ក្រសួងសាធារណការណែនាំដល់អង្គភាពក្រោមឱវាទចុះត្រួតពិនិត្យស្ថានភាពផ្លូវឲ្យបានញឹកញាប់


ក្រសួងសាធារណការ និងដឹកជញ្ជូន ណែនាំដល់អង្គភាពក្រោមឱវាទទាំងអស់ចុះត្រួតពិនិត្យស្ថានភាពផ្លូវឲ្យបានញឹកញាប់ ដើម្បីដោះស្រាយបញ្ហាផ្លូវខូចឲ្យមានទាន់ពេលវេលា សំដៅសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងបង្ការកើតមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។

ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា គ្រប់មន្ត្រីអង្គភាពក្រោមឱវាទក្រសួងទាំងអស់ ត្រូវយកចិត្តទុកដាក់ពង្រឹងគុណភាពក្នុងការសាងសង់ ជួសជុល និងថែទាំផ្លូវ ចុះត្រួតពិនិត្យស្ថានភាពផ្លូវថ្នល់ឲ្យបានញឹកញាប់ និងចាត់វិធានការដោះស្រាយបញ្ហាផ្លូវខូច ដែលប្រជាពលរដ្ឋបានរាយការណ៍ឲ្យបានឆាប់រហ័ស ទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ថែមទាំងចូលរួមទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលជាមូលហេតុធ្វើឲ្យផ្លូវថ្នល់ទទួលរងការខូចខាតមុនអាយុកាល។

ការណែនាំនេះ ធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍មកកាន់ក្រសួង តាមរយៈកម្មវិធីថែទាំផ្លូវនៅលើប្រព័ន្ធទូរស័ព្ទដៃ (ROAD CARE Mobile App) ថា មានផ្លូវថ្នល់មួយចំនួនកំពុងខូច មានជង្ហុកសំបុកមាន់ ដែលពិបាកធ្វើដំណើរ។

ថ្លែងក្នុងកម្មវិធីបិទយុទ្ធនាការបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសជួសជុលថែទាំផ្លូវ និងកម្មវិធីថែទាំផ្លូវ ដែលធ្វើនៅទីរួមខេត្តបាត់ដំបង កាលពីល្ងាចថ្ងៃទី១៦ ខែធ្នូនេះ ឯកឧត្តម លើកទឹកចិត្តឲ្យមន្ត្រីក្រសួង ក៏ដូចជាប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវរាយការណ៍អំពីជង្ហុកសំបុកមាន់ តាមរយៈកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដើម្បីក្រុមការងាររបស់ក្រសួងអាចចុះមកជួសជុលបានទាន់ពេលវេលា សំដៅបង្ការកុំឲ្យផ្លូវខូចកាន់តែធំ។

យោងតាមរបាយការណ៍របស់នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញថា ផ្លូវជង្ហុកសំបុកមាន់ចំនួន៣១០ករណី ក្នុងចំណោមចំនួន២.៥០៣ករណី ត្រូវបានចុះជួសជុលរួចភ្លាមៗ ខណៈមួយចំនួនទៀត កំពុងសហការដោះស្រាយជាមួយភាគីពាក់ព័ន្ធ ព្រមទាំងដាក់ចូលផែនការដោះស្រាយក្នុងឆ្នាំបន្ទាប់។
សូមបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានកិច្ចសហការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ហៅកាត់ UNDP ប្រចាំនៅកម្ពុជា បានបង្កើតកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App)នេះឡើង សម្រាប់ជាមធ្យោបាយទំនាក់ទំនងរវាងមន្ដ្រីជំនាញបច្ចេកទេសក្នុងវិស័យសាធារណការ និងប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ផ្លូវថ្នល់ ជួយតាមដាន និងរាយការណ៍ពីស្ថានភាពផ្លូវថ្នល់ ដើម្បីឈានទៅលុបបំបាត់ផ្លូវខូច និងជង្ហុកសំបុកមាន់ តាមដងផ្លូវនានានៅទូទាំងប្រទេស៕