នាវាទេសចរណ៍ SUN PRINCESS នាំភ្ញៀវទេសចរជិត ២.០០០នាក់ ចូលចតកំពង់ផែសមុទ្រ


ព្រឹកថ្ងៃសុក្រ ២រោច ខែមិគសិរ  ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩នេះ នាវាទេសចណ៍ SUN PRINCESS  បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជិត ២.០០០នាក់ ចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព ដើម្បីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា រយៈពេលមួយថ្ងៃមុននឹងចាកចេញទៅកាន់ប្រទេសថៃ ។

តាមមន្ត្រីប៉ុស្តិ៍ច្រកទ្វារកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានឱ្យដឹងថា នាវា SUN PRINCESS  មានសញ្ជាតិ Bermuda មានបណ្តោយប្រវែង ២៦៤.៣០ម៉ែត្រ ទទឹង ៣២.២០ម៉ែត្រ ជម្រៅទឹក ៨.២០ម៉ែត្រ បាននាំភ្ញៀវទេសចរបរទេសចំនួន ១.៩៧៧នាក់ ស្រី ១.០៦៨នាក់ មាន ២៦សញ្ជាតិ និងមាននាវិកសរុបចំនួន ៨៤៦នាក់ ស្រី ១៣២នាក់ មាន ៥០សញ្ជាតិ។

នាវា SUN PRINCESS បាននាំភ្ញៀវទេសចរបរទេសជិត ២.០០០នាក់ ចាកចេញពីប្រទេសវៀតណាម ចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ កាលពីវេលាម៉ោង៦ និង ៣០នាទី ព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩នេះ ហើយនាវាមានគម្រោងចាកចេញពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នៅវេលាម៉ោង ១៦ល្ងាច ថ្ងៃដដែលឆ្ពោះទៅកាន់ប្រទេសថៃ  ។

ភ្ញៀវទេសចរបរទេសធ្វើដំណើរកម្សាន្តតាមតំបន់រមណីយដ្ឋាននានាក្នុងក្រុងព្រះសីហនុ ទីប្រជុំជនផ្សារ តំបន់មាត់សមុទ្រ និងតំបន់នេសាទទំនប់រលក ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ៕