១១ខែ ឆ្នាំ២០១៩នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធសម្រាប់ថវិកាជាតិ បានជាង២៦០០លានដុល្លារ, មេពន្ធដារណែនាំមន្ត្រីប្រមូលពន្ធ ដោយភាពទន់ភ្លន់តែម៉ឺងម៉ាត់ !


សម្រាប់រយៈពេល ១១ខែឆ្នាំ២០១៩នេះ ចំណូលពន្ធ-អាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ Online របស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ១០,៥២៦.៦៨ ប៊ីលានរៀល (ប្រមាណ ២,៦៣១.៦៧ លានដុល្លារអាមេរិក) ស្មើនឹង ១១៥% នៃផែនការប្រចាំឆ្នាំ។

ប្រសិនបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៨ ឃើញថាចំណូលពន្ធ-អាករសម្រាប់រយៈពេល ១១ខែ ឆ្នាំ២០១៩ កើនឡើងចំនួន ២,២៨១.៨២ ប៊ីលានរៀល (ប្រមាណជា ៥៧០.៤៦ លានដុល្លារអាមេរិក) ស្មើនឹង ២៧.៦៨%។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលបណ្តាញព័ត៌មានទទួលបាននៅថ្ងៃទី១៦ ខែធ្នូនេះ។

ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែវិច្ឆិកា ឆ្នាំ២០១៩ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៦ ខែធ្នូនេះ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានក្រើនរម្លឹកដល់ថ្នាក់ដឹកនាំនិងមន្ត្រីពន្ធដារគ្រប់ជាន់ថ្នាក់ ឱ្យខិតខំប្រឹងប្រែងប្រមូលចំណូលពន្ធ និងបានណែនាំបន្ថែមដល់គ្រប់អង្គភាព ឱ្យបន្តខិតខំពង្រឹងការអនុវត្តច្បាប់ និងវិន័យការងារ ប្រកបដោយប្រសិទ្ធភាព និងត្រូវមានភាពទន់ភ្លន់តែម៉ឺងម៉ាត់ ដោយផ្អែកលើទិដ្ឋភាពច្បាប់ ក្នុងការផ្តល់សេវាជូនអ្នកជាប់ពន្ធនិងការគ្រប់គ្រងប្រមូលចំណូល ជាពិសេសត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួននូវច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ដើម្បីធានាភាពត្រឹមត្រូវ និងភាពសុក្រឹតយុត្តិធម៌។

ដើម្បីធានាបាននូវប្រសិទ្ធភាព ក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធ និងឈានទៅសម្រេចឱ្យលើសផែនការឱ្យបានជាអតិបរិមានោះ អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ថែមទៀត នូវគោលនយោបាយកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ព្រមទាំងដាក់ចេញនូវវិធានការមួយចំនួនដូចខាងក្រោម ៖

* បន្តការសហការជាមួយអង្គភាព និងស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យបន្ថែមលើសកម្មភាពអាជីវកម្មផ្សេងៗ ជាពិសេសអាជីវកម្មលើវិស័យប្រេងឥន្ទនៈ , លក់គ្រឿងសំណង់ និងផលិតថ្នាំជក់ ដើម្បីជំរុញប្រសិទ្ធភាពនៃចំណូលពន្ធជាអតិបរមា ព្រមទាំងចាត់វិធានការបន្ថែមដល់អាជីវកម្មមួយចំនួនដែលព្យាយាមគេចវេះការបង់ពន្ធ។

* ជំរុញការចុះបញ្ជីពន្ធដារ និងធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាសដែលមានក្នុងប្រព័ន្ធគ្រប់គ្រងដែលមានស្រាប់ ដោយបន្តការយកចិត្តទុកដាក់លើការផ្តល់សេវាល្អ និងឆាប់រហ័សជូនអ្នកជាប់ពន្ធ និងចាត់វិធានការឱ្យតឹងរឹងសម្រាប់ការព្យាយាមក្លែងបន្លំ ឬទង្វើទាំងឡាយណាដែលរាំងស្ទះដល់នីតិវិធីនៃការចុះបញ្ជីពន្ធដារ។

