រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទប្រជុំពិភាក្សាការងារជាមួយអគ្គនាយកដ្ឋាន កិច្ចការសមុទ្រនិងនេសាទ នៃសភាពអឺរ៉ុប នៅទីក្រុងប្រូសសែល


ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ព្រមទាំងសហការីបានជួបប្រជុំពិភាក្សាការងារជាមួយអគ្គនាយកដ្ឋាន កិច្ចការសមុទ្រនិងនេសាទ នៃសភាពអឺរ៉ុប នៅទីក្រុងប្រូសសែល ដើម្បីពិនិត្យមើលពីសុឆន្ទៈ និងលទ្ធភាពរបស់កម្ពុជាក្នុងការចូលរួមសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងការនេសាទខុសច្បាប់នៅដែននេសាទសមុទ្រអន្តរជាតិ ដែលមិនមានរបាយការណ៍ និងមិនគោរពច្បាប់ ជាពិសេសទាក់ទងទៅនឹងកប៉ាល់ដែលបានបង្ហូតទង់ជាតិកម្ពុជាហើយបាននេសាទទៅក្នុងដែនអភិរក្សនេសាទសមុទ្រខ្ពស់អន្តរជាតិ ជាមួយ នឹងការសម្រេចចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលនៅឆ្នាំ២០១៥ កន្លង ក្នុងការបញ្ចប់កិច្ចសន្យារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន COSMOS GROUP ដែលបានចុះកិច្ចព្រមព្រៀងជាមួយរាជរដ្ឋាភិបាលកាលពីថ្ងៃទី៣ខែមករា ឆ្នាំ២០០៣ ជាអ្នកផ្តល់សេវាចុះបញ្ជីនាវាសញ្ជាតិកម្ពុជា ។ ការពិភាក្សានេះបានផ្តោតទៅលើជាចំបង៖
1) វឌ្ឍនៈភាពនៃការគ្រប់គ្រង និងអភិវឌ្ឍវិស័យជលផលនៅកម្ពុជា
2) ត្រួតពិនិត្យទៅលើផែនការសកម្មភាពរបស់កម្ពុជា ដែលមានកតព្វកិច្ចឆ្លើយតបទៅនឹងការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការនេសាទខុសច្បាប់នៅដែននេសាទសមុទ្រអន្តរជាតិ មិនមានរបាយការណ៍ និងមិនគោរពច្បាប់
3) ការពិភាក្សាទៅលើការគាំទ្រហិរញ្ញប្បទានរបស់សភាពអឺរ៉ុប លើការគ្របគ្រងដែននេសាទទឹកសាប និងសមុទ្រកម្ពុជា ជាមួយនឹងពង្រីកចិញ្ចឹមត្រីរបស់សហគមន៍នេសាទ ហើយ និងការចិញ្ចឹមសត្វនៅកម្ពុជា និងការធ្វើកំណែទម្រង់ជលផល និងការធ្វើវិសោធនកម្មច្បាប់ជលផល ឆ្លើយតបទៅនឹងអនុសញ្ញាអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការនេសាទខុសច្បាប់នៅដែននេសាទសមុទ្រអន្តរជាតិ មិនមានរបាយការណ៍ និងមិនគោរពច្បាប់ ។
សូមបញ្ជាក់ថា ក្រោយពីបានពិភាក្សាយ៉ាងលម្អិតមក គាគីខាងសហភាពអឺរ៉ុប ទទួលយកនិងគាំទ្រផែនការសកម្មភាពរបស់ក្រសួង និងសន្យាថានឹងបន្តខិតខំប្រឹងប្រែងជួយដល់កម្ពុជាទាំងបច្ចេកទេស ទាំងផ្លូវច្បាប់ និងផ្តល់ហិរញ្ញប្បទានឥតសំណងដល់ការអនុវត្តគម្រោងនាពេលខាងមុខ ។ ចំពោះទំហំនៃការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់សភាពអឺរ៉ុបនឹងធ្វើការពិភាក្សាលំអិតនៅវេលាព្រឹកថ្ងៃស្អែកទៀត លើអនុវិស័យជលផល សុខភាពសត្វនិងផលិតកម្មសត្វ ។