ឯកឧត្តម សេង ទៀង និងភរិយា នាំយកអំណោយសម្ដេចតេជោ ហ៊ុន សែន ផ្ដល់ជូនគ្រួសារកូនភ្លោះ៣ នៅខេត្តសៀមរាម


(សៀមរាប)៖ ឯកឧត្តម សេង ទៀង ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងភរិយា នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយសប្បុរធម៌របស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនគ្រួសារកូនភ្លោះ០៣នាក់ នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ (មន្ទីរពេទ្យគន្ធបុប្ផា) ខេត្តសៀមរាប។

អំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានប្រគល់ជូន រួមមាន៖ អង្ករ ២០០គីឡូក្រាម, ស្កសរ១៥គីឡូក្រាម, ទឹកដោះគោម្សៅ១កេសធំ, សារុង០២, ក្រម៉ា០២ និងថវិកា៥លានរៀល។ កូនភ្លោះ៣នាក់ ដែលបានប្រសូត្រ នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧នេះ បានក្លាយជាចៅៗ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

ឯកឧត្តម សេង ទៀង បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសគឺសុខទុក្ខអ្នកដែលសម្រាលបានកូនភ្លោះ៣ មិនតែប៉ុណ្ណោះ សម្តេចបានចាត់ទុកកូនភ្លោះ៣នេះ ជាចៅសម្តេចថែមទៀតផង។

ជាមួយគ្នានោះដែរ ឯកឧត្តម សេង ទៀង ក៏បានណែនាំឲ្យក្រុមគ្រួសារកូនភ្លោះទាំង៣នេះ ត្រូវថែរក្សាសុខភាពឲ្យបានល្អ។

សូមបញ្ជាក់ថា គ្រួសារប្រជាពលរដ្ឋ ដែលសម្រាលបានកូនភ្លោះ៣នោះ ម្ដាយឈ្មោះ សាយ ស៊ីន អាយុ២៦ឆ្នាំ មុខរបរមេផ្ទះ និងប្ដីឈ្មោះ ហាប់ ដែន មុខរបរកម្មករ ដែលរស់នៅភូមិថ្មី ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប និងសម្រាលនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ នៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប។ នេះជាគ្រួសារកូនភ្លោះ៣ លើកទី៣៥៤ហើយ ដែលទទួលបានអំណោយរបស់សម្ដេចតេជោ។

ក្នុងឱកាសនោះ ឯកឧត្តម សេង ទៀង ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន៥០០ដុល្លារ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាបផងដែរ៕