សម្តេចតេជោ ហ៊ុន សែន ជួបនាយករដ្ឋមន្រ្តីស៊ុយអ៉ែត


នៅល្ងាចថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក Stefan Löfven នាយករដ្ឋ មន្រ្តីនៃប្រទេសស៊ុយអែត (Sweden) នៅ Congress Center, Davos ក្នុងពេលដែលប្រមុខដឹកនាំនៃ​ ប្រទេសទាំងពីរអញ្ជើញមកចូលរួមវេទិការសេដ្ឋកិច្ចពិភពលោក​ ប្រចាំឆ្នាំ២០១៧ នៅទីក្រុង Davos ប្រទេសស្វីស។
លោក Stefan Löfven បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជាដែល​បាន​គាំ​ទ្រចំពោះគំនិតផ្តួចផ្តើមរបស់លោកផ្ទាល់ និងរដ្ឋាភិបាលស៊ុយអ៊ែត ស្តីពីការសន្ទនាកម្រិតសង្គម និង Global Deal Initiative ។ បច្ចុប្បន្ន នេះមានប្រទេសជាច្រើនកំពុងមានចរន្តគាំទ្រគំនិតផ្តួចផ្តើមស្តីពី Global Deal Initiative។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅ ចំពោះរដ្ឋាភិបាល និង ប្រជាជនស៊ុយអ៊ែត ដែលបានជួយកម្ពុជាតាំងពីដើមទសវត្ស៨០មក ក្នុងពេលកម្ពុជាជួបប្រទះការ​លំបាកគ្រប់យ៉ាង។ សម្តេចតេជោបានស្នើអោយលោកនាយរដ្ឋមន្រ្តី បើកស្ថានអគ្គរដ្ឋទូតរបស់ខ្លួននៅប្រទេសកម្ពុជាដើម្បីពង្រឹងពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៃប្រទេសទាំងពីរឲ្យកាន់តែមានទំហំធំឡើង។ ជាមួយគ្នានេះ សម្តេចតេជោ ក៏បានស្នើភាគីស៊ុយអ៊ែត ពិនិត្យលទ្ធភាពក្នុងការនាំចូលអង្ករពីកម្ពុជា រួមទាំងការលើក​ទឹកចិត្តដល់អ្នកវិនិយោគស៊ុយអ៊ែត ទៅបណ្តាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជា។ សម្តេចតេជោ ក៏បានស្នើដល់លោកនាយករដ្ឋមន្រ្តីស៊ុយអ៊ែត គាំទ្រនូវបេក្ខភាពរបស់ប្រទេសកម្ពុជា ជាសមាជិកមិនអចិន្រៃ្តយ៍របស់ក្រុមប្រឹក្សាសន្តិសុ អង្គការសហប្រជាជាតិ ពិសេសទៅទៀតនោះ គឺ សម្តេចតេជោ បានអញ្ជើញ លោក
នាយករដ្ឋ មន្រ្តីស៊ុយអ៊ែត បំពេញទស្សនកិច្ចនៅក្នុងពេលវេលា​ដែលកម្ពុជា រៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ក្នុងខែឧសភាឆ្នាំ២០១៧នេះ។
ក្នុងកិច្ចសន្ទនាគ្នានេះ​ មេដឹកនាំប្រទេសទាំងពីរ ក៏បាន​ពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើសហប្រតិបត្តិការទ្វេភាគី ពហុភាគី បញ្ហាតំបន់ និងអន្តរជាតិ និងបញ្ហាជនភៀសខ្លួននៅតំបន់អាស៊ី និងអឺរ៉ុបដែលកំពុងវិវត្តន៍កើតឡើង ដែលមេដឹកនាំអឺរ៉ុប និងអាស៊ានកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត៕