ពលរដ្ឋឃុំស្អាងភ្នំ ខេត្តកណ្ដាល ចូលរួមអបអរសាទរខួបទី៤១ ថ្ងៃជ័យជម្នះ៧មករា និងប្រកាសអរគុណសន្ដិភាព


(កណ្ដាល)៖ ប្រជាពលរដ្ឋឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល នៅរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ បានចូលរួមអបអរសាទរខួបទី៤១ នៃថ្ងៃជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២០) ដែលលុបបំបាត់ចោលទាំងស្រុង របបប្រល័យពូជសាសន៍ ប៉ុល ពត។

ពិធីអបអរសាទរនេះ ត្រូវបានធ្វើឡើងក្រោមវត្តមាន ឯកឧត្តម អ៊ាវ ចំរើន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានឃុំស្អាងភ្នំ និងមានការចូលរួមពី អនុប្រធាន សមាជិក សមាជិកា អាជ្ញាធរភូមិ-ឃុំ ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងកងកម្លាំង ព្រមទាំងក្រុមការងារយុវជនផងដែរ។

បន្ទាប់ពីបានស្តាប់សាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជារួច ប្រជាពលរដ្ឋក៏បានយល់ជ្រួតជ្រាបអំពីតម្លៃ នៃសន្តិភាព តាំងចិត្តប្តេជ្ញាការពារសន្តិភាព និងសូមអរគុណសន្តិភាព ដែលនាំឲ្យមានថ្ងៃនេះថែមទៀត។

ជាមួយគ្នានេះ ឯកឧត្តម អ៊ាវ ចំរើន បានបញ្ជាក់ថា ទិវាជ័យជម្នះ ថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ គឺជាសច្ចភាព នៃជ័យជម្នះរបស់កងទ័ពតស៊ូ ក្រោមការដឹកនាំដោយសម្ដេច ជា ស៊ីម, សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចពញាចក្រី ហេង សំរិន ក្នុងការរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដឹកនាំរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដែលបានសម្លាប់ជាតិសាសន៍ឯង យ៉ាងរង្គាលព្រៃផ្សៃបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តពិភពលោក។

ឯកឧត្តម អ៊ាវ ចំរើន បានអះអាងទៀតថា ៧ មករា គឺជាកំណើតទី២ នៃពលរដ្ឋខ្មែរ និងជាដើមកំណើតនៃសន្តិភាពពិតប្រាកដ សម្រាប់កម្ពុជាទាំងមូល។ ដូច្នេះបងប្អូនជនរួមជាតិ ត្រូវអរគុណសន្តិភាព ចូលរួមថែរក្សា ការពារសន្តិភាព សម្រាប់ប្រទេសជាតិយើងទាំងអស់គ្នា។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ សូមរក្សានូវប្រពៃណី សាមគ្គីភាព ឯកភាពជា ក្រោមដំបូលនៃសុខសន្តិភាព៕