប់គ្រងសំរាមក្នុងរាជធានីភ្នំពេញ និងការទាញយកថាមពលពីសំរាម ( Waste Energy )។
ឯកឧត្ដម ឯកអគ្គរដ្ឋទូតបានកោតសរសើរយ៉ាងខ្លាំងចំពោះការអភិវឌ្ឍន៍ខ្លួនបានយ៉ាងលឿនក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិស័យសំណង់ ហេដ្ឋារចនាសម្ព័ន្ធអាគារខ្ពស់ៗក្នុងរាជធានីភ្នំពេញ នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ ចំពោះការគ្រប់គ្រងសំរាមក្នុងរាជធានីភ្នំពេញឯកឧត្ដម ឯកអគ្គរដ្ឋទូតក៏បានចាប់អារម្មណ៍ខ្លាំងផងដែរ ដោយឯកឧត្ដមនឹងជំរុញឱ្យមានអ្នកវិនិយោគជប៉ុន មកធ្វើការវិនិយោគលើបញ្ហាការគ្រប់គ្រងនិងប្រមូលសំរាមក្នុងរាជធានីភ្នំពេញ៕