*ពង្រឹងការចាត់ចែងលិខិតប្រកាសពន្ធ ដោយយកចិត្តទុកដាក់អនុវត្ត E-VAT System ដែលជាវិធានការចម្បងមួយដើរតួយ៉ាងសំខាន់ក្នុងការប្រមូលចំណូលពន្ធ ក្នុងគោលដៅធ្វើឱ្យប្រសើរឡើង នូវយន្តការបង្វិលសង និងប្រើប្រាស់ឥណទាន អាករលើតម្លៃបន្ថែមតាមប្រព័ន្ធអនឡាញ (E-VAT Refund) សម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែមរបស់អគ្គនាយកដ្ឋានពន្ធដារ ក៏ដូចជាបន្តសម្របសម្រួល និងផ្តល់សេវាគាំទ្រដល់អ្នកជាប់ពន្ធក្នុងការប្រើប្រាស់ ថែមទាំងបន្តបណ្តុះបណ្តាលមន្ត្រីបន្ថែមអំពី VAT Cross Check ដើម្បីធានាបានប្រសិទ្ធភាពការងារ។

* បន្តផ្សព្វផ្សាយការដាក់ឱ្យប្រាស់នូវប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសតាមប្រព័ន្ធអនឡាញ (E-Filing) ដែលនឹងជួយសម្រួលដល់ការចាត់ចែងលិខិតប្រកាសពន្ធរបស់សហគ្រាស ព្រមទាំងចាត់មន្ត្រីពន្ធដារពាក់ព័ន្ធទាំងអស់ដើម្បចូលរួមវគ្គបណ្តុះបណ្តាល ក្នុងន័យធានាបាននូវប្រសិទ្ធភាពនៃការប្រើប្រាស់និងគ្រប់គ្រងប្រព័ន្ធនេះឱ្យបានលទ្ធផលគាប់ប្រសើរ។

* ផ្សព្វផ្សាយការដាក់ឱ្យប្រើប្រាស់កម្មវិធីត្រួតពិនិត្យភាពត្រឹមត្រូវនៃឯកសារដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារ និងតាមដានដំណើរការឯកសារ ដែលបានដាក់ស្នើមកអង្គភាពពន្ធដារ (Checking & Document Tracking App) ដែលមានគោលបំណងសំខាន់ ០២គឺ៖ ១)តាមដានវឌ្ឍនភាពនៃឯកសាររបស់ខ្លួន និង ២) ត្រួតពិនិត្យនិងផ្ទៀងផ្ទាត់សុក្រឹត្យភាពនៃឯកសារគតិយុត្តិនានាដែលចេញដោយរដ្ឋបាលសារពើពន្ធ ថាតើឯកសារពិត ឬក្លែងក្លាយ។

* ជំរុញការធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យនិងសហគ្រាស ឱ្យបានឆាប់រហ័ស ក្នុងន័យបង្កើនប្រសិទ្ធភាពនៃការប្រមូលចំណូលពន្ធឱ្យអស់សក្តានុពល ដូចជាពន្ធលើឈ្នួលដីនិងផ្ទះ និងពន្ធលើអចលនទ្រព្យ ជាដើម។

* បន្តជំរុញការគ្រប់គ្រងប្រមូលបំណុលពន្ធ ដើម្បីធានាបាននូវតម្លាភាពនៃការបង់ពន្ធ បន្ទាប់ពីការកំណត់ពន្ធផ្សេងៗ។

* បន្តលើកកម្ពស់និងបញ្ជ្រាបវប្បធម៍បង់ពន្ធ និងពង្រឹងការអនុវត្តច្បាប់ស្តីពីសារពើពន្ធ។

ឯកឧត្តម គង់ វិបុល បានវាយតម្លៃខ្ពស់ និងថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការពន្ធដារគ្រប់ជាន់ថ្នាក់នៅតាមអង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានពន្ធដារ ដែលបាននិងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការខិតខំប្រឹងប្រែងប្រមូលចំណូល ដែលទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ហើយនេះគឺជាជោគជ័យ និងជាសមិទ្ធផលរួមរបស់អគ្គនាយកដ្ឋានពន្ធដារទាំងមូល ៕