ភ្នំពេញ ៖ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានក្រុមប្រឹក្សា MRC សម្រាប់ឆ្នាំ២០១៩បានគូសបញ្ជាក់ និងបង្ហាញនូវក្តីសង្ឃឹមថា យុទ្ធសាស្រ្តគ្រប់គ្រងគ្រោះរាំងស្ងួត ឆ្នាំ២០២០-២០២៥ បានអនុម័តក្នុងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយប្រទេសដៃគូអភិវឌ្ឍន៍ក្នុងក្របខ័ណ្ឌ MRC លើកទី២៤ នៅកម្ពុជា នឹងជួយដោះស្រាយបញ្ហាគ្រោះរាំងស្ងួត ក្នុងការគ្រប់គ្រង និងកាត់បន្ថយហានិភ័យគ្រោះទឹកជំនន់ដែលនឹងកើតមាន ឱ្យមានប្រសិទ្ធភាព។ ការលើកឡើងរបស់ឯកឧត្ដម រដ្ឋមន្រ្ដីនេះ គឺនៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការគណៈកម្មការទន្លេមេគង្គ (Mekong River Commission-MRC) កម្ពុជា ក្នុងនាមជាប្រធានក្រុមប្រឹក្សា MRC សម្រាប់ឆ្នាំ២០១៩ បានរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រុមប្រឹក្សាលើកទី២៦ និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយប្រទេសដៃគូអភិវឌ្ឍន៍ក្នុងក្របខ័ណ្ឌ MRC លើកទី២៤ ដែលបានប្រព្រឹត្តទៅ កាលពីព្រឹកថ្ងៃអង្គារ ១៥រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញភូគីត្រា។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម។
ឯកឧត្តម លឹម គានហោ តាងនាមរាជរដ្ឋាភិបាលកម្ពុជា បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានគណៈប្រតិភូដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ និងក្នុងនាមប្រធានក្រុមប្រឹក្សាMRC បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារ និងសមិទ្ធផលដែលMRC សម្រេចបានក្នុងឆ្នាំ២០១៩ តាមរយៈការអនុវត្តប្រកបដោយប្រសិទ្ធភាព នូវផែនការការងាររបស់ខ្លួនដែលបានដាក់ចេញ ក្រោមការសម្របសម្រួលអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពរបស់លេខាធិការដ្ឋានMRC។ ជាមួយគ្នានេះ សមិទ្ធផលដែលសម្រេចបានក៏ដោយមានកិច្ចខិតខំប្រឹងប្រែងរួម ការប្តេជ្ញាចិត្តក្នុងចំណោមប្រទេសជាសមាជិក, ការគាំទ្រ ក៏ដូចជាភាពជាដៃគូយ៉ាងល្អពី និងជាមួយភាគីពាក់ព័ន្ធ ក្នុងកិច្ចសហប្រតិបត្តិការតំបន់ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកឡើងនូវបញ្ហាប្រឈមក្នុង អាងទន្លេមេគង្គ ជាពិសេស គ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរដែលធ្វើឱ្យលំហូរទឹកទន្លេមេគង្គក្នុងឆ្នាំ២០១៩ ដែលមានកម្រិតទាបបំផុតដែលមិនធ្លាប់ជួបប្រទះនាពេលកន្លងមក។ ឯកឧត្តម បានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ ដៃគូសន្ទនា និងភាគីពាក់ព័ន្ធផ្សេងទៀត ដែលបានជួយធ្វើឱ្យ MRC សម្រេចបាននូវសមិទ្ធផលធំៗជាច្រើនរហូតមកដល់ពេលនេះ ក្នុងកិច្ចប្រឹង ប្រែង និងកិច្ចសហប្រតិបត្តិការតំបន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងអាងទន្លេ មេគង្គ។
កិច្ចប្រជុំនេះដែរ ក៏មានចូលរួមពីសមាជិកក្រុមប្រឹក្សា MRC ថ្នាក់រដ្ឋមន្រ្តីនៃប្រទេសជាសមាជិក MRC រួមមាន៖ កម្ពុជា ឡាវ ថៃ និងវៀតណាម តំណាងប្រទេសដៃគូអភិវឌ្ឍន៍ តំណាងប្រទេសដៃគូសន្ទនា (ចិន និងមីយ៉ាន់ម៉ា) តំណាងនៃអង្គការតំបន់និងអន្តរជាតិ និងមន្រ្តីលេខាធិការដ្ឋានMRC។ កិច្ចប្រជុំនេះ នឹងពិនិត្យ ពិភាក្សាលើវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍អាង និងផែនការយុទ្ធសាស្រ្តរបស់ MRC ឆ្នាំ២០១៦-២០២០ និងការរៀបចំបន្តសម្រាប់ដំណាក់កាលបន្ទាប់, កិច្ចសហប្រតិបត្តិការតំបន់, ការអនុវត្តនីតិវិធីស្តីពីការគ្រប់គ្រងការប្រើប្រាស់ទឹក, ការតាមដានត្រួតពិនិត្យទន្លេ និងកិច្ចការសំខាន់មួយចំនួនទៀត។ កិច្ចប្រជុំ ក៏នឹងពិនិត្យ អនុម័តផែនការការងារ MRC សម្រាប់ឆ្នាំ២០២០-២០២១ និងយុទ្ធសាស្រ្តគ្រប់គ្រងគ្រោះរាំងស្ងួត ឆ្នាំ២០២០-២០២៥។
ឯកឧត្តមរដ្ឋមន្រ្ដីបានគូសបញ្ជាក់ទៀតថា MRC បាននឹងកំពុងរៀបចំយុទ្ធសាស្រ្តអភិវឌ្ឍន៍អាង ឆ្នាំ២០២១-២០៣០ និងផែនការយុទ្ធសាស្រ្តរបស់ខ្លួន ឆ្នាំ២០២១-២០២៥ ក្នុងគោលបំណងដើម្បីរួមចំណែក និងសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ ដូចដែលបានដាក់ចេញក្នុងសេចក្តីថ្លែងការណ៍ក្រុងសៀមរាបដែលប្រមុខរដ្ឋាភិបាលនៃប្រទេសជាសមាជិក កម្ពុជា ឡាវ ថៃ និងវៀតណាម បានអនុម័តក្នុងកិច្ចប្រជុំកំពូលMRC លើកទី៣ ក្នុងខែមេសា ឆ្នាំ២០១៨កន្លងមក នៅខេត្តសៀមរាប។ ឯកឧត្តមក៏ បានស្នើដៃគូ និងភាគីពាក់ព័ន្ធ បន្តជួយគាំទ្រ និងសហការក្នុងដំណើរការឆ្ពោះទៅគោលដៅនេះ ឱ្យទទួលបានជោគជ័យ៕