( ភ្នំពេញ)៖ រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ បង្កើតអនុគណៈកម្មាធិការជំនួយសង្គម ដែលជាសេនាធិការរបស់គណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិ គាំពារសង្គម។ អនុគណៈកម្មាធិការជំនួយសង្គម ដែលទើបបង្កើតថ្មីនេះ មានសមាសភាព ១៦រូប ដឹកនាំដោយរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយមានអនុប្រធាន ២រូប ជាតំណាងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម ព្រមទាំងសមាជិក ជាតំណាងក្រសួងជាច្រើនទៀត។
តាមអនុក្រឹត្យ អនុគណៈកម្មាធិការជំនួយសង្គម មានតួនាទី និងភារកិច្ច ដឹកនាំសម្របសម្រួលការងារបច្ចេកទេស ដើម្បីគាំទ្រដល់ការបំពេញមុខងាររបស់គណៈកម្មាធិការប្រតិបត្តិ ដូចខាងក្រោម៖
-គាំទ្រដល់ការដឹកនាំសម្របសម្រួលការអនុវត្តកម្មវិធីជំនួយសង្គម ស្របតាមក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម
-សិក្សាស្រាវជ្រាវ និងដកស្រង់បទពិសោធន៍ពីបណ្តាប្រទេសនានា អំពីប្រព័ន្ធជំនួយសង្គម
-រៀបចំផែនការអប់រំ ផ្សព្វផ្សាយ និងលើកកម្ពស់ចំណេះដឹងដល់ប្រជាពលរដ្ឋអំពីប្រព័ន្ធជំនួយសង្គម
-គាំទ្រដល់ការតាមដាន ត្រួតពិនិត្យការអនុវត្ត និងវាយតម្លៃវឌ្ឍនភាពនៃការអភិវឌ្ឍប្រព័ន្ធជំនួយសង្គម
-សម្របសម្រួល និងរៀបចំរបាយការណ៍វឌ្ឍនភាពការងារប្រព័ន្ធជំនួយសង្គម ជូនគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម
-សិក្សាអំពីលទ្ធភាពក្នុងការរៀបចំបង្កើតប្រតិបត្តិការជំនួយសង្គម
-អនុវត្តភារកិច្ចផ្សេងៗទៀត តាមការប្រគល់ជូនពីប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម និងប្រធានគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម៕