ក្រសួងកសិកម្ម និងស្ថានទូតចិន ប្រកាសពីការអនុញ្ញាតឲ្យរោងម៉ាស៊ីនកិនស្រូវកម្ពុជា១៨បន្ថែមទៀត អាចនាំចេញអង្ករទៅកាន់ប្រទេសចិន


ឯកឧត្តម វេង សាខុន រដ្ឋមន្ដ្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសជាផ្លូវការ រោងម៉ាស៊ីនកិនស្រូវ ចំនួន១៨បន្ថែមទៀត ត្រូវបានអនុញ្ញាតឲ្យនាំចេញអង្ករ ទៅកាន់ប្រទេសចិន។

ពិធីនេះ ក៏មានការចូលរួមពីលោក Wu Guoquan តំណាងស្ថានទូតចិន លោក លោកស្រី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវ-អង្ករកម្ពុជា និងវិស័យឯកជនប្រមាណ២០០នាក់។ ពិធីនេះ បានរៀបចំធ្វើឡើង នៅទីស្តីការក្រសួងកសិកម្ម។

ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានអានមតិស្វាគមន៍ និងរាយការណ៍ជូនអង្គពិធីជ្រាប ដោយសង្ខេបអំពីសារ បានដែលនាំឲ្យកម្ពុជា សម្រេចទទួលបានលទ្ធផលនាំចេញអង្ករ ទៅកាន់ទីផ្សារចិន។

ឯកឧត្តម ងិន ឆាយ បានបន្ថែមថា ជាពិសេសថ្មីៗនេះ ភាគីចិន បានឯកភាពអនុញ្ញាតឲ្យរោងម៉ាស៊ីនកិនស្រូវ ចំនួន១៨បន្ថែមទៀត នាំអង្ករចេញទៅកាន់ទីផ្សារចិន ដែលសរុបមកទល់ពេលនេះ មានសហគ្រាស និងរោងម៉ាស៊ីន កិនស្រូវចំនួន៤៤ ហើយដែលមានលទ្ធភាពនាំចេញអង្ករទៅកាន់ទីផ្សារចិន។

នាឱកាសនេះ លោក Wu Guoquan បានចូលរួមអបអរសាទរ ចំពោះរោងម៉ាស៊ីនកិនស្រូវទាំង១៨ និងបានវាយតម្លៃខ្ពស់ ចំពោះអគ្គនាយកដ្ឋានកសិកម្ម ក្រសួង និងស្ថាប័នពាក់ព័ន្ធ ដែលបានចូលរួមធ្វើឲ្យយើងសម្រេច ទទួលបានលទ្ធផលយ៉ាងគាប់ប្រសើរនាថ្ងៃនេះ។

លោក Wu Guoquan បានបញ្ជាក់ថា លទ្ធផលនេះ គឺស្របតាមគោល នយោបាយរបស់រដ្ឋាភិបាលទាំងពីរ បានដាក់ចេញគឺការពង្រឹង និងពង្រីកចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហការគ្នា គ្រប់កាលៈទេសៈតាមរយៈការពង្រឹង និងពង្រីកវិស័យកសិកម្ម និងសេដ្ឋកិច្ច។

ជាមួយគ្នានោះ លោក Wu Guoquan បានសង្កត់ធ្ងន់ថា ទីផ្សារចិនមានសក្តានុពល សម្រាប់កសិផលកម្ពុជា មិនមែនតែអង្ករ ប៉ុន្តែដំឡូងមី ម្រេច ស្វាយ ស្វាយចន្ទី ត្រី កៅស៊ូ ដូង និងកសិផលផ្សេងៗទៀត ហើយទាំងអស់នេះ គឺជាឱកាសដ៏ប្រសើរ សម្រាប់កសិករកម្ពុជា នាពេលអនាគត។

