ឯកឧត្តម ចាន់ សុីណាត បានអញ្ជើញដឹកនាំក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យ ទីតាំងភូមិសាស្រ្តអនុវត្តគម្រោង ADB ក្នុងខេត្តតាកែវ


នៅថ្ងៃចន្ទ ១២រោច ដល់ថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ចាន់ សុីណាត អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោង PMU-ADB and WB MOWRAM បានអញ្ជើញដឹកនាំក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម មន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ និងជំនាញការ ADB ប្រចាំក្រសួងធនធានទឹក និងឧតុនិយម ធ្វើការចុះពិនិត្យ ទីតាំងភូមិសាស្រ្តអនុវត្តគម្រោង ADB Climate Friendly Agri-Business Value Chain (CFAVC) ក្នុងខេត្តតាកែវ ដែលបានដាក់ស្នើមក PMU-ADB ចំនួន ១២គម្រោង។ ការចុះពិនិត្យនេះបានប្រព្រឹត្តទៅដូចខាងក្រោម ៖

១- ប្រព័ន្ធធារាសាស្រ្តទំនប់ព្រៃក្តួច ក្នុងឃុំត្រពាំងក្រញ៉ូង ស្រុកត្រាំកក់
២- ប្រព័ន្ធធារាសាស្រ្តទំនប់ក្រាំងអំពិល ក្នុងឃុំត្រពាំងក្រញ៉ូង ស្រុកត្រាំកក់
៣- ប្រព័ន្ធធារាសាស្រ្តស្តុកសាប ក្នុងឃុំសម្រោង ស្រុកត្រាំកក់
៤- ប្រព័ន្ធធារាសាស្រ្តត្រពាំងខន ក្នុងឃុំត្រពាំងធំ ស្រុកត្រាំកក់
៥- ស្រះទឹក ០១កន្លែង ក្នុងឃុំត្រពាំងធំត្បូង ស្រះទឹក ០៣កន្លែង ក្នុងឃុំគុស និងស្រះទឹក ០១កន្លែងទៀត ក្នុងឃុំសម្រោង ដែលស្រះទឹក ទាំងនេះស្ថិតក្នុងស្រុកត្រាំកក់

ការចុះពិនិត្យជាក់ស្តែងរបស់ ឯកឧត្តមអនុរដ្ឋលេខាធិការ នាពេលនេះគឺក្នុងបំណងជម្រុញឲ្យបានឆាប់លើការអនុវត្តគម្រោង ADB CFAVC លើវិស័យទឹក ដែលក្នុងនោះក្រសួងធនធានទឹក និងឧតុនិយមត្រូវធ្វើការអនុវត្តឲ្យសម្រេចបានជោគជ័យលើបណ្តាការងារដូចខាងក្រោម ៖

– ធ្វើការជួសជុលស្តារឡើងវិញលើប្រព័ន្ធធារាសាស្ត្រ ចំនួនពី ២៧ ដល់ ៣២កន្លែង ក្នុង ០៤ខេត្តខេត្តតាកែវ ខេត្តកំពត ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដោយផ្អែកតាមសណ្ឋានការជាក់ស្តែងនៃការប្រែប្រួលលើទីផ្សារ និងSDR
– ពិនិត្យធ្វើការចាត់ថ្នាក់លើផលប៉ះពាល់ដីធ្លី បរិស្ថាន និងធ្វើការកំណត់ខ្នាតឲ្យបានត្រឹមត្រូវតាមការកំណត់របស់ ADB ក្នុងគម្រោងមួយនេះ
– ធ្វើការកំណត់ឲ្យបានច្បាស់លាស់លើដែនយុត្ថាធិការរបស់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងការអនុវត្តគម្រោងADB មួយនេះ ជៀសវាងការរាំងស្ទះណាមួយដែលកើតឡើងជា យថាហេតុ។ ដែលក្រសួងធនធានទឹក និងឧតុនិយម នឹងធ្វើការអនុវត្តលើការជីកស្រះចំនួន ៨០០កន្លែង រួចបំពាក់នូវការធ្វើទំនើបកម្មលើប្រព័ន្ធធារាសាស្រ្តដោយប្រើទឹកតិច ជូនខេត្តគោលដៅចំនួន០៤ គឺ ខេត្តតាកែវ ខេត្តកំពង់ចាម ខេត្តកំពត និងខេត្តត្បូងឃ្មុំ។

សូមបញ្ជាក់ជូនថាការអនុវត្តគម្រោងខាងលើមានការពន្យារពេលជិត ០២ឆ្នាំ ព្រោះតែការចាត់ការមិនតាន់តាមសភាពការ និងពុំច្បាស់ការលើនិតិវិធីអនុវត្តការងារគម្រោងពីសំណាក់អង្គភាពពាក់ព័ន្ធមួយចំនួនតូច។

ក្នុងពេលនេះ ឯកឧត្តមអនុរដ្ឋលេខាធិការបានធ្វើការកំណត់បានច្បាស់លាស់អស់ហើយលើនិតិវិធីអនុវត្តការងារវិស័យទឹក និងពីដែនយុត្ថាធិការរបស់វិស័យទឹកដែលកំណត់ដោយច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ជូនជំនាញការ ADB ប្រចាំក្រសួង ទទួលបានច្បាស់ ហើយត្រូវតែធ្វើការបេ្តជ្ញាចិត្តមុតស្រួចទៅមុខអនុវត្តឲ្យខាងបានលើវិស័យទឹកក្នុងគម្រោង ADB CFAVCនេះ ជៀសវាងជាន់ភារៈកិច្ចនាំឲ្យស្ទះការងារ ៕