សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍សន្យាបន្តបង្កើតការរៀបចំសួនច្បារ និងទីកន្លែងហាត់ប្រាណថ្មីជាច្រើនទៀត ដើម្បីសុខភាពប្រជាពលរដ្ឋ ។ ប្រសាសន៍របស់សម្តេចបានធ្វើក្នុងគេហទំព័រហ្វេសប៊ុកនៅថ្ងៃទី១៥ មករានេះ ជាមួយនឹងប្រសាសន៍លើកទឹកចិត្ត និងជំរុញប្រជាពលរដ្ឋ ចូលរួមហាត់ប្រាណ ជាពិសេសអ្នកដែលមានវ័យកាន់តែចាស់ជរា ។
សម្តេចបានថ្លែងថា ការមានអាហារទទួលទានគ្រប់គ្រាន់ គឺមិនប្រាកដថាមានសុខភាពល្អឡើយ ។ ការហាត់កីឡាជាប្រចាំ គឺដើម្បីសុខភាពល្អ។ សម្តេចបានសន្យាថា រាជរដ្ឋាភិបាលនឹងបន្តបង្កើតរៀបចំសួនច្បារ និងទីកន្លែងហាត់កីឡាអោយបានច្រើនថែមទៀត ដើម្បីប្រជាពលរដ្ឋមានសុខភាពល្អទាំងអស់គ្នា ។
យោងតាមការផ្សាយប៊ីប៊ីស៊ី មនុស្សដែលមិនហាត់ប្រាណនៅស្រណុកស្រួលមិនធ្វើអ្វីសោះ គឺមានចំនួនស្លាប់ទ្វេដងជាងអ្នកដែលធាត់ដុះពោះ ។ របាយការណ៍ស្រាវជ្រាវពីសកលវិទ្យាល័យ Cambridge នៃប្រទេសអង់គ្លេស បានអោយដឹងថា ជារៀងរាល់ឆ្នាំចំនួនមនុស្សស្លាប់ដែលមិនហាត់ប្រាណនិងមិនធ្វើអ្វីសោះ មានចំនួន ៦សែន ៧ម៉ឺន ៦ពាន់នាក់ ក្នុងមួយឆ្នាំៗ… បើប្រៀបធៀបនឹងអ្នកស្លាប់ដោយសារធាត់ និងឡើងទម្ងន់មានចំនួនប្រមាណ ៣សែន ៣ម៉ឺន៧ពាន់នាក់ ។
សេចក្តីរាយការណ៍ បានស្នើសូមអោយមនុស្សម្នាក់ៗដើរយ៉ាងហោច ២០នាទី ក្នុងមួយថ្ងៃៗដើម្បីប្រយោជន៍នៃសុខភាព។ ក្រុមអ្នកជំនាញនិយាយថា មានតែការហាត់ប្រាណទេដែលជួយសុខ ភាពមនុស្សទោះមនុស្សនោះឡើងទម្ងន់ក៏ដោយ ។