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានសម្តែងនូវអំណរសាទរ ជូនចំពោះរោងម៉ាស៊ីនកិនស្រូវទាំង១៨ ដែលបានទទួលគោលការណ៍ ពីអគ្គរដ្ឋបាលគយចិន អនុញ្ញាតឲ្យនាំអង្ករចេញទៅកាន់ទីផ្សារចិន ហើយភ្ជាប់ទៅនឹងលទ្ធផល ដែលយើងសម្រេចនាពេលនេះ គឺបានមកពីការខិតខំប្រឹងប្រែងសហការ និងឧបត្ថម្ភគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ។

ឯកឧត្តមរដ្ឋមន្ត្រីកសិកម្ម បានរំលេចជូនអង្គពិធីបានឃើញច្បាស់ថា យើងអាចឈានមកដល់ចំណុចនេះ គឺបានមកពីកិច្ចសហការយ៉ាងជិតស្និទ របស់អគ្គរដ្ឋបាលគយចិន និងស្ថានទូតចិន ប្រចាំនៅកម្ពុជា ដែលបានបង្កលក្ខណៈល្អប្រសើរ ធ្វើយ៉ាងណាជំរុញឲ្យផលិតផលអង្ករកម្ពុជា អាចនឹងនាំចេញទៅកាន់ទីផ្សារចិនគ្រប់តាមកូតា៤០ម៉ឺនតោនក្នុងមួយឆ្នាំ ស្របតាមសុឆន្ទៈរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ដើម្បីឈានទៅសម្រេចកូតានេះបាន ឯកឧត្តមរដ្ឋមន្ដ្រី វេង សាខុន បានផ្ញើក្តីសង្ឃឹម និងជឿជាក់លើក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ វិស័យឯកជន និងសហគមន៍កសិកម្ម នឹងបន្តចូលរួមសហការឲ្យបានល្អ ដើម្បីជួយជំរុញការនាំចេញមាសស ឲ្យទទួលបានជោគជ័យតាមគោលដៅរំពឹងទុក។

ទន្ទឹមគ្នានោះ ឯកឧត្តមរដ្ឋមន្ដ្រី វេង សាខុន បានណែនាំឲ្យអ្នកផលិត ក៏ត្រូវក្លាយខ្លួនចេញពី «កសិករ» ទៅជា «កសិ-ពាណិជ្ជករ» ដើម្បីទទួលបានបច្ចេកវិទ្យាទំនើប ទាន់សម័យសមស្រប មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងការអនុវត្តកសិកម្មតាមកិច្ចសន្យា ដែលនាំដល់ការបង្កើនសមត្ថភាពផលិត តម្លៃបន្ថែមធានាបរិមាណគុណភាព និងស្តង់ដារទីផ្សារនាំចេញ។

ឯកឧត្តមរដ្ឋមន្ដ្រី វេង សាខុន បានបន្ថែមទៀតថា រោងម៉ាស៊ីនកិនស្រូវ ត្រូវលើកកម្ពស់សមត្ថភាពកែច្នៃ ធ្វើយ៉ាងណាធានាបានគុណភាព និងស្តង់ដារតម្រូវនៃទីផ្សារនាំចេញ ពិសេសបទដ្ឋាន SPS។

ក្រៅពីនេះ ឯកឧត្តមរដ្ឋមន្រ្តីកសិកម្ម បានផ្តល់ការណែនាំដល់អគ្គនាយកដ្ឋានកសិកម្ម និងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ពិនិត្យឡើងវិញនៅប្រភេទពូជ ដែលមានតម្រូវការទីផ្សារ និងដាក់ទិសដៅជំរុញ ការផលិតពូជទាំងនោះ ហើយត្រូវកំណត់ឈ្មោះសមស្រប ដោយមិនត្រូវបង្កើតឈ្មោះច្រើន ដែលនាំឲ្យមានការភ័ន្តច្រឡំប្រភេទពូជ។

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ក៏សង្ឃឹមផងដែរថា ភាគីចិននឹងបន្តជំរុញពន្លឿន ការចរចានូវប្រភេទមុខដំណាំដទៃទៀត ដែលកំពុងមានសក្តានុពលនាំចេញ ដើម្បីធានាដល់ទីផ្សារនៃការផលិត និងកំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ៕