កម្ពុជាទាក់ទាញការវិនិយោគផ្ទាល់បរទេសនូវប្រាក់ ៣៥០០លានដុល្លារ កើន ១២ភាគរយ, ចិនវិនិយោគនៅកម្ពុជាច្រើនជាងគេ


ស្ថានទូតចិនប្រចាំកម្ពុជានៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩នេះ បានដកស្រង់តួលេខចេញពីរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ដែលបានចេញផ្សាយ កាលពីពេលថ្មីៗនេះថា នៅក្នុងឆ្នាំ២០១៩ កម្ពុជាបានទាក់ទាញការវិនិយោគផ្ទាល់បរទេស (FDI) មានចំនួនទឹកប្រាក់ ៣៥០០លានដុល្លារសហរដ្ឋអាមេរិក ដែលមានកំណើន ១២% បើធៀបនឹងឆ្នាំ២០១៨។

ក្នុងចំណោមការវិនិយោគទាំងអស់ ប្រទេសចិនបាននាំមុខគេ ដែលវិនិយោគច្រើននៅកម្ពុជា ដែលកាន់កាប់ចំណែករហូតដល់ជាង ៤០ភាគរយ។

ស្ថានទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ទាំងស្រុងយ៉ាងដូច្នេះថា «តាមរបាយកាណ៍តួលេខ ដែលចេញដោយធនាគារជាតិកម្ពុជា ក្នុងរយៈពេលថ្មីៗនេះបានឲ្យដឹងថា ក្នុងឆ្នាំ២០១៩ កម្ពុជាបានទាក់ ទាញការវិនិយោគផ្ទាល់បរទេស (FDI) មានចំនួនទឹកប្រាក់សរុប ៣៥០០លានដុល្លារសហរដ្ឋអាមេរិក ដែលមានកំណើន ១២%បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៨។ ក្នុងនោះប្រទេសចិន ជាប្រទេសដែលបានវិនិយោគបរទេសធំជាងគេ នៅក្នុងប្រទេសកម្ពុជា ដែលមានចំនួន៤៣% នៃចំនួនសរុបវិនិយោគផ្ទាល់បរទេស»។

សូមជម្រាបថា កាលពីពេលថ្មីនេះនេះ ធនាគារជាតិនៃកម្ពុជា ចេញផ្សាយនូវរបាយការណ៍ថ្មី ដែលមានឈ្មោះថា «វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០១៩ និងទស្សនវិស័យ ឆ្នាំ២០២០» ដែលរបាយការណ៍នេះ បានបញ្ជាក់ថា នៅឆ្នាំ២០១៩ លំហូរទុនវិនិយោគផ្ទាល់ពីបរទេស នៅកម្ពុជាមានជាង ៣៥០០លានដុល្លារ ក្នុងនោះវិស័យហិរញ្ញវត្ថុ ចំនួន១២០៣លានដុល្លារ និងវិស័យមិនមែនហិរញ្ញវត្ថុ ចំនួន២៣៨៩លានដុល្លារ។

លំហូរទុនវិនិយោគផ្ទាល់ពីបរទេសបែងចែកតាមប្រទេសរួមមាន៖ ប្រទេសចិនមានចំណែក ៤៣ភាគរយ, ប្រទេសកូរ៉េខាងត្បូង ១១ភាគរយ, ប្រទេសវៀតណាម ៧ភាគរយ, ប្រទេសសិង្ហបុរី ៦ភាគរយ, ប្រទេសជប៉ុន ៦ភាគរយ និងប្រទេសផ្សេងៗចំនួន២៧ភាគរយ។

សូមជម្រាបថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន តែងតែប្រកាសស្វាគមន៍រាល់គម្រោងវិនិយោគបរទេស នៅក្នុងប្រទេសកម្ពុជា ជាមួយការសន្យា ប្រឹងប្រែងជួយឲ្យបរិយាកាសវិនិយោគទាំងនោះកាន់តែល្អប្រសើរ ខណៈប្រទេសកម្ពុជា ត្រូវបានមើលឃើញថា ពោរពេញដោយសក្តានុពលសម្រាប់ការវិនិយោគ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចសូមធានាជូនវិនិយោគិនគ្រប់រូប នូវបរិស្ថានអនុគ្រោះ និងការគាំទ្រដល់ការវិនិយោគ ជាពិសេសធានារក្សានូវសន្ដិភាព សន្ដិសុខ និងស្ថិរភាពនយោបាយ ក៏ដូចជាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងក្របខ័ណ្ឌច្បាប់ និងស្ថាប័ន ប្រកដោយប្រសិទ្ធិភាព, តម្លាភាព និងគណនេយ្យភាព